ជាតិ
សង្គមជាតិ
ក្រុមហ៊ុនកាត់ដេរ និង​សហជីព​នៅតែ​ខ្វែងគំនិត​គ្នា​អំពី​ប្រាក់​ឈ្នួល​អប្បបរមា
26, Sep 2015 , 12:27 pm        
រូបភាព
ដោយ:
 
ភ្នំពេញ៖ តំណាង​និយោជក​ក្នុង​វិស័យ​កាត់ដេរ​ច្រានចោល​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន២០៧ដុល្លារ និង​បាន​ព្រមាន​ថា ពលរដ្ឋ​កម្ពុជា​រាប់ម៉ឺន​នាក់​អាច​បាត់បង់​ការងារ ប្រសិនបើ​មានការ​ប្រើប្រាស់​តួលេខ​មិន​ច្បាស់លាស់​សម្រាប់ធ្វើ​ការចរចា។ មេដឹកនាំ​សហជីព​បាន​ថ្លែង​ការពារ​តួលេខ​នេះ ហើយ​ថា ការធ្វើ​កូដកម្ម​នឹង​ផ្ទុះឡើង​ក្នុងករណី​ដែល​ការចរចា​មិនអាច​ផ្តល់​ឲ្យ​កម្មករ​នូវ​ប្រាក់​ឈ្នួល ដែល​អាច​ទប់​ទល់នឹង​ការចំណាយ​ជាក់ស្តែង​ប្រចាំថ្ងៃ​បាន​នោះ។


នៅ​ថ្ងៃ​អង្គារ​នេះ លោក វ៉ាន់ ស៊ូ​អៀង ប្រធាន​សមាគម​កាត់ដេ​រ​នៅ​កម្ពុជា​បាន​ព្រមាន​អំពី​ការបាត់បង់​ការងារ​ស​ម្រា​ប់​ពលរដ្ឋ​កម្ពុ​ជាជាង៨០០.០០០នាក់ នៅក្នុង​វិស័យ​កាត់ដេរ ប្រសិនបើ​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​មិន​ត្រូវបាន​ធ្វើឡើង​ដោយមាន​តម្លាភាព។
 
ការព្រមាន​របស់​តំណាង​និយោជក​រូបនេះ​កើតមានឡើង បន្ទាប់ពី​មានការ​ចេញផ្សាយ​របាយ​ការណ៍​ថ្មី​មួយ ដែល​បាន​បង្ហាញថា កម្មករ​ត្រូវការ​ប្រាក់​ឈ្នួល​អប្បបរមា២០៧ដុល្លារ​សម្រាប់​ទប់ទល់​ការចំណាយ​ប្រចាំខែ​របស់​ពួកគេ។
 
ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​ធ្វើឡើង​នៅឯ​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ លោក វ៉ាន់ ស៊ូ​អៀង មានប្រសាសន៍ថា និយោជក​ចង់ឃើញ​ការចរចា​ប្រាក់​ឈ្នួល​ប្រកបដោយ​ភាពត្រឹមត្រូវ ដែល​អាច​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​កម្រិត​ដែល​និយោជក​អាច​ផ្តល់ជូនបាន នៅមុន​ពេល​ពួកគេ​សម្រេច​ដើរចេញ​ពី​ប្រទេស​កម្ពុជា ឬក៏​ឈប់​មក​បោះទុន​ក្នុង​វិស័យនេះ។
លោក​បាន​ច្រានចោល​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន២០៧ដុល្លារ​នេះដែរ ដោយ​លោក​សំអាងថា តួលេខ​នេះ​មិនត្រូវ​បានធ្វើ​ឡើង​ដោយមាន​ការស្រាវជ្រាវ​ច្បាស់លាស់​ចំពោះ​ស្ថានភាព​សង្គម និង​សេដ្ឋកិច្ច​នៅ​កម្ពុជា​នោះទេ។
 
«ខ្ញុំ​ចង់​ឲ្យ​ប្រជាជន​យើង​ដឹង​ទាំងអស់ ជាមួយនឹង​កម្មករ​ថា មួយឆ្នាំៗ យើង​មាន៣០ម៉ឺន​នាក់​រក​ការងារ​ធ្វើ​ស្រុក​ខ្មែរ។ បើ​ថា អត់​មាន​វិស័យ​ណា​ផ្នែក​សេដ្ឋកិច្ច​ណា​បង្កើត​ការងារ​ឲ្យ​កម្មករ រក​ការងារ​ឲ្យ​ប្រជាជន​យើង​ធ្វើ ពិបាក​ណាស់។ ចង់ទៅ​ថៃ​ទាំងអស់​អ្ហេ! ចង់ទៅ​វៀតណាម​ទាំងអស់​អ្ហេ! ទៅ​កន្លែង​គេ​មិន​ស្រួល​ទេ។ រួចហើយ​ឪពុកម្តាយ​យើង​អត់​ចង់​ឲ្យ​កូន​យើង​ទៅ​ស្រុក​គេ​ទេ ឲ្យ​គេ​ធ្វើបាប​រហូត។ បើ​ថា យើង​អត់​មានការ​ងារ​ធ្វើ​នៅ​ស្រុក​ខ្មែរ ប្រយ័ត្ន​ថា សេដ្ឋកិច្ច​យើង​ដួល​ទៅ មិន​ស្រួល​ទេ​ណា៎ ហើយ​ហៅ​គេ​មក​ពិបាក​ណាស់ ពីព្រោះ​គេ​មើល​យើង​ថា អ្ហេ! កាត់ដេរ​ធ្វើ១០និង២០ឆ្នាំ​ហើយ ធ្វើ​អត់​រស់​ទៀត ហើយ​បាត់​ទាំងអស់ ខ្ញុំ​ម៉េច​ហ៊ាន​ធ្វើ​ស្រុក​ខ្មែរ​ទៀត!»។
 
