អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
យុទ្ធសាស្ត្រ​របស់​យោធា​បួ​គី​ណា​ហ្វា​សូ ដើម្បី​ដណ្តើមយក​អំណាច​មកវិញ
18, Sep 2015 , 2:48 pm        
រូបភាព
ដោយ:
បួ​គី​ណា​ហ្វា​សូ​កំពុង​ធ្លាក់​ក្នុងស្ថានភាព​នយោបាយ​មិន​ច្បាស់លាស់។ កាលពី​ថ្ងៃ​ពុធ ក្រុម​ទាហាន​របស់​អតីត​ប្រ​ធានា​ធីប​តី ប្លែ​ស កុំ​ប៉ា​រេ Blaise Compaoré បានធ្វើ​រដ្ឋប្រហារ ទំលាក់​រដ្ឋាភិបាល​អន្ត​រកា​ល។ ក្រុម​ទាហាន​បាន​ចូលទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ចាប់ខ្លួន​ប្រធានាធិបតី និង​សមាជិក​រដ្ឋាភិបាល​អន្ត​រ​កាល​ជាច្រើន​នាក់។ ក្រុម​ទាហាន​បាន​បាញ់​បំបែកហ្វូង​បាតុករ​ប្រឆាំង​រដ្ឋប្រហារ ធ្វើអោយមាន​មនុស្ស​ស្លាប់៣នាក់ និង​របួស៦០នាក់។ ជី​ល​ប៊ែ​រ ឌី​យ៉ង់​ដេ​រេ Gilbert Diendéré ជា​មេ​យោធា និង​ធ្លាប់ជា​ដៃស្តាំ​របស់​អតីត​ប្រធានាធិបតី​កុំ​ប៉ា​រេ ប្រាប់ថា លោក​កុំ​ប៉ា​រេ មិនមែនជា​មេគំនិត​នៃ​រដ្ឋប្រហារ​នេះ​ទេ។


អ្នកនាង ព្រំសឿន សូលីណា លម្អិតព័ត៌មាននេះ

 
នៅសល់​មិន​ដល់១ខែ​ទៀត​ទេ ប្រជាជន​បួ​គី​ណា​ហ្វា​សូ ត្រូវ​ទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី និង​តំណាងរាស្ត្រ ដើម្បី​បិទ​បញ្ចប់​នយោបាយ​អន្តរកាល​បច្ចុប្បន្ន។ ប៉ុន្តែ ក្រុម​យោធា​ដែល​ធ្លាប់​ការពារ​អតីត​ប្រធានាធិបតី ប្លែ​ស កុំ​ប៉ា​រេ បាននាំគ្នា​ទំលាក់​រដ្ឋាភិបាល​អន្តរ​កាល​មុន​រួចទៅហើយ។ ពួកគេ​បាន​ចាប់ខ្លួន​ប្រធានាធិបតី​បណ្តោះអាសន្ន Michel Kafando និង​សមាជិក​រដ្ឋាភិបាល​ជាច្រើនរូប។ លោក​Gilbert Diendéré ជា​មេ​យោធា និង​ជា​អតីត​ដៃស្តាំ​របស់​អ​តី​ប្រធានាធិបតី​កុំ​ប៉ា​រេ បាន​ប្រាប់ថា នឹង​ដោះលែង​ពួកគេ​វិញ នៅពេល​ក្រោយ។ 
 
គួររំលឹកថា អតីត​ប្រធានាធិបតី ប្លែ​ស កុំ​ប៉ា​រេ ត្រូវបាន​ប្រជាជន​បួ​គី​ណា​ហ្វា​សូ បណ្តេញ​ចេញពី​អំណាច កាលពី​ខែតុលា​ឆ្នាំ២០១៤ ដោយសារតែ​លោក​ចង់​បន្តអំណាច សម្រាប់​អាណត្តិ​ទី៥ទៀត។ ប្រសិនបើ​គេ​គ្រប់គ្នា​គិតថា រដ្ឋប្រហារ​កាលពី​ថ្ងៃ​ពុធ អាចជា​ល្បិច​យោធា ដើម្បី​នាំ​អតីត​ប្រធានាធិបតី​ប្លែ​ស មកកាន់​អំណាច​វិញ​មេបញ្ជាការ​ទ័ព Gilbert Diendéré បានប្រកាស​ក្តែងៗថា រដ្ឋប្រហារ​យោធា​នេះ​មិនមែនជា​គំនិត​របស់លោក​កុំ​ប៉ា​រេ​ទេ ហើយ​គាត់​ក៏​មិនបាន​ទាក់ទង​លោក​កុំ​ប៉ា​រេ​ដែរ។ លោក​ឌី​យ៉ង់​ដេ​រេ​ប្រាប់ទៀតថា ក្រុម​យោធា​ជា​អ្នកគាំទ្រ​អោយមាន​រដ្ឋប្រហារ​នេះ​ឡើង ដើម្បី​រក្សា​ស្ថិរភាព​សន្តិសុខ មុន​ថ្ងៃ​បោះឆ្នោត១១តុលា​ខាងមុខ។ 
 
