ជាតិ
សង្គមជាតិ
​រដ្ឋធម្មនុញ្ញសរសេរ និង​រដ្ឋ​ធម្ម​នុញ្ញ​មិន​សរសេរ​?
24, Sep 2015 , 8:41 pm        
រូបភាព
ដោយ: ថ្មីៗ
ថ្ងៃទី ២៤ ខែកញ្ញា  ឆ្នាំ ១៩៩៣ ជា​ថ្ងៃ​ដែល​ព្រះមហាក្សត្រ​កម្ពុជា ប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​ទី ៦ ជា​ប្រវត្តិសាស្ត្រ​កម្ពុជា ពោលគឺ​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន។ មកដល់​ឥឡូវ រដ្ឋធម្មនុញ្ញ​នេះ មាន​រយៈពេល ២២ ឆ្នាំ និង​បាន​វិសោធនកម្ម​ចំនួន ៨ លើ​ករូច​មកហើយ។ តើ​មាត្រា​ណាខ្លះ ដែល​បាន​វិសោធនកម្ម? តើ​អ្នកណា​ជា​អ្នកមាន​សមត្ថកិច្ច​ស្នើ​ឲ្យ​វិសោធនកម្ម? ហើយ​ថា តើ​រដ្ឋធម្មនុញ្ញ​កម្ពុជា​បច្ចុប្បន្ន ជា​រដ្ឋធម្មនុញ្ញ​ប្រភេទ​ណា?



សូម​ស្តាប់​សំណួរចម្លើយ​រវាង​លោក រឿន ភា​រុន និង​លោក ជា ធី​រិ​ទ្ធ៖



សំណួរ៖ ជាបឋម​ចង់​ឲ្យ​ធី​រិ​ទ្ធ ពន្យល់ថា ក្នុង​រយៈពេល ២២ ឆ្នាំ មកនេះ រដ្ឋធម្មនុញ្ញ​កម្ពុជា​ឆ្នាំ ១៩៩៣ ត្រូវបាន​រដ្ឋសភា​វិសោធនកម្ម​ប៉ុន្មាន​ដង​ហើយ? ហើយ​សូម​ឲ្យ​ធី​រិ​ទ្ធ បញ្ជាក់​ពី​កាលបរិច្ឆេទ និង​មាត្រា​ដែល​បាន​វិសោធនកម្ម​ផង?

ចម្លើយ៖ ចាប់តាំងពី​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣  រហូតដល់​ពេលបច្ចុប្បន្ន​នេះ រដ្ឋធម្មនុញ្ញ​នេះ ត្រូវបាន​រដ្ឋសភា​វិសោធនកម្ម​ចំនួន ៨ លើក រួចមកហើយ។ លើក​ទី ១ នៅ​ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ១៩៩៤ ពេលនោះ​វិសោធនកម្ម​មាត្រា ២៨ លើក​ទី ២ នៅ​ថ្ងៃទី ២ ខែមីនា ឆ្នាំ ១៩៩៩ វិសោធនកម្ម​មាត្រា ៧៤ លើក​ទី ៣ នៅ​ថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០០១ វិសោធនកម្ម​មាត្រា១៩ និង២៩ លើក​ទី ៤ នៅ​ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០០៤ ធ្វើ​ច្បាប់រដ្ឋធម្មនុញ្ញ​បន្ថែម ( ត្រង់ចំណុច​នេះ នៅ​មិនទាន់មាន​ការអះអាង​ច្បាស់​នោះឡើយ ព្រោះ​មានការ​បកស្រាយផ្សេងៗគ្នា​ថា មិនមែន​ជាការ​វិសោធន​កម្ម​ទេ តែ​ជាការ​បង្កើត​បន្ថែម ឯ​អ្នកច្បាប់​ខ្លះ​ទៀតថា ជាការ​វិសោធនកម្ម ចំណែក​ខាង​ស្ថាប័ន​រដ្ឋសភា ចាត់ទុក​ការធ្វើ​ច្បាប់រដ្ឋធម្មនុញ្ញ​បន្ថែម​ស្មើនឹង​វិសោធនកម្ម)  ការ​វិសោធនកម្ម​លើក​ទី ៥ នៅ​ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០០៥ វិសោធនកម្ម​មាត្រា ៨៨ និង​មាត្រា ១១១ ថ្មី លើក​ទី ៦ នៅ​ថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០០៦ វិសោធនកម្ម​មាត្រា ៨២ មាត្រា ៨៨ ថ្មី មាត្រា ៩៨ និង​មាត្រា ១០៦ ថ្មី លើក​ទី ៧ នៅ​ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០០៨ វិសោធនកម្ម​មាត្រា ១៤៥ ថ្មី និង​មាត្រា ១៤៦ ថ្មី និង​ចុងក្រោយ​នៅ​ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០១៤ វិសោធនកម្ម​មាត្រា ៧៦ និង​មាត្រា​ទាំងឡាយ​ចាប់ពី​ជំពូក ១៥ ដល់​ជំ​ពួក​ទី ១៦។

