ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី និង​លោក កឹម សុខា ផ្ញើរ​សារ​ឲ្យ​ខ្មែរ​ចេះ​អត់ឱន​គ្នា ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ
28, Sep 2015 , 3:53 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក សម រង្ស៊ី
រូបពីហ្វេសប៊ុកលោក សម រង្ស៊ី
ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹកនាំ​មន្ត្រី​គណបក្ស ទៅ​ចូលរួម​ពិធី​កាន់បិណ្ឌ វេន​ទី១ ដាក់​បិណ្ឌ​ថ្ងៃទី១ នៅ​ព្រឹក​ថ្ងៃទី២៨ កញ្ញា​នេះ ដើម្បី​ឧទ្ទិស​កុសល​ដល់​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅ តាម​ប្រពៃណី។ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ទាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា សុទ្ធតែ​ផ្ញើ​សារ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចេះ​រួបរួមគ្នា និង​អត់ឱន​ឲ្យ​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ។



ក្រោយពី​ចប់​ពិធី​ដាក់​បិណ្ឌ នៅ​វត្ត​អង្គ​តា​មិញ លោក សម រង្ស៊ី មិនបាន​និយាយ​ពាក់ព