បទយកការណ៍ / បទសម្ភាសន៍
ក្រីក្រ​មិនមែនជា​ឧបសគ្គ ក្នុងការ​សិក្សា​ទទួលបាន​និទ្ទេស​Aនោះទេ
17, Sep 2015 , 3:16 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ជា​សិស្ស​នៅ​ជនបទ​ចុងកាត់មាត់ញក កញ្ញា ប្រ​សិត លក្ខណា ជា​សិស្ស​នៅ​វិទ្យាល័យ​ថ្មគោល ស្ថិតក្នុង​ស្រុក​ថ្មគោល ខេត្តបាត់ដំបង ដែល​ទទួលបាន​និទ្ទេស A ក្នុងសម័យ​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ។ ទទួលបាន​និទ្ទេស​A មិនមែនជា​ការងាយស្រួល​ប៉ុន្មាន​ទេ តែ​កើតឡើង​ពី​ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ​យ៉ាង​យកចិត្តទុកដាក់​បំផុត។ ហើយ​បញ្ហា​ជីវភាព​មិនបាន​ក្លាយជា​ឧបសគ្គ​ដែល​ធ្វើ​ឲ្យ​កញ្ញា​ទទួលជោគជ័យ ក្នុងការ​សិក្សា​នោះទេ។



តទៅ​នេះ​សូម​ស្តាប់​បទ​យកការណ៍​រប​ស់លោក រ៉ឹ​ម ភា​រី៖


 
កញ្ញា ប្រ​សិត លក្ខណា ជា​សិស្ស​ទទួលបាន​និទ្ទេស​A នៅ​ឆ្នាំនេះ បាន​សម្តែង​ការសប្បាយរីករាយ​ចំពោះ​លទ្ធផល​ដ៏​ល្អ​របស់​នាង។ និទ្ទេស​A គឺជា​ក្តី​ស្រ​ម៉ៃ របស់​សិស្ស​គ្រប់រូប​ប្រាថ្នា​ចង់បាន ប៉ុន្តែ​មិនមែន​ងាយស្រួល​ទទួលបាន​នោះទេ គឺ​ទាមទារ​ឲ្យ​មាន​ការខិតខំ​ប្រឹងប្រែង​ខ្លាំង និង​អត់ធ្មត់​ក្នុងការ​សិក្សា។ ហើយ​បញ្ហា​ជីវភាព​ក្រីក្រ​គ្មាន​លទ្ធភាព មិនជា​បញ្ហា​ធំ​ក្នុងការ​សិក្សា​នោះទេ តែ​ឆន្ទៈ​មុះ​មុត និង​ការព្យាយាម​ឲ្យ​អស់ពី​លទ្ធភាព​ក្នុង​សិក្សា គឺជា​ឱសថ​យ៉ាង​សក្តិ​សិទ្ធ ធ្វើ​ឲ្យ​នាង​ទទួលបាន​ជោគជ័យ។ 
 
កើត​ក្នុង​គ្រូ​សារ​ជា​អ្នកធ្វើ​ស្រែចំការ ឪពុក​ជា​គ្រូបង្រៀន ម្តាយ​ជា​នាយិកា​សាលាបឋមសិក្សា មាន​ជីវភាព​មិនជា​មានបាន​ប៉ុន្មាន​នោះទេ។ ទោះបី​ប្រាក់ខែ​ឪពុកម្តាយ​តិច មិនមាន​សម្ភារៈ​ទំនើប​ប្រើប្រាស់ រៀន​នៅ​សាលា​ជនបទ ខ្វះ​គ្រូបង្រៀន ខ្វះ​សម្ភារៈ​សិក្សា និង​តម្រូវការ​មួយចំនួន​ក៏ដោយ តែ​វា​មិនមែនជា​រនាំង​រារាំង​គោលបំណង​របស់​យើង​នោះទេ។ យុវជន​វ័យ១៨ឆ្នាំ​រូបនេះ​អះអាងថា បើទោះបីជា​គ្រូ​សារ​កញ្ញា​ជា​អ្នកក្រ​តែ​ការជំរុញ​ពី​គ្រួសារ​គឺជា​គន្លឹះ​ធ្វើ​ឲ្យ​នាង​ទទួលបាន​ការសិក្សា​ល្អ«ថ្វីដ្បិតតែ​គ្រួសារ​ខ្ញុំ​ក្រីក្រ ប៉ុន្តែ​គាត់​ជំរុញ​ខ្ញុំ​ឲ្យ​ខំរៀន គាត់​ថា​ការសិក្សា​គឺជា​ការសំខាន់​សម្រាប់កូនៗ ទោះបីជា​គាត់​ទទួលបាន​ប្រាក់ខែ​មិន​ច្រើន តែ​គាត់​ជំរុញ​ឲ្យ​កូន​សិក្សា ហើយ​ខ្ញុំ​ទទួលបាន​កម្លាំង​ចិត្តច្រើន​ពី​គ្រួសារ»។ 
 