លោក​បាន​បន្ទោស​សហជីព​អន្តរជាតិ និង​ជនបរទេស។ លោក​បន្ថែមថា៖ «អាហ្នឹង​យើង​ត្រូវ​ពិចារណា​ខ្លាំង​មែនទែន ហើយ​កុំ​ចេះតែ​ស្តាប់​ពួក​អ្នក​បរទេស​ហ្នឹង! ចុះ​សហជីព​ពាណិជ្ជកម្ម ពាណិជ្ជកម្ម​អន្តរជាតិ​អី​មកដល់ ហើយ​ចាយលុយ​ឲ្យ​គេ​ស្រាវជ្រាវ ហើយ​ចេញមក២០៧ដុល្លារ ស្អែក​ចេញមក​ទៀត២៣០ដុល្លារ ខានស្អែក៣០០ដុល្លារ ចេះតែ​ថា»។
 
លទ្ធផល​បឋម​ដែល​បានមកពី​ការ​ស្ទាបស្ទង់​អំពី​តម្រូវការ​របស់​កម្មក​រ​ចំនួន៧៤៥នាក់​ធ្វើឡើង​ដោយ​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ DC Research បង្ហាញថា ចំនួន​ពាក់កណ្តាល​នៃ​កម្មករ​ទាំងអស់នេះ​ចង់​ទទួលបាន​ប្រាក់​ឈ្នួល២០៧,៥០ដុល្លារ​ក្នុង​មួយខែ។
 
មេដឹកនាំ​សហជីពធំៗនៅក្នុង​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹងថា ពួកគេ​នៅតែ​ប្រកាន់​ជំហរ​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន២០៧ដុល្លារ​ដដែល ពីព្រោះ​របាយការណ៍​នេះ​ត្រូវបាន​ធ្វើឡើង​តាម​ការចុះ​ជួប​ផ្ទាល់​របស់​អ្នកស្រាវជ្រាវ​ជាមួយនឹង​កម្មករ។
 
អ្នកស្រី ឆេង ដា​នោ ប្រធានស្តីទី​នៃ​សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយ​ណ​ភណ្ឌ​កាត់ដេរ​កម្ពុជា​ថ្លែងថា សហជីព​ជាង១០បានសម្រេច​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ពួកគេ​នឹង​យក​តួលេខ​ប្រាក់ខែ​អប្ប​រិ​មា២០៧ដុ​លា្ល​រ​នេះ​ទៅ​ចរចា ហើយ​ថា និយោជក​ជំទាស់​នឹង​តួលេខ​នេះ ពីព្រោះ​វា​ច្រើនជាង​ការគិត​របស់​ពួកគេ។
 
«តាម​អ្វីដែល​ពួក​ខ្ញុំ​គិត ខ្ញុំ​គិតថា GMAC គាត់​ចាំតែ​ជំទាស់ ប្រសិនបើ​រកឃើញ​អ្វី​ច្រើនជាង​ការគិត​របស់គាត់។ អញ្ចឹង​គាត់​ចាំតែ​ជំទាស់​យើង  តែ​បើសិនជា​រក​ទៅ បើ​ឃើញ​ទៅ​វា​ទាប ដូច​ការគិត​របស់គាត់ អាហ្នឹង​គាត់​ព្រម​ទទួលយក​ហើយ តែ​ដល់ពេល​យើង​រក​ទៅ​វា​មិន​តាមចិត្ត​គាត់​ចង់បាន គាត់​មិន​ឲ្យ​យើង​ទេ»។
 
លោក គង់ អាទិត្យ អគ្គលេខាធិការ​សហភាព​ការងារ​កម្ពុជា បាន​ឲ្យ​ដឹង​ដែរ​ថា ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន២០៧ដុល្លារ​នេះ​ទើបតែ​ត្រូវបាន​រកឃើញ ហើយ​វា​ស្ថិត​លើ​តុ​ចរចា​ជាមួយ​ដៃគូ​ពាក់ព័ន្ធ។ លោក​បញ្ជាក់ថា កម្មករ​មិន​ចង់ឃើញ​និយោជក ឬ​ថៅកែ​រោងចក្រ​ណា​ម្នាក់​ដើរចេញ​ពី​ប្រទេស​កម្ពុជា​នោះទេ។
 