ក្រោយ​ធ្វើ​រដ្ឋប្រហារ​រួច ក្រុម​ទាហាន​បួ​គី​ណា​ហ្វា​សូ​បានប្រកាស​រំលាយ​រដ្ឋាភិបាលបណ្តោះអាសន្ន ដាក់​បម្រាម​គោចរ​ពេលយប់​នៅ​ក្រុង​Ouagadougou  ព្រមទាំង​បិទ​ព្រំដែន​ផ្លូវគោក​និង​ផ្លូវអាកាស រង់ចាំ​រហូត​មាន​បទបញ្ជា​ថ្មី។ ក្រុម​យោធា​បាន​បង្កើតអោយមាន​ក្រុមប្រឹក្សា​ជាតិ​ប្រជាធិបតេយ្យ​មួយ ដើម្បី​រៀបចំ​ការបោះឆ្នោត​ថ្ងៃ១១តុលា។ ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោក​ឌី​យ៉ង់​ដេ​រេ ដែលជា​អតីត​ដៃស្តាំ​របស់​ប្រធានាធិបតី​កុំ​ប៉ា​រេ ត្រូវបានតែងតាំង​អោយ​ដឹកនាំ​ក្រុមប្រឹក្សា​ជាតិ​នេះ។ លោក Diendéréនេះ ត្រូវគេ​សង្ស័យថា អាចជា​មេក្លោង​សម្លាប់​បិតា​ឯករាជ្យ​ជាតិ Thomas Sankara ថូ​ម៉ាស សាំង​កា​រ៉ា ក្នុងពេល​មាន​រដ្ឋប្រហារ​ឆ្នាំ១៩៨៧ទៀតផង។ 
 
លោក​ឌី​យ៉ង់​ដេ​រេ​បាន​ខិតខំ​លាង​កំហុស​យោធា ក្នុង​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ពុធ។ លោក​លើកឡើងថា រដ្ឋប្រហារ​នេះ​ធ្វើឡើង ដោយសារតែ​រដ្ឋអំណាច​អន្តរកាល​នេះ រើសអើង​ក្រុម​យោធា។ ក្រុម​យោធា​ចង់​សំដៅ​ទៅលើ​ក្រិត​ក្រម​បោះឆ្នោត​ថ្មី ដែល​ហាមឃាត់​មិនអោយ​សកម្មជន​របស់​អតីត​ប្រធានាធិបតី​ប្លែ​ស កុំ​ប៉ា​រេ ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត។ តុលាការ​អាហ្វ្រិក​ខាងលិច​បាន​ទាត់ចោល​ក្រិត​ក្រម​នេះ។ ក្រិត​ក្រម​នេះ​ពិតជា​បង្ក​ភាពចម្រូងចម្រាស​ច្បាស់​ណាស់ ព្រោះ​វា​មិន​មិនមែនជា​ដំណឹង​ល្អ សម្រាប់​សកម្មជន​គាំទ្រ​លោក​កុំ​ប៉ា​រេ រឺក៏​ប្អូនប្រុស​របស់លោក​កុំ​ប៉ា​រេ ដែល​អាច​នឹង​ចង់​ឈរឈ្មោះ​ប្រធានាធិបតី​នោះទេ។ ប្រហែល​ដូច្នេះ​ទេ​ដឹង ទើប​ក្រុម​យោធា​បះបោរ​ឡើង?
 
ប្រជាជន​បួ​គី​ណា​ហ្វា​សូ​បាននាំគ្នា​តវ៉ា​ប្រឆាំងនឹង​រដ្ឋប្រហារ​ថ្មី​នេះ។ ក្រុម​យោធា​បានដាក់​របាំង​នៅ​វិមាន​ប្រធានាធិបតី និង​បាញ់​បំបែកហ្វូង​បាតុករ ធ្វើអោយមាន​មនុស្ស​ស្លាប់ និង​របួស​ច្រើន​នាក់។ ស្ថានភាព​នយោបាយ​ពេលនេះ​មិន​ច្បាស់លាស់​នៅឡើយ មិនដឹងថា តើ​ការបោះឆ្នោត​ថ្ងៃ១១តុលា អាច​ប្រព្រឹត្ត​ទៅដោយ​យុត្តិធម៌​រឺ​យ៉ាងណាទេ បើ​ទាហាន​ប្រើ​ហិង្សា​បង្ក្រាប​បាតុករ​ដូច្នេះ! 
 
