ជាតិ
សង្គមជាតិ
អ្នករាយការណ៍​ពិសេស UN ថ្មី ប្តេជ្ញា​សហការ​ជាមួយ​រដ្ឋាភិបាល​ពង្រឹង​សិទ្ធិមនុស្ស​នៅ​កម្ពុជា
24, Sep 2015 , 7:48 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ អ្នករាយការណ៍​ពិសេស​ថ្មីរបស់​អង្គការសហប្រជាជាតិ (UN) ឃ្លាំមើល​​ស្ថានភាព​​​សិទ្ធិ​​មនុស្ស​​​ប្រចាំ​​កម្ពុជា លោកស្រី រ៉ូ​ណា ស្ម៊ី​ត (Rhona Smith) ប្តេជ្ញា​ថា នឹង​បន្ត​សហប្រតិបត្តិការ​ជាមួយរដ្ឋាភិបាលជំរុញ​ការងារ​លើ​កម្ពស់​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បន្ថែមទៀត។ ការលើកឡើង​នេះ ប្រព្រឹត្តឡើង​ក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន នៅ​រសៀល​ថ្ងៃទី២៤ កញ្ញា​នេះ នៅ​ការិយាល័យ​សិទ្ធិមនុស្ស​អង្គ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា (OHCHR)។



បន្ទាប់ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ៩ថ្ងៃ​នៅ​កម្ពុជា​​លើកដំបូង លោកស្រី Rhona Smith កត់សម្គាល់ថា កម្ពុជា​បាននិង​កំពុង​បន្ត​អភិវឌ្ឍ​ក្នុង​ល្បឿន​មួយ​លើសពី​ការរំពឹងទុក ហើយដែល​កំពុង​លេចធ្លោ​នៅក្នុង​ចំណោម​ប្រទេស​ក្នុង​សមាគម​អាស៊ាន (ASEAN) និង​ពិភពលោក។ លោកស្រី​បន្តថា ការធ្វើដំណើរ​ឆ្ពោះទៅមុខ វា​គឺជា​ការសំខាន់​ដែល​គ្រប់​ពី​អង្គ​ទាំងអស់ អាច​ដើរតួនាទី​មួយ​ប្រកបដោយ​អត្ថន័យ ក្នុងការ​ពិភាក្សាគ្នា​អំពី​អនាគត​របស់​កម្ពុជា។

លោកស្រី​ពិនិត្យឃើញ​ភាព​វិជ្ជមាន​ពី​សិទ្ធិសេរីភាព​នៅ​កម្ពុជា​ថា៖«ពិតណាស់ ទិដ្ឋភាព​វិជ្ជមានមួយ ក្នុងចំណោម​ទិដ្ឋភាព​វិជ្ជមានធំៗផ្សេងទៀត គឺ​ការបង្ក​ឱកាស​ប្រើប្រាស់​បណ្តាញ សារព័ត៌មាន​សង្គម និង​សង្គម​ស៊ីវិល​រីកដុះដាល»។

​បេសកកម្ម​ជា​អ្នក​ការណ៍​ពិសេស UN សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោកស្រី Rhona Smith មាន​គោលដៅ​ចំនួន ២ចម្បង​គឺ ការណែនាំ​ខ្លួន​ដើម្បី​បង្កើត​ទំនាក់ទំនង​ជិត​សិ្ន​ទ្ធ​ក្នុងន័យ ស្ថាបនា​ជាមួយ​រដ្ឋាភិបាល និង​ដៃគូ​ពិភាក្សា​ពាក់ព័ន្ធ​ដ៏ទៃទៀត ដែលជា​មូលដ្ឋាន​មួយសម្រាប់​ការបំពេញ​អាណត្តិ​ការងារ។

