ជាតិ
ប្រភព​នៃ​ពាក្យ​ស្រុក​ខ្មែរ
24, Sep 2015 , 11:44 am        
រូបភាព
សិលាចារឹកសប្បាក់ នគររាជសីមា
សិលាចារឹកសប្បាក់ នគររាជសីមា
ដោយ: ថ្មីៗ
ផ្ទាំងសិលា​ចារឹក​ខ្មែរ ដែល​គេ​បាន​រកឃើញ​នៅ​ភូមិ​ស​ប្បាក ឃុំ​សះ​កែវ​រាជ (ស្រះកែវ​រាជ) ស្រុក​ប៉ាក ទង់​ឆៃ (បាក់​ទង់ ជ័យ) ខេត្ត​នគររាជ​សីមា សរសេរ​ជា​ភាសាសំស្ក្រឹត (៣០បន្ទាត់) និង​ជា ៦បន្ទាត់​ទៀត ជា​ភាសា​ខ្មែរ​នៅ​ឆ្នាំ ៩៨៩សក ត្រូវ​និង​ឆ្នាំ១០០៦នៃ​គ.ស ក្នុង​រាជ្យ​របស់​ព្រះបាទ​ឧទ​យា​ទិ​ត្យ​វរ្ម័នទី។ ប្រធាន បទ​នៃ​សិលាចារឹក គឺ​ការ​រំលឹក​ការ​ប្រារព្ធ​ពិធី​សាសនា​បែប​និកាយ​វ​ជ្រ​យាន ដើម្បី​ស្រោចស្រង់​ប្រទេស​ខ្មែរ ឲ្យ​ផុតពី​ការ​លុក លុយ​របស់​ជ្វា ឬក៏​បំបាត់​ការត្រួតត្រា និង​ការ​ផ្តល់ព័ត៌មាន​ថា​ពី​ដើម​ស.វ​ទី១១នៃ​គ.ស ប្រទេស​ខ្មែរ​មានឈ្មោះ​មួយទៀត គឺ​ស្រុក​ខ្មែរ។



សូមជម្រាបថា ការប្រើ​ពាក្យ “ស្រុក​ខ្មែរ” ពុំមាន​ក្នុង​សិលាចារឹក​ផ្សេង​ទៀតឡើយ។ ដោយសារ​នៅ ទីនេះ​ពេលវេលា​មានកំណត់ យើង​សូម​លើក​តែ​អត្ថបទ​ភាសា​ខ្មែរ​ពាក់ព័ន្ធ ប្រែ​ដោយ​លោក​សាស្ត្រ​ចា​រ្យ កង្វល់​ខា​ស្សីមា មក​បង្ហាញ ជូន​តែប៉ុណ្ណោះ។ “ រីឯ​ព្រះពុទ្ធ​លោកេស្វរៈ ដ៏​ប្រាំបួន​ទី​កំ​ស្តែង ស្រី​សត្យ​វ​រ្មៈ ដ៏ មាន​សិទ្ធី ស្ថាបនា ព្រេង លើ​អភ័យ​គិរី ដើម កុំបី ជ​វា (ជ្វា) រុករាន ឈ្លានពាន ស្រុក​ខ្មែរ. . .” ។ មានន័យថា ការធ្វើ​ពិធី​សាសនា​បែប​មហាយាន និកាយ​វ​ជ្រ យាន​ក្រោយពី “ ការជួសជុល​ព្រះពុទ្ធ​លោកេស្វរៈ​ទាំង៩អង្គ ឡើងវិញ ដែល​ត្រូវបាន​ស្ថាបនា​តាំងពី​ព្រេងនាយ​មកហើយ នៅលើ​ភ្នំ​អភ័យ​គិរី (គឺធ្វើឡើង​ដើម្បី) មិន​ឲ្យ​ជ្វា រុករាន​យាយី​ស្រុក​ខ្មែរ​តទៅទៀត។

ដូចនេះ អត្ថបទ​សិលាចារឹក​នេះ បាន​ពិពណ៌នា​អំពី​ពិធី​សាសនា និង វត្ថុបំណង នៃ​ពិធី​នេះ ក្រោយពី ការជួសជុល​ចម្លាក់​ព្រះ​ពោធិសត្វ​ទាំង ៩អង្គ គឺ​ចង់បង្ហាញ​អំពី ឆ​ន្ទះ​ខ្មែរ ក្នុងការ​ការពារ អធិបតេយ្យភាព​របស់ ព្រះរាជាណាចក្រ​កម្ពុជា ឬ​ស្រុក​ខ្មែរ ដើម្បី​កុំ​ឲ្យ​ជ្វា​មក​ឈ្លានពាន។ គួរ​គប្បី​រំលឹក​នៅទីនេះ​ផងដែរ​ថា បញ្ហា​រុក រានទន្ទ្រាន​ទឹកដី​នៃ​នគរ​ខ្មែរ គឺ​ដោយ​ជ្វា​ក៏ត្រូវ​បាន​គូសបញ្ជាក់​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី២ នៅលើ ភ្នំ​គូលែន ឬ​ម​ហេ​ន្ទ្រ​ប​ព៌​ត តាមរយៈ​សិលា​ចា​រក​ស្តុក​កក់ធំ​ដែរ។

ជារួម​គេ​អាច​និយាយបានថា ពិធី​សាសនា​លើ​ភ្នំ​អភ័យ​គិរី​នៅ​ឆ្នាំ ១០០៦នៃ​គ.ស ត្រូវបាន​ផ្តើមចេញពី ពិធី​សាសនា​ទេវរាជ នៅលើ​ភ្នំ​ម​ហេ​ន្ទ្រ​ប​ព៌​ត (គូលែន) ដែល​ព្រះបាទ​ជ័យ​វរ្ម័នទី២ បាន​ប្រារព្ធ​នៅ​ឆ្នាំ ៨០២ យ៉ាង​ប្រាកដ។ ក៏ប៉ុន្តែ​ដូច​លោក​កង្វល់​ខា​ត្សី​ម៉ា ដែល​បានកត់សម្គាល់ យើង​គិតថា ពិធី​ទេវរាជ អាចជា​ពិធី ក្នុង​ព្រះពុទ្ធសាសនា​និកាយ វ​ជ្រ​យាន ឬ​និកាយ​ពេជ្រ (វីរ​យាន) ដែល​ធ្វើឡើង​កុំ​ឲ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ទៅ ក្រោម​អំណាច​ជ្វា ពោល​គឹ​មិនមែន​ពិធី​ក្នុង​ព្រហ្មញ្ញសាសនា​ឡើយ។

សូម​រំ​ឮ​ក​ផងដែរ​ថា ពាក្យ​ស្រុក​ខ្មែរ​នៅទីនេះ ដែលជា​ពាក្យ​ខ្មែរ​សុទ្ធសាធ គឺ​ត្រូវ​នឹង​ពាក្យ នគរ ឬ ប្រទេស​ខ្មែរ ដែលមាន​ប្រភពពី​ប្រទេស​ឥណ្ឌា ហើយ​ដែលជា​ភាសាសំស្ក្រឹត ហើយ​ម្យ៉ាងវិញទៀត ពាក្យ​ទាំង នេះ​ក៏​នៅតែ​ពេញនិយម​រហូតដល់​សព្វ​ថ្ងៃ៕ (ម.ត្រា​ណេ)

ដោយ បណ្ឌិត មី​សែ​ល ត្រា​ណេ
ប្រភព​អត្ថបទ៖ http://khemaravidya.com


Tag:
 ខេ​មរ​វិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com