មាន​ស្រុកកំណើត នៅ​ភូមិ​តា​សី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង កញ្ញា​ប្រ​សិត លក្ខណា ឲ្យ​ដឹងថា កម្លាំងចិត្ត​ពី​គ្រួសារ​ជា​រឿង​មួយ តែ​អ្វីដែល​ធ្វើ​ឲ្យ​កញ្ញា ទទួលបាន​និទ្ទេស A នៅ​ឆ្នាំនេះ គឺ​ការព្យាយាម​រៀន​ដោយ​ខ្លួនឯង និង​បាទ​ទួលបាន​ការណែនាំ​ពី​គ្រូបង្រៀន។ ហើយគ​ន្លិះ​ដែល​សំខាន់​នោះ​គឺ​ការរៀបចំ​កាលវិភាគ​ដើម្បី​រៀន​ឲ្យ​បាន​ទៀងទាត់។ ការគោរព​កាលវិភាគ វា​ពិបាក តែបើ​យើង​ចង់​ទទួលបាន​លទ្ធ​ល្អ គឺ​ត្រូវតែ​ធ្វើ​ឲ្យ​បាន។ លើសពីនេះ ការ​រាប់អាន​មិត្តភក្តិ​ដោយ​មិន​រើសអើង ក៏​ជា​រឿង​មិនអាច​មើលរំលង​បាន។ កញ្ញា​ចាត់ទុក មនុស្ស​នៅ​ជុំវិញខ្លួន​គឺជា​គ្រូ និង​ជា​អ្នកផ្តល់​គំនិត។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការស្រាវជ្រាវ​ឯកសារ​គឺជា​គ​ន្លិះ នៃ​អភិវឌ្ឍន៍​ការសិក្សា​របស់​នាង​បាន​យ៉ាងច្រើន។ ជា​កូនច្បង​ក្នុងចំណោម​បងប្អូន​ពីរ​នាក់ លក្ខណា បាន​ផ្ញើ​សារ​ទៅដល់ប្អូនៗជំនាន់​ក្រោយ ឲ្យ​ខិតខំ​រៀនសូត្រ ព្រោះ​មានតែ​ការសិក្សា​តែមួយ​ប៉ុណ្ណោះ ទើប​ធ្វើ​ឲ្យ​អនាគត​យើង​ល្អប្រសើរ។ ហើយ​មិនត្រូវ​ឈ្លក់​វង្វេង​ជាមួយ​សម្ភារៈ​និយម​ហួស​ហេតុដែល​អាចធ្វើ​ឲ្យ​យើង​បរាជ័យ​ក្នុងការ​សិក្សា​នោះទេ «បង​ចង់​ផ្តាំប្អូនៗថា យើង​ត្រូវ​ខំរៀន ព្រោះ​គ្រួសារ​យើង គ្រួ​យើង និង​អ្នក​នៅ​ជុំវិញខ្លួន​របស់​យើង ចង់ឃើញ​យើង​ទទួលបាន​លទ្ធផល​ល្អ។ ហើយ​ត្រូវ​បែងចែក​ការសប្បាយ និង​ការសិក្សា​ឲ្យ​បានច្បាស់លាស់ មិនត្រូវ​ឲ្យ​សម្ភារៈ​ទំនើប​អូសទាញ​យើង​នោះទេ»។
 