សំណួរ៖ឃើញថា រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ននេះ វិសោធនកម្ម​ដល់​ទៅ ៨ លើក​មកហើយ តែ​សំណួរ​របស់ខ្ញុំ​ចង់ដឹង​យ៉ាងនេះ​វិញ​ទេ​ថា តើ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា អ្នកណាខ្លះ​ដែលមាន​សិទ្ធិ​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម? ហើយ​ថា ការធ្វើ​វិសោធនកម្ម​រដ្ឋ​ម្មនុញ្ញ គេ​អាច​ធ្វើបាន​គ្រប់ពេល​តែម្តង ឬក៏​មាន​ករណី​ហាមប្រាម​មិន​ឲ្យ​វិសោធនកម្ម​ដែរ?

ចម្លើយ៖ តាមពិត​ច្បាប់រដ្ឋធម្មនុញ្ញ គឺជា​ច្បាប់កំពូល ច្បាប់គ្រឹះ​របស់​ប្រទេស ហើយ​ប្រសិនបើ​ច្បាប់​ទាំងឡាយណា​ដែលមាន​ខ្លឹមសារ​ប្រាសចាក​ពី​ច្បាប់រដ្ឋធម្មនុញ្ញ ក្រុមប្រឹក្សាធម្មនុញ្ញ ជា​អ្នកមាន​សមត្ថកិច្ច​ប្រកាស​ពី​អសុពល​ភាព​នៃ​ច្បាប់​នោះ។ ម្យ៉ាងទៀត​ច្បាប់រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ជា​ប្រភេទ​រដ្ឋធម្មនុញ្ញ​សរសេរ​ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​មិន​សរសេរ ហេតុដូច្នេះ​ការ​វិសោធនកម្ម មិនមែនជា​រឿងងាយៗ ធ្វើបាន​តាមចិត្ត​នោះឡើយ។ ក្រឡេក​មក​ឆ្លើយ​សំណួរ​ភា​រុន ផ្អែក​តាម​មាត្រា ១៥១ ថ្មី​នៃ​រដ្ឋធម្មនុញ្ញ អ្នក​ដែលមាន​សមត្ថកិច្ច​ស្នើសុំ​ឲ្យ​មានការ​វិសោធនកម្មរ​ដ្ឋ​ធម្មនុញ្ញ​បាន មានតែ ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា តាម​សំណើ១ ភាគ ៤ នៃ​សមាជិក​រដ្ឋសភា​ទាំងមូល។ ហើយ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បាន​ត្រូវអនុម័ត​ដោយ​សំឡេង ១ ភាគ ៣ នៃ​សមាជិក​រដ្ឋសភា​ទាំងអស់។ រីឯ​ការហាមឃាត់​មិន​ឲ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​វិញ ផ្អែក​តាម​មាត្រា ១៥២ ថ្មី​មាត្រា ១៥៣ ថ្មី នៃ​រដ្ឋធម្មនុញ្ញ បាន​ហាម​មិន​ឲ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឡើយ នៅពេលដែល​ប្រទេសជាតិ​កំពុងតែជួបប្រទះ​នូវ​បញ្ហា​អាសន្ន ដូចជា ករណី​ប្រទេស កំពុងមាន​សង្គ្រាម កងកម្លាំង​បរទេស​ឈ្លានពាន​កាន់កាប់​ទឹកដី។ ហើយក៏​ហាម​មិន​ឲ្យ​ឲ្យ​ធ្វើ​វិសោធនកម្ម​ដែរ ប្រសិនបើ​វា​ប៉ះពាល់​ដល់​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​និង​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ។ នេះ​បើ​យោងតាម​មាត្រា ១៧ និង​មាត្រា ៨៦ នៃ​ច្បាប់រដ្ឋធម្មនុញ្ញ។

សំណួរ៖ ធី​រិ​ទ្ធ បានលើកឡើង​ពី​រដ្ឋធម្មនុញ្ញ សរសេរ និង​រដ្ឋធម្មនុញ្ញ​មិន​សរសេរ។ តើ​រដ្ឋធម្មនុញ្ញ​ទាំងនេះ​វា​ខុសគ្នា​យ៉ាងដូចម្តេច?

