អន្តរជាតិ
លោក ម៉ា​ហា​ធា៖ ទង្វើ​ក្រុម​រដ្ឋ​ឥស្លាម គឺ​រៀន​តាម​ទាហាន​អាមេរិក
18, Sep 2015 , 8:19 pm        
រូបភាព
អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក ម៉ា​ហា​ធា មហា​ម៉េ​ត (Mahathir Mohamad) បាន​អះអាង​ក្នុង​សុន្ទរកថា​បើក​កម្មវិធី​វគ្គ​សិក្សា​ស្តីពី​សន្តិភាព​ពិភពលោក​លើក​ទី៤នៅ​ទីក្រុង ពូ​ត្រា​ចា​យ៉ា (Putra Jaya) កាលពី​ថ្ងៃ​អង្គារ ថា ក្រុម​រដ្ឋ​ឥស្លាម​បាន​រៀនសូត្រ​តាម​ទាហាន​អាមេរិក​ក្នុងការ​ប្រើប្រាស់​អំពើ​ព្រៃផ្សៃ​អមនុស្សធម៌​ដើម្បី​ធ្វើ​ឲ្យ​គ្រប់គ្នា​ភ័យរន្ធត់។ លោក​បាន​លើកយក​ការអន្តរាគមន៍​អាមេរិក​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ឆ្នាំ២០០៣ ជា​ឧទាហរណ៍ នៅពេលដែល​អាមេរិក​ចាប់​អនុវត្ត​គោលការណ៍​ព្រៃផ្សៃ​ដើម្បី​ធ្វើ​ឲ្យ​ជនជាតិ​អ៊ីរ៉ាក់​ភ័យ​ញញើត​និង​ព្រម​ចុះចាញ់។



លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



លោក ម៉ា​ហា​ធា មហា​ម៉េ​ត នាយករដ្ឋមន្ត្រី​ទី៤ និង​ជា​មេដឹកនាំ​កាន់តំណែង​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​ម៉ាឡេស៊ី​បាន​អះអាងថា ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​ដែល​កំពុង​បំភ័យ​ពិភពលោក​ដោយ​ប្រើ​អំពើហិង្សា ព្រៃផ្សៃ​សាហាវឃោរឃៅ​នេះ រៀនសូត្រ​តាម​គោលការណ៍​ទាហាន​អាមេរិក​ដែល​ប្រើប្រាស់​ក្នុង​សង្គ្រាម​ឈ្លានពាន​អ៊ីរ៉ាក់។ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​រូបនេះ បាន​អះអាង​ដូច្នេះ​ក្នុងពេល​ផ្តល់​សុន្ទរកថា​បើក​កម្មវិធី​វគ្គ​សិក្សា​ខ្លី​ស្តីពី​សន្តិភាព​ពិភពលោក​លើក​ទី៤នៅ​ទីក្រុង​រដ្ឋបាល ពូ​ត្រា​ចា​យ៉ា កាលពី​ថ្ងៃទី១៥កញ្ញា​កន្លងមក។

លោក​បាន​បញ្ជាក់ថា៖« សហរដ្ឋអាមេរិក​បាន​អនុវត្ត​គោលការណ៍​មួយ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​រន្ធត់​និង​បង្កើត​ភាពភ័យខ្លាច​មួយ​សម្រាប់​ប្រជាជន ក្នុងពេលដែល​ពួកគេ​ឈ្លានពាន​អ៊ីរ៉ាក់​ឆ្នាំ២០០៣ ។ អាមេរិក​ប្រើ​គោលការណ៍​បង្កើត​ក្តី​រន្ធត់​និង​ភាពភ័យខ្លាច​នេះ ដើម្បី​ឲ្យ​ប្រជាជន​អ៊ីរ៉ាក់​ព្រម​ចុះចាញ់។ តែ​គោលការណ៍​នេះ​ត្រូវបាន​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ចម្លង​យកមកប្រើ​ប្រាស់​ទាំងស្រុង​ដើម្បី​បំភ័យ​មនុស្ស​ដូចគ្នា​ផង​គ្នា» 

លោក​បន្តថា ដូចដែល​ឃើញស្រាប់ ក្រុម​រដ្ឋ​ឥស្លាម​បានសម្លាប់​អ្នកកាសែត ដោយ​ចាប់ផ្តើម​កាត់​ក ដោយ​ប្រើប្រាស់​កូនកាំបិត​ខ្លី អារ​ចុះឡើង​បន្តិច​ម្តង​នៅ​ចំពោះមុខ​កាមេរ៉ា​មុន​ចែកចាយ​ឲ្យ​មនុស្ស​គ្រប់គ្នា​បានឃើញ។ នេះហើយ​ជា​មធ្យោបាយ​បង្កើត​ក្តី​រន្ធត់​និង​ធ្វើ​ឲ្យ​មនុស្ស​ខ្លាចរអា​ខ្លាំង។ ដោយ​សារភាព​ខ្លាចរអា​និង​រន្ធត់​នេះ​ដូច្នេះហើយ ទើបបានជា​ក្រុម​នេះ​អាចមាន​លទ្ធភាព​បង្ក​ការភ័យខ្លាច​ដល់​ពិភពលោក បង្ក​គ្រោះមហន្តរាយ​ដល់​មនុស្សជាតិ ព្រោះ​ប្រទេស​ជាច្រើន​ស្ទាក់ស្ទើរ​ក្នុងការ​ចូលរួម​ប្រយុទ្ធ​និង​កម្ចាត់​ក្រុម​នេះ។

ជាការ​ពិត ក្រុម​រដ្ឋ​ឥស្លាម​បាន​ព្យាយាម​បង្កក្តី​រន្ធត់​និង​បង្កើត​អារម្មណ៍​ភ័យខ្លាច​សម្រាប់​ប្រជាជន​ពិភពលោក ដោយ​ប្រើប្រាស់​រាល់​ទង្វើ​ផ្សៃ​ព្រៃ ឃោរឃៅ​គ្មាន​ពី​រលើ​លោក។ ពួកគេ​ចាប់ខ្លួន​និង​សម្លាប់​ប្រជាជន​ស៊ីវិល អ្នកកាសែត និង​ជនបរទេស​ដោយ​ដុត​ទាំង​រស់ កា​ត់ក និង​បាញ់សម្លាប់​គ្មាន​ត្រា​ប្រណី។ អាច​និយាយបានថា ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នេះ មាន​សមត្ថភាព​ដឹង​ច្បាស់​ពី​បញ្ហា​ចិត្តសាស្ត្រ ដោយ​ឆ្លៀតឱកាស​ប្រើប្រាស់​ហិង្សា​ឃោរឃៅ បង្ក​អារម្មណ៍​ភ័យខ្លាច​និង​បំបាក់ស្មារតី​មនុស្ស​ទូទៅ៕



Tag:
 ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com