ជាតិ
សង្គមជាតិ
ផ្ទះ​ប្រជាពលរដ្ឋ​ជាង២០០ខ្នង​​រង​ការខូចខាត ខណៈ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ថយចុះ
18, Sep 2015 , 11:53 am        
រូបភាព
រូបភាពពីហ្វេសបុកលោក ឈិត សុខុន អតីតអភិបាលខេត្តព្រះសីហនុ
រូបភាពពីហ្វេសបុកលោក ឈិត សុខុន អតីតអភិបាលខេត្តព្រះសីហនុ
រូបភាពពីហ្វេសបុកលោក ឈិត សុខុន អតីតអភិបាលខេត្តព្រះសីហនុ
រូបភាពពីហ្វេសបុកលោក ឈិត សុខុន អតីតអភិបាលខេត្តព្រះសីហនុ
យ៉ាងហោចណាស់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន៦ខ្នង​នៅ​ខេត្តកោះកុង​បាន​ដួលរលំ និង​ផ្ទះ​ប្រមាណ​ជា២៤៤ខ្នង​ទៀត​រង​ការខូចខាត ដោយសារ​កម្លាំង​ខ្យល់​បោកបក់​ខ្លាំង កាលពី​ថ្ងៃទី១៧កញ្ញា ។ នេះ​បើតាម​លោក កែវ វី នាយក​ខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ។



លោក កែវ វី បាន​ឲ្យ​ដឹងថា ក្រៅពី​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​នោះ ក៏មាន​ផ្លូវ​ចំនួន២កន្លែង និង​ទូក​នេសាទ​ចំនូ​ន២ ទទួលរង​ការខូចខាត​ដែរ ដោយសារ​កម្លាំង​ខ្យល់​បោកបក់​ខ្លាំង នៅក្នុង​ក្រុង​ខេមរភូមិន្ទ ស្រុក​មណ្ឌលសីមា ស្រុក​បទុម​សាគរ និង​ស្រុក​គី​រី​សាគរ ខេត្តកោះកុង។ បើតាម​លោក កែវ វី នៅក្នុង​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ក៏មាន​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន១៤ខ្នង​ទៀត​រង​ការខូចខាត​ដែរ។

ដោយឡែក​ប្រជាពលរដ្ឋ​ចំនួន ៥ភូមិ ក្នុង​ឃុំ​បឹង៥ ៥ស្រុក​ប​វិល ខេត្តបាត់ដំបង​វិញ អាជ្ញាធរ​កំពុង​បន្ត​ការជម្លៀស ពួកគេ​ទៅរក​ទីទួល​មាន​សុវត្ថិ​ភាពជា​បណ្តោះអាសន្ន ខណៈដែល​ជំនន់​ទឹកភ្លៀង​កំពុង​លិចលង់​ផ្ទះ​របស់​ពួកគេ។ នេះ​ជាការ​បញ្ជាក់​របស់លោក កែវ វី មុននឹង​លោក​ពន្យល់​ពី​ស្ថានភាព​នៅ​ខេត្តកំពត​វិញ​ថា ជំនន់​ទឹកភ្លៀង​បាន​បង្ក​ឲ្យ​ប៉ះពាល់​ដល់ផ្ទះ​ប្រជាពលរដ្ឋ៤៣៨៣ គ្រួសារ ក្នុង​ចំនួន៤សង្កាត់ ក្នុង​ក្រុង​កំពត និង​ចំនួន៥ឃុំ ក្នុងស្រុក​ទឹកឈូ ខេត្តកំពត ដែល​ធ្វើ​ដីស្រែ​ចំនួន២២៩១ហិកតា​រង​ការ​ខូ​ត​ខាត និង​មាន់ ទា ជាង៣០ក្បាល​ងាប់។ ហើយ​នៅពេលនេះ​អាជ្ញាធរខេត្ត​បាន​ប្រើប្រាស់​កាណូត ដើម្បី​ចែក មី ទឹក​សុទ្ធ ជាដើម សម្រាប់​ប្រជាពលរដ្ឋ​ទាំងនោះ។

ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ នាយខុទ្ទកាល័យ​រូបនេះ បាន​បញ្ជាក់ថា ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​តាម​តំបន់​មាត់សមុទ្រ​នោះ គឺ​ទឹកបាន​ស្រក​ចុះ​ជាបណ្ដើរៗ ប្រមាណ​ជា៣០ ទៅ៤០សង់ទីម៉ែត្រ​ហើយ។ តែ​យ៉ាងណា​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ នៅតែ​តាមដាន​ស្ថានភាព​នេះ​បន្ដទៀត ព្រោះថា នៅ​តំបន់ភ្នំ គឺ​ផ្ទៃមេឃ​នៅមាន​សភាព​ខ្មៅ​អួរ​អាប់​នៅឡើយ។

អ្នកនាំពាក្យ និង​ជានា​យក​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក ចាន់ យុ​ត្ថា បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី១៨ ដល់​ថ្ងៃទី២០ សម្ពាធ​ទឹក​អាច​ស្រក​ចុះ​វិញ ដោយសារ​ផុត​ឥទ្ធិពល​ខ្យល់​នៅក្នុង​សមុទ្រ​ចិន​ភាគខាងត្បូង។ ប៉ុន្តែ​កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល​សម្ពាធ​ទាប​ថ្មី​មួយទៀត មកលើ​តំបន់​ជាប់​ផ្ទៃសមុទ្រ និង​តំបន់​មួយចំនួន​នៅ​ទូទាំងប្រទេស​កម្ពុជា ចន្លោះ​ពីថ្ងៃ​ទី២០ ទៅ​ថ្ងៃទី២១ កញ្ញា​ខាងមុខនេះ។ ឥទ្ធិពល សម្ពាធ​ទាប​នឹង​បង្ក​ឲ្យ​មាន​រលកធំៗ និង​មាន​ភ្លៀង​ធ្លាក់​ច្រើន។

បើតាម​លោក ចាន់ យុ​ត្ថា ឥទ្ធិពល​សម្ពាធ​ទាប​ថ្មី​មួយ​នេះ ដែល​កំពុង​តែមាន​សក​ម្ម​ភាព​នៅក្នុង ប្រទេស​បង់​ក្លា​ដេ​ស នឹង​បក់​កាត់​ប្រទេស​ហ្វីលីពីន មក​អាង​ទន្លេមេគង្គ​ប្រទេស​ថៃ ហើយ​វា​នឹង​បង្ក​ឲ្យ​មាន​ឥទ្ធិពល​មកដល់​ប្រទេស​កម្ពុជា​ដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com