ចម្លើយ៖ រដ្ឋធម្មនុញ្ញ​សរសេរ និង​រដ្ឋធម្មនុញ្ញ​មិន​សរសេរ មិន​ខុសគ្នា​ត្រង់​ថា​រដ្ឋធម្មនុញ្ញ​មួយ​សរសេរ​ជា​លាយលក្ខណ៍អក្សរ និង​មួយទៀត​មិន​សរសេរ​នោះទេ តាមពិត​វា​ខុសគ្នា​ត្រង់​ថា រដ្ឋធម្មនុញ្ញ​មិន​សរសេរ គឺជា​រដ្ឋធម្មនុញ្ញ ដែល​មិនមែន​បង្កើតឡើង​ដោយ​ស្ថាប័ន ឬ​អង្គការ​សភាធម្មនុញ្ញ ពោលគឺ​កើតឡើង​ដោយ​ទំនៀមទម្លាប់​ប្រពៃណី​ច្បាប់​ដែល​ដូនតា គេ​បាន​បង្កើត​មក ហើយ​បើ​មាន​ត្រង់ចំណុច​ណាមួយ ដែល​មិន​ផ្តល់​ផលប្រយោជន៍​សម្រាប់​ជាតិ​ទេនោះ គេ​គ្រាន់តែ​វិសោធនកម្ម​លុបចោល​តែប៉ុណ្ណោះ។ ហើយ​ប្រទេស​ដែល​អនុវត្ត​រដ្ឋធម្មនុញ្ញ​​ប្រភេទ​នេះ មានដូចជា​ប្រទេស​អាមេរិក​ជាដើម។ រីឯ​រដ្ឋធម្មនុញ្ញ​សរសេរ គឺជា​រដ្ឋធម្មនុញ្ញ ដែល​បង្កើតឡើង​ដោយ​ស្ថាប័ន ឬ​អង្គការ​សភាធម្មនុញ្ញ ដែល​មិន​កើតឡើង​ដោយ​ប្រពៃណី​ទំនៀមទម្លាប់​ឡើយ។ តួ​យ៉ាងដូច​កម្ពុជា​ក៏​អនុវត្ត​រដ្ឋធម្មនុញ្ញ​សរសេរ​នេះដែរ។

ភា​រុន​និយាយ​ដល់​រដ្ឋធម្មនុញ្ញ​សរសេរ​នេះ ខ្ញុំ​ក៏​សូម​បញ្ជាក់ដែរថា នៅក្នុង​ប្រទេស​ដែល​ប្រកាន់​ច្បាប់ Civil law គេ​អាចបែងចែក​រដ្ឋធម្មនុញ្ញ​នេះ​ជា​ពីរ​ទៀត គឺ​រដ្ឋធម្មនុញ្ញ​សរសេរ​តឹង និង​រដ្ឋធម្មនុញ្ញ​សរសេរ​ធូរ។ ខ្ញុំ​សូម​និយាយ​ឲ្យ​ខ្លី​ថា រដ្ឋធម្មនុញ្ញ​តឹង​ឬ​ធូរ​តែម្តង មិនចាំបាច់​និយាយ​រដ្ឋធម្មនុញ្ញ​សរសេរ​តឹង​ឬ​ធូរ​ទេ។ រដ្ឋធម្មនុញ្ញ​តឹង គឺជា​រដ្ឋធម្មនុញ្ញ​ដែល​ពិបាក​បង្កើត និង​ពិបាក​វិសោធនកម្ម ហើយ​បើ​អាច​វិសោធន​កម្មបាន លុះត្រា​តែមាន​លក្ខខណ្ឌ ដូចជា រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា ជាដើម។ ឯ​រដ្ឋធម្មនុញ្ញ​ធូរ គឺជា​រដ្ឋធម្មនុញ្ញ​ស្រួល​បង្កើត​និង​ស្រួល​វិសោធនកម្ម មិនចាំបាច់​ដល់​មាន​សំឡេង ១ ភាគ ៣ នៃ​សមាជិក​រដ្ឋសភា​នោះទេ។ រដ្ឋធម្មនុញ្ញ​សរសេរ​ធូរ​នេះ ភាគច្រើន​មិនសូវ​អនុវត្ត​ឡើយ ព្រោះ​មានគុណ​វិបត្តិ​ច្រើន៕


Tag:
 ច្បាប់
  រដ្ឋធម្មនុញ្ញា
© រក្សាសិទ្ធិដោយ thmeythmey.com