ព័ត៍មានសុខភាព
ពលរដ្ឋ​ខ្មែរ​ដែល​ចូលចិត្ត​ញ៉ាំ​ប្រៃ កំពុង​ប្រឈមមុខ​នឹង ជំងឺ​តម្រងនោម​ដោយ​មិនដឹង​ខ្លួន
21, Sep 2015 , 9:37 am        
រូបភាព
ដោយ: ថ្មីៗ
 
វេជ្ជបណ្ឌិត​ជំនាញ​បាន​បង្ហើប​ឲ្យ​ដឹងថា ពលរដ្ឋ​ខ្មែរ​ភាគច្រើន ទទួលទាន​ជាតិ​សូ​ដ្យួ​ម ឬ​ចូលចិត្ត​ញ៉ាំ​ប្រៃ លើសពី​តម្រូវការ​ប្រចាំថ្ងៃ។


 
ចំណីអាហារ ដែល​សម្បូរ​ទៅដោយ​ប៉ូ​តា​ស្យូ​ម និង​សូ​ដ្យូ​ម អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ លើស​សម្ពាធ​ឈាម និង​ជំងឺ​បេះដូង។
 
វេជ្ជបណ្ឌិត​ជាច្រើន ក៏បាន​ក្រើន​រំ​លឹ​ង​ផងដែរ​ថា ពលរដ្ឋ​ខ្មែរ​ភាគច្រើន នឹងត្រូវ​ចំណាយ​សុខភាព ពេលវេលា និង​ថវិការ​ជាច្រើន ដើម្បី​ពិនិត្យ និង​ព្យាបាល​ជំងឺ​របស់គេ នៅក្នុង​ពេលខាងមុខ ប្រសិនបើ​ពួកគេ នៅតែ​បន្ត​ការទទួល​ទាន អាហារ​ប្រចាំថ្ងៃ​ដូច​សព្វថ្ងៃនេះ។ ជាការ​ពិតណាស់ ពលរដ្ឋ​ចូលចិត្ត​ញ៉ាំ​ប្រៃ គឺ​ថែម​អំបិល​ផង ថែម​ទឹកត្រី​ផង ថែម​សាច់ដុំ​ខ្នរ​ផង ហើយ​ថែម​ប៊ីចេង​ទៀត នោះ​ហើយ​គឺ សុទ្ធតែ​អំបិល។
 
គ្រូពេទ្យ​ដឹងថា អ្នកជំងឺ​ទទួលទាន​ខុស ប៉ុន្តែ មិនមាន​ការណែនាំ​ជាក់លាក់​ណាមួយ ដើម្បី​ពន្យល់ និង​ប្រាប់​ពួកគេ​ឡើយ។ នៅ​អា​មេ​រិច គេ​ប៉ាន់ប្រមាណ​ថា ប្រជាជន​ប្រហែលជា ២៦ លាន​នាក់ នឹង​កើត​ជំងឺ​តម្រងនោម ប៉ុន្តែ នៅ​ខ្មែរ​វិញ​ក៏​មិនតិច​ដែរ គ្រាន់តែ​យើង​គ្មាន​ការសិក្សា​ច្បាស់លាស់​ប៉ុណ្ណោះ។ ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ អាច​បណ្តាល​ឲ្យ​ខ្សោយតម្រងនោម ប្រឈមមុខ​នឹង​ជំងឺ​បេះដូង និង​ស្លាប់​មុន​អាយុ។
 
នៅ​អា​មេ​រិច គេ​បាន​សាកល្បង​សិក្សា​ទៅលើ មនុស្ស​ជាង ៤ ពាន់​នាក់ ដើម្បី​យក​ទឹកនោម​មក​វិភាគ ដើម្បី​ឲ្យ​ដឹងថា តើ​ជាតិ​ប៉ូ​តា​ស្យូ​ម និង​សូ​ដ្យូ​ម ជះឥទ្ធិពល​បែបណា ទៅលើ​តម្រងនោម។ ជាតិ​សូ​ដ្យូ​ម និង​ប៉ូ​តា​ស្យូ​ម​ខ្ពស់ បាន​ផ្សារភ្ជាប់​ទៅនឹង ការវិវត្ត​យ៉ាង​លឿន នៃ​ជំងឺ​តម្រងនោម។ អ្នកចូលរួម​ទទួលទាន​ជាតិ​សូ​ដ្យូ​ម ច្រើនជាង​តម្រូវការ​ប្រចាំថ្ងៃ ដែល​ប្រហែលជា ២.៤០០ មី​លី​ក្រាម ដោយ​ពួកគេ​ញ៉ាំ​ជា​មធ្យម ៣.៧០០ ក្នុងមួយថ្ងៃ៕
 
 ត្រួតពិនិត្យ​ដោយ www.health.com.kh
 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com