ជាតិ
សហភាព​អឺរ៉ុប​ផ្តល់​ថវិកា១.៦លាន​អឺរ៉ូ ដើម្បី​ការពារ​ព្រៃឈើ និង​លើកកម្ពស់​ជីវភាព​នៅ​ជនបទ
20, Sep 2015 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ

សហភាព​អឺរ៉ុប (EU) បានផ្តល់​ទឹកប្រាក់​ចំនួន១.៦លាន​អឺរ៉ូ សម្រាប់​គម្រោង​គ្រប់គ្រង​ព្រៃឈើ​ដោយ​និរន្តរភាព និង​ការលើកកម្ពស់​របរ​ចិញ្ចឹមជីវិត​នៅតាម​ជនបទ តាមរយៈ​កា​រព​ព្រឹង​ជំនាញ​ក្នុងការ​គ្រប់គ្រង​ព្រៃឈើ​ដោយ​និរន្តរភាព​នៅ​កម្ពុជា។



ទំហំ​ទឹកប្រាក់​ចំនួន១.៦លាន​អឺរ៉ូ ដែល​សហភាព​អឺរ៉ុប​ផ្តល់​ឲ្យ​តាមរយៈ​មជ្ឈមណ្ឌល​សម្រាប់​មនុស្ស និង​ព្រៃឈើ (RECOFTC) និង​អង្គការ​អុក​ហ្វា​ម (Oxfam) សម្រាប់​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ ដើម្បី​លើកកម្ពស់​របរ​ចិញ្ចឹមជីវិត​នៅ​ជនបទ តាមរយៈ​សហគមន៍​ព្រៃឈើ និង​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ដែល​បណ្តាលមកពី​ការបាត់បង់ និង​ការរិចរឹល​ព្រៃឈើ​កម្ពុជា។

ជាមួយគ្នានេះដែរ ទីប្រឹក្សា និង​ជា​ប្រធាន​ផ្នែក​សហប្រតិបត្តិការ នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោកស្រី ហ្វី​អូ​ណា រ៉ា​ម​ស៊ី ជឿជាក់ថា តួនាទី​របស់​ប្រជាជន​មូលដ្ឋាន​ក្នុងការ​ការពារ គ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព គឺអាច​ជួយ​លើកកម្ពស់​របរ​ចិញ្ចឹមជីវិត​របស់​ពួកគាត់។

លោកស្រី​ប្រធាន​ផ្នែក​សហប្រតិបត្តិការ នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​រូបនេះ បានបញ្ជាក់​នៅក្នុង​សិក្ខាសាលា​បូកសរុប​លទ្ធផល​ការងារ នៃ​ការអនុវត្ត​គម្រោង​របស់ខ្លួន​នៅ​ថ្ងៃទី ១៨ ខែកញ្ញា​នេះ ថា​គម្រោង​ខាងលើនេះ​បាន​ប្រព្រឹត្តិ​ទៅ​រយៈពេល៥៧ខែ​មកហើយ គឺ​គិត​ចាប់ពី​ថ្ងៃទី៣០ខែធ្នូ​ឆ្នាំ២០១០ មកដល់​ខែកញ្ញា​ឆ្នាំ២០១៥នេះ ដោយ​អនុវត្តន៍​នៅក្នុង​ខេត្ត​គោលដៅ​ចំនួន៩ រួមមាន៖ ខេត្តកំពត កែប តាកែវ ពោធិ៍សាត់ កំពង់ធំ ព្រះវិហារ ក្រចះ ស្ទឹងត្រែង និង​ខេត្តរតនគិរី។

សូមបញ្ជាក់ថា គិត​មកដល់​ចុងឆ្នាំ២០១៤ កម្ពុជា​មានព្រៃ​សហគមន៍​សរុប​ចំនួន៤៨៥កន្លែង គ្រប់​ដណ្តប់​លើ​ផ្ទៃដី​ប្រមាណ ៤១០,០២៥ហិកតា។ ក្នុងនោះ​ក្រសួង​បានទទួល​ស្គាល់​សហគម​ន៍​ព្រៃឈើ​ចំនួន៣៦៤កន្លែង គ្របដណ្តប់​លើ​ផ្ទៃ​ដីព្រៃ​ប្រមាណ ៣២៩.៥៨៧ហិកតា។ ក្នុងចំណោម​នេះ​មាន​សហគមន៍​ព្រៃឈើ​ចំនួន៣០៩កន្លែង​ស្នើ​នឹង ២៧៥.៦៣៣ហិកតា បានទទួល​កិច្ចព្រមព្រៀង​ព្រៃ​សហគមន៍​ស្របច្បាប់​រវាង​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​សា​ម៉ី ជាមួយ​គណៈកម្មការ​គ្រប់គ្រង​សហគមន៍​ព្រៃឈើ៕

ប្រភព៖ AKP


© រក្សាសិទ្ធិដោយ thmeythmey.com