ចំណែក​លោក អ៊ិត ប្រ​សិត ជា​ឪពុក​របស់​កញ្ញា លក្ខណា ដែល​បាន​ជូន​កូន​មក​ភ្នំពេញ ដើម្បី​ជួប​សំ​ណះ​សំ​ណា​ល​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នោះ បាន​និយាយ​រៀបរាប់​ពី​ភាព​សកម្ម​របស់​កូន​ក្នុង​សិក្សា​រៀនសូត្រ រហូត​ទទួលបាន​លទ្ធផល​គួរ​ជាទី​គាប់ ប្រសើរ ថា​លោក​តែងតែ​តាមដាន​កាលវិភាគ​រៀន​របស់​កូន ហើយ​ជំរុញ​កូន​ឲ្យ​អនុវត្តន៍​តាម​កាលវិភាគ​ឲ្យ​បាន​ខ្ជាប់ខ្ជួន។ ជា​គ្រូបង្រៀន​ម្នាក់​នៅ​សាលាបឋមសិក្សា​មួយ លោក​ប្រ​សិត បាន​លើកសរសើរ​កូនស្រី​មិន​ដាច់​ពី​មាត់​ថា កូនស្រី​គាត់​រៀន​ស្ទើរ​គ្មាន​ពេលទំនេរ «វា​ខំរៀន​ណាស់ វា​មាន​កម្មវិធី​ស្វ័យ​សិក្សា​នៅផ្ទះ កម្មវិធីសិក្សា​នៅ​សាលា​គួរ និង​កម្មវិធីសិក្សា​នៅ​សាលា​រដ្ឋ​ត្រឹមត្រូវ និង​ច្បាស់លាស់។ ពេលយប់​ម៉ោង​ប្រាំពីរ ទើប​ចេញពី​រៀន ហើយ​ពេល​ហូបបាយ​ហើយ​រៀន​ដល់​ម៉ោង​ដប់​មួយ​យប់ និយាយ​ទៅ​វា​រៀន​រហូត ស្ទើរ​គ្មាន​ពេលទំនេរ សម្រាក​បានតែ​ថ្ងៃអាទិត្យ​មួយគត់»។
 
ចំពោះ​លទ្ធផល​ដ៏​ល្អ​ដែល​ទទួលបាន​នៅថ្ងៃនេះ កញ្ញា ប្រ​សិត លក្ខណា បាន​សម្តែង​អារម្មណ៍​សប្បាយរីករាយ​ចំពោះ ការ​រិត​បន្តឹង​ការប្រឡង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រោះ​កញ្ញា​យល់ថា ការ​រិត​បណ្តឹង​ការប្រឡង​ធ្វើ​ឲ្យ​សិស្ស​បញ្ចេញ​សមត្ថភាព​ពិត និង​ធ្វើ​ឲ្យ​សិស្ស​ខិតខំ​រៀន​ទាំង​សិស្ស​ខ្លួនឯង និង​ឪពុកម្តាយ​ក៏​ជំរុញ​កូន​ឲ្យ​រៀន​កាន់តែខ្លាំង​ដែរ«វា​ជា​ការល្អ វា​ផ្តល់​ឳ​កាស​ដល់​សិស្ស​កម្ពុជា​ឲ្យ​ខិតខំ​រៀន ហើយ​យកតម្រាប់តៗគ្នា មិ​ត​ត្រឹមតែ​ប៉ុណ្ណោះ​ការ​រិត​បន្តឹង​ការប្រឡង​ធ្វើ​ឪពុកម្តាយ​សិស្ស​កាន់តែ​ជំរុញ​កូន​ឲ្យ​ខំរៀន។ ហើយ​ខ្ញុំ​មើលឃើញថា ប្អូនៗជំនាន់​ក្រោយនេះ ខំប្រឹង​រៀន​មែនទែន បន្ទាប់​មានការ​ធ្វើកំណែទម្រង់​មក» ។
 
ក្នុង​ការប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំ​សិក្សា២០១៤ ២០១៥នេះ សិស្ស​ជាប់​មាន​ចំនួន​ជាង៥៥ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន​មានការ​ប្រឡង​ដល់​ទៅ​ចំនួន​ពីរដង តែ​សិស្ស​ជាប់​មាន​ត្រឹមតែ​ចំនូ​ន​ជាង៤០ភាគ​តែប៉ុណ្ណោះ។ លើសពីនេះ​សិស្ស​ជាប់​និទ្ទេស​A នៅ​ឆ្នាំនេះ​មាន​រហូត១០៨នាក់ បើ​ធៀប​នឹង​ឆ្នាំមុន​មាន​ត្រឹមតែ១១នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com