ប្រសិនបើ​មេ​យោធា ជី​ល​ប៊ែ​រ ឌី​យ៉ង់​ដេ​រេ ប្រាប់ថា លោក​នឹង​ពិភាក្សា​ជាមួយ​អ្នកនយោបាយ​គ្រប់​និន្នាការ សម្រាប់​ការបោះឆ្នោត​ខាងមុខ យុទ្ធសាស្ត្រ​បាញ់​បំបែក​បាតុករ​មិនអាច​បញ្ជាក់ថា ក្រុម​យោធា​ដែល​ជិតដិត​នឹង​អតីត​ប្រធានាធិបតី​កុំ​ប៉ា​រេ អាច​នាំ​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​មកអោយ​ប្រទេស​បួ​គី​ណា​បានទេ។ បួ​គី​ណា​ស្ថិតក្រោម​អំណាច​របស់លោក​កុំ​ប៉ា​រេ ២៧ឆ្នាំ​មកហើយ។ លោក​កុំ​ប៉ា​រេ ខ្លួនឯង​ក៏​ធ្លាប់ធ្វើ​រដ្ឋប្រហារ​ក្នុងស្រុក​ដែរ កាលពី​ឆ្នាំ១៩៨៧ ក្នុងពេល​លោក​មាន​អាយុ៣៧ឆ្នាំ។ ក្នុង​អាណត្តិ​លោក លោក​ខំ​ធ្វើជា​អ្នក​កាន់​ប្រជាធិបតេយ្យ ដោយ​អនុគ្រោះ​ច្រើន​ដល់​កាសែត​ប្រឆាំង។ នៅ​ឆ្នាំ២០០០ លោក​បាន​បង្កើតអោយមាន​ច្បាប់​កំណត់​អាណត្តិ​ប្រធានាធិបតី អោយ​នៅសល់​ត្រឹមតែ២អាណត្តិ​ទៀតផង។ ទាក់ទង​រដ្ឋ​នឹង​រដ្ឋប្រហារ​ឆ្នាំ១៩៨៧ និង​ឃាតកម្ម​ទៅលើ​បិតា​ឯករាជ្យ​ជាតិ ថូ​ម៉ាស សាំង​កា​រ៉ា កាលនោះ លោក​ប្លែ​ស កុំ​ប៉ា​រេ ប្រាប់ថា លោក​សាំង​កា​រ៉ា លែង​ស្តាប់​មតិ​ភាគច្រើន​របស់​យោធា​ទៀតហើយ ហើយ​ក្រុមនិស្សិត​ក៏​លែង​ដើរ​តាម​លោក​សាំង​កា​រ៉ា​ដែរ។ 
 
២៧ឆ្នាំក្រោយ​រដ្ឋប្រហារ លោក​ប្លែ​ស កុំ​ប៉ា​រេ​ខ្លួនឯងបាន​ធ្លាក់​ក្នុង​វាល​វដ្ត​សង្សារ​នៃ​កិលេស​អំណាច​ដូចគ្នា។ លោក​ហាក់​នៅ​ចង់​ឱបក្រសោប​អំណាច បើទោះជា​ការស្ទង់មតិ បង្ហាញថា​ប្រជាជន​មិន​ចង់ឃើញ​លោក​បន្ត​អាណត្តិ​ទី៥ក៏ដោយ។ ទោះជា​ក្រុម​យោធា និង​សកម្មជន​បក្ស​របស់លោក​បាន​ព្រមាន​លោក​ពី​បញ្ហា​នេះ ក៏​លោក​ប្លែ​ស​មិន​ស្តាប់​ដែរ ហើយ​កាលពី​ខែតុលា​ឆ្នាំ២០១៤ លោក​បានដាក់​អោយ​សភា​បោះឆ្នោត​កំណែទម្រង់​ច្បាប់​មួយ ដែល​អនុញ្ញាតអោយ​លោក​អាច​បន្ត​តំណែង​អាណត្តិ​ទី៥ទៀតផង។ ហេតុនេះហើយ ទើបបានជា​កាលនោះ ក្រុម​យោធា​មួយចំនួន​បាន​បោះបង់​លោក​ចោល ទុកអោយ​ប្រជាជន​ទំលាក់​លោក​ពី​តំណែង​តែម្តងទៅ។ 
 
ប៉ុន្តែ សម្រាប់​ការបោះឆ្នោត​ថ្មី​នេះ ក្រុម​យោធា​បាន​បាញ់​ទៅលើ​ក្រុមបាតុករ អាច​មានន័យថា ក្រុម​យោធា​លែង​ស្តាប់​បំណង​ប្រជាជន​ដូច​មុន​ទៀតហើយ។ តើ​ក្រុម​យោធា​ពិតជា​កំពុង​ចង់​ជួយ​លោក​កុំ​ប៉ា​រេ អោយ​ឡើងមក​កាន់កាប់​ប្រទេស​វិញ រឺ​យ៉ាងណា?
 

© រក្សាសិទ្ធិដោយ thmeythmey.com