ជាមួយគ្នានេះដែរ លោកស្រី​បាន​ប្តេជ្ញា​ថា​នឹង​បន្ត​បំពេញការងារ​ស្នង​តំណែង​ពី អ្នករាយការណ៍ ពិសេស​អាណ​តិ្ត កន្លងទៅ ក្នុង​ការផ្តល់​ប្រឹក្សា​យោបល់ ត្រួតពិនិត្យ​ឃ្លាំមើល និង​រាយការណ៍​ពី ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ពិសេស​គឺ​ការ​អនុ​វ​ត្ក​ច្បាប់​ដែលមាន​ឥទ្ធិពល​លើ​សិទ្ធិមនុស្ស។ «ការធានា​ដល់​ការគោរព​សិទ្ធិមនុស្ស និង​សេរីភាព​មូលដ្ឋាន គឺជា​កាតព្វកិច្ច​ចម្បង​របស់​រដ្ឋ នីមួយៗ ដែល​ទទួលយក​សន្ធិសញ្ញា​សិទ្ធិមនុស្ស​អន្តរជាតិ ដើម្បី​ធានា​ការពារ​សិទ្ធិ​ក្នុង​ដែន សមត្ថកិច្ច​របស់ខ្លួន»។ នេះ​ជា​ប្រសាសន៍​បញ្ជាក់​របស់លោក​ស្រី រ៉ូ​ណា ស្ម៊ី​ត។

ក្នុងនាម​ជា​អ្នករាយការណ៍​ពិសេស UN លោកស្រី​ត្រៀម​សហការ​ជាស្រេច​ជាមួយ​រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ អនុវត្តន៍​ឲ្យ​មាន​ប្រសិទ្ធភាពនូវ​ការផ្តល់​សិទ្ធិមនុស្ស ពេញលេញ​ដល់​ប្រជាជន​កម្ពុជា។ លោកស្រី​ថា៖«ខ្ញុំ​បាន​សន្យាថា នឹង​អនុវត្ត​ភារកិច្ចដ៏​សំខាន់​នេះ ប្រកបដោយ​សុចរិត​ភាព អព្យាក្រឹតភាព​ក្នុង​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ។ ខ្ញុំ​សូម​អរគុណ ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជាដែល​បានទទួល​ស្វាគមន៍​ខ្ញុំ​យ៉ាង​កក់ក្តៅ​បំផុត នៅក្នុង​អំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ»។

ក្នុង​ដំណើ​ទស្សនកិច្ច​ជា​លើកដំបូង​នៅ​កម្ពុជា រយៈពេល៩ថ្ងៃ ចាប់ពី​ថ្ងៃទី១៦ ដល់​ថ្ងៃទី ២៤ កញ្ញា​នេះ អ្នករាយការណ៍​ពិសេស​ថ្មីរបស់ UN ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា លោកស្រី រ៉ូ​ណា ស្ម៊ី​ត បាន​ចូលជួប​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រីក្រសួង​មហា​ផៃ្ទ លោក ស ខេង រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ វង្ស​វ​ឌ្ឍ​នា និង​សមាជិក​ជាន់ខ្ពស់​រាជរ​ដ្ឋា​ភិ​បាលដ​ទៃទៀត ព្រមទាំង​អនុប្រធាន​ទី១ នៃ​រដ្ឋសភា លោក កឹម សុខា ផងដែរ។ ក្រៅពីនោះ លោកស្រី​ក៏បាន​ជួប​ជាមួយ​តំណាង សង្គម​ស៊ីវិល និង​សហគមន៍​មូលដ្ឋាន​នានា ព្រមទាំង​ក្រុម​អង្គការ សហប្រជាជាតិ និង​សហគមន៍​ម្ចាស់ជំនួយ។

គួរ​បញ្ជាក់ផងដែរ លោកស្រី Rhona Smith ត្រូវបានតែងតាំង​ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN ក្នុង​ខែមីនា ឆ្នាំ២០១៥ ស្នង​តំណែង​របស់លោក សុរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី ដែល​បានបញ្ចប់​អាណត្តិ ៦ឆ្នាំ នៅ​ខែមីនា ឆ្នាំ២០១៥ ដើម្បី​ធ្វើ​សេចក្តីរាយការណ៍ និង​ផ្តល់​ប្រឹក្សា​យោបល់​ស្តីពី ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោកស្រី Rhona Smith ជា​សាស្ត្រាចារ្យ​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ចក្រភព​អង់គ្លេស និង​ជា​សាស្ត្រាចារ្យ​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ផ្នែក​ច្បាប់​សិទ្ធិមនុស្ស៕


© រក្សាសិទ្ធិដោយ thmeythmey.com