អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បោះឆ្នោត​សភា​ក្រិ​ក៖ អា​ឡិច​ស៊ិ​ស ស៊ី​ប្រាស ទទួល​ជ័យជម្នះ​ជាថ្មី​ម្តងទៀត
21, Sep 2015 , 8:53 am        
រូបភាព
ដោយ:
ការបោះឆ្នោត សភា​ក្រិ​ក​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ បានផ្តល់​ជោគជ័យ​ជាថ្មី​ម្តងទៀត ដល់​លោក​អា​ឡិច​ស៊ិ​ស ស៊ី​ប្រាស។ បក្ស​ឆ្វេងនិយម​ជ្រុល​ស៊ី​រី​ហ្សា​របស់លោក បានទទួល​សំឡេងឆ្នោត​ពី៣៣ទៅ ៣៥ភាគរយ ឈ្នះ​លើ​គណបក្ស​ប្រជាធិបតេយ្យ​ថ្មី ដែល​ទទួលបាន​សំឡេងឆ្នោត តែ​ពី​ជាង២៨ទៅ៣០ភាគរយ​ប៉ុណ្ណោះ។ នេះ​ស​បង្ហាញថា ពលរដ្ឋ​នៅតែ​បន្ត​ទុកចិត្ត​អោយ​បក្ស​ស៊ី​រី​ហ្សា គ្រប់គ្រង​ប្រទេស។



ក្នុង​ប្រព័ន្ធ​បោះឆ្នោត​ក្រិ​ក គេ​ផ្តល់រ​ង្វាន់៥០កៅអី​អោយ​បក្ស​ដែល​ទទួល សំឡេង​ច្រើនជាងគេ។ ដូច្នេះ សម្រាប់​រដ្ឋាភិបាល​ថ្មី លោក​ស៊ី​ស​ប្រាស​អាច​ទទួលបាន​កៅអី​ប្រមាណ១៤៥កៅអី។ រីឯ​បក្ស​អភិរក្សនិយម​ប្រជាធិបតេយ្យ​ថ្មី​វិញ អាច​ទទួលបាន៧៥កៅអី។ ដើម្បី​ទទួលបាន​សំឡេង ដាច់ខាត លោក​ស៊ី​ស​ប្រាស​អាច​នឹង​បង្កើត​រដ្ឋាភិបាលចម្រុះ​ជាមួយ​បក្ស​ពលរដ្ឋ ក្រិ​ក​ឯករាជ្យ​ស្តាំនិយម​របស់លោក ប៉ា​ណុ​ស កាំ​ម៉ឺ​ណុ​ស។ បក្ស​នេះ​ទទួល​សម្លេងឆ្នោត​ពី៣ទៅ៤ភាគរយ ហើយ​ទទួល​កៅអី​សភា១០កៅអី។ លោក​ស៊ី​ស​ប្រាស​ក៏​អាច​ចាប់​ដៃគូ​រដ្ឋាភិបាលចម្រុះ​ជាមួយ​បក្ស​សង្គមនិយម ដែល​អាច​ទទួលបាន១៧កៅអី​នៅ​សភា​ផងដែរ។

ជោគជ័យ​ថ្មី របស់​បក្ស​ឆ្វេងនិយម​ជ្រុល​ស៊ី​រី​ហ្សា ក្នុងការ​បោះឆ្នោត​សភា​ក្រិ​កនៅ​ថ្ងៃអាទិត្យ​ម្សិលមិញ ស​បង្ហាញថា ប្រជាជន​ក្រិ​ក​នៅតែ​បន្ត​ផ្តល់​ទំនុកចិត្ត​ដល់​លោក​ស៊ី​ស​ប្រាស ព្រមអោយ​លោក​បន្ត​ដឹកនាំ​ប្រទេស​តទៅ​មុខ បើទោះជា​កន្លងមក លោក​ស៊ី​ស​ប្រាស​សុខចិត្ត​ទទួលយក​លក្ខខណ្ឌ​ត្បិតត្បៀត​ការចាយវាយ​សាធារណៈ​របស់​ម្ចាស់បំណុល​ក្តី។

ទោះយ៉ាងណា​ក៏ដោយ សំឡេង​អនុប្បវាទ​មាន​លើសពី៤០ភាគរយ ជា​តួលេខ​ខ្ពស់​ក្នុងប្រទេស ព្រោះថា​ក្រិ​ក​ផ្តល់​សារៈសំខាន់​ណាស់​ដល់​ការបោះឆ្នោត។ នេះ​ស​បង្ហាញ​ផងដែរ​ថា ប្រជាជន​ប្រហែល​ចង់​ព្រមាន​រដ្ឋាភិបាល​លោក​ស៊ី​ស​ប្រាស ពីបទ​ពិសោធន៍​ជូរចត់​ក្នុងការ​ដោះស្រាយ​វិបត្តិ​បំណុល​ជាតិ។ កាលពី​ខែកក្កដា ពលរដ្ឋ​ក្រិ​ក​ភាគច្រើន​បាន​បោះឆ្នោត​ប្រជាមតិ​ទាត់ចោល​សំណើ​ម្ចាស់បំណុល​ដែល ទាមទារ​អោយ​ក្រិ​ក​រឹតបន្តឹង​ចំណាយ​សាធារណៈ​អោយ​ខ្ពស់ជាង​មុន។ ប៉ុន្តែ លោក​ស៊ី​ស​ប្រា​សបាន​ដើរ​ផ្ទុយ​ពី​ការចង់បាន​របស់​ប្រជាជន ដោយ​លោក​សុខចិត្ត​ទទួលយក​សំណើ​ម្ចាស់បំណុល៕



© រក្សាសិទ្ធិដោយ thmeythmey.com