ជាតិ
សង្គមជាតិ
លោក ស ខេង ស្នើ​បញ្ជូន​នគរបាល​កម្ពុជា​ទៅ​បណ្តុះបណ្តាល​នៅ​ឥណ្ឌា
24, Sep 2015 , 8:12 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បានស្នើ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ថ្មី​ប្រចាំ​កម្ពុជាឲ្យ​ជួយ​បញ្ជូន​ក​ម្លាំ​នគរបាល​កម្ពុជា​ទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នៅ​ប្រទេស​ឥណ្ឌា និង​បញ្ជូន​សាស្ត្រាចារ្យ​ឥណ្ឌា​មក​បណ្តុះបណ្តាល​នគរបាល​កម្ពុជានៅក្នុង​ប្រទេស​កម្ពុជា។ នេះ​បើតាម​ការផ្សាយ​លើ​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។



ថ្លែង​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ថ្មី​ប្រចាំ​កម្ពុជាលោក Naveen Srivastava នា​ថ្ងៃទី២៣ កញ្ញា​នេះ នៅ​ទីស្តីការក្រសួងមហាផ្ទៃ លោក ស ខេង និយាយថា ការងារ​ការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់​សង្គម ដែលជា​កត្តា​ស្នូល​ក្នុងការ​អភិវឌ្ឍន៍​សង្គម​កម្ពុជា ដោយលោក​ស្នើ​ស្ថានទូត​ឥណ្ឌា​ថ្មីប្រចាំ​កម្ពុជា ជួយ​ជំរុញ​ការបញ្ជូន​កម្លាំនគរបាល​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ឬក៏បញ្ជូន​គ្រូបង្រៀន​មក​កម្ពុជា​វិញ។

តាម​ប្រភព​ប៉ូលីស ទន្ទឹមគ្នា​នឹង​ពង្រឹងពង្រីក​ទំនាក់ទំនង សេដ្ឋកិច្ច សន្តិសុខ​រវាង​ប្រ​ទស​កម្ពុជា ឥណ្ឌា លោក Naveen Srivastava សន្យាថា ឥណ្ឌា​នឹង​ជំរុញ​ឲ្យ​កម្លាំង​នគរបាល​ប្រទេស​ទាំងពីរ បាន​ជួប​ទំនាក់ទំនង និង​ទទួលបាន​បណ្តុះបណ្តាល​ហ្វឹកហ្វឺន​ជំនាញ​ការពារ​សន្តិសុខ ពិសេស​គឺ ការជំរុញ​ឲ្យ​នគរបាលជាតិ​កម្ពុជា ទទួលបាន​ការហ្វឹកហ្វឺន​ជំនាញ​ទប់ស្កាត់ បទល្មើស​បច្ចេកវិទ្យា​នៅ​កម្ពុជា ស្របពេល​កម្លាំង​នគរបាល​ឥណ្ឌា កំពុងមាន​ជំនាញ​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន៕


© រក្សាសិទ្ធិដោយ thmeythmey.com