«និយាយ​ទៅខាង​កម្មករ យើង​អត់​ចង់​ឲ្យ​និយោជក​ណា​គាត់​បាត់បង់ ចាក​ចេញពី​ប្រទេស​ហ្នឹង​ទេ។ យើង​ចង់​ជជែក​គ្នា ចង់​មានការ​ព្រមព្រៀង​ណាមួយ ដែល​វា​អាច​ទទួលយកបាន​ទាំងសងខាង​ដែរ។ ដូច​ឆ្នាំទៅ​អញ្ចឹង យើង​ឃើញ ហើយ​យើង​ចរចា យើង​ទាមទារ​ល្មម​អាចយ​កបាន។ យើង​មាន​ធ្វើ​អី យើង​ទទួលយក។ យើង​រងចាំ​ឆ្នាំក្រោយ​ចរចា​ម្តងទៀត​ទេតើ!»។
ទាំង​អ្នកស្រី ឆេង ដា​ណូ និង​លោក គង់ អាទិត្យ បាន​ព្រមាន​ថា កម្មករ​អាច​នឹង​សម្រេចចិត្ត​ធ្វើ​កូដកម្ម​ក្នុងករណី​ដែល​និយោជក​មិនអាច​ផ្តល់​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សមរម្យ​សម្រាប់​ពួកគេ។
 
រីឯ​លោក ហេង សួ អ្នកនាំពាក្យ​ក្រសួង​ការងារ មានប្រសាសន៍ប្រាប់​វី​អូ​អេ​ថា  ភាគី​ទាំងសងខាង​ត្រូវ​រក​ឲ្យ​បាន​នូវ​តួលេខ​ជាក់លាក់​មួយ​សម្រាប់​ឲ្យ​ភាគី​រដ្ឋាភិបាល​ធ្វើការ​ពិចារណា។ លោក​ថា រដ្ឋាភិបាល​នឹងមិន​ពិចារណា តួលេខ​ដែលមាន​លក្ខណៈ​ចម្រូងចម្រាស​នោះឡើយ។
 
«ខាង​និយោជក​ក៏​ត្រូវតែ​សម្របសម្រួល​ផ្ទៃក្នុង​ដើម្បី​ឲ្យ​មាន​តួលេខ​មួយ ហើយ​ភាគី​សហជីព​ក៏​ត្រូវតែ​សម្របសម្រួល​ផ្ទៃក្នុង​ឲ្យ​មាន​តួលេខ​មួយ។ បើសិន​ជាមាន​តួលេខ​ផ្សេងគ្នា​នោះ​គឺ​យើង​នឹងមិន​ពិចារណា​ទៅលើ​តួលេខ ដែលមាន​លក្ខណៈ​បែកខ្ញែក​គ្នា​នោះទេ»។
 
លោក​បន្តថា ភាគីនីមួយៗនឹង​បញ្ជាក់​ជំហរ​របស់​ពួកគេ​ទាក់ទិន​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នេះ នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រឹក្សា​ការងារ​នៅ​ថ្ងៃទី២៥ខាងមុខនេះ។
នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មាន​ភាពចម្រូងចម្រាស​នៅក្នុង​វិស័យនេះ ដោយសារ​មានការ​ធ្វើបាតុកម្ម​ទាម​ទារ​ឲ្យ​មានការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ឲ្យ​បាន​សមស្រប​ទៅនឹង​ការកើនឡើង​នូវ​តម្លៃ​ទំនិញ​នានា​ក្នុងប្រទេស​កម្ពុជា ដែល​បាន​បន្ត​កើនឡើង​លឿន​ជាង​ប្រាក់ខែ​កម្មករ។
 
ការតវ៉ា​របស់​កម្មក​រ​ដើម្បី​ឲ្យ​មានការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​កាលពី​ខែមករា ដើមឆ្នាំ២០១៤បាន​ប្រឈម​នឹង​ការបង្ក្រាប​ដោយ​អំពើហិង្សា​ពី​រដ្ឋាភិបាល ដែល​នាំ​ឲ្យ​មាន​មនុស្ស​យ៉ាងហោចណាស់​ចំនួន​ប្រាំ​នាក់​បាន​ស្លាប់ និង​រាប់សិប​នាក់​រងរបួស​ព្រម​ជាមួយនឹង​ការចាប់ខ្លួន​អ្នក​តវ៉ា​ដាក់ពន្ធនាគារ​មួយចំនួន​ថែមទៀត​ផង។
 
បន្ទាប់ពី​មានការ​តវ៉ា​ទាំងនោះ រដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់១២៨ដុល្លារ​ក្នុង​មួយខែ ប៉ុន្តែ​ក្រុមកម្មករ​បាន​ឲ្យ​ដឹង​កាលពីពេល​កន្លងទៅនេះ​ថា ពួកគេ​ត្រូវការ​យ៉ាងហោចណាស់១៧៧ដុល្លារ​ក្នុង​មួយខែ ដើម្បី​ទប់ទល់​នឹង​ការកើនឡើង​នូវ​ការចំណាយ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​នាពេល​បច្ចុប្បន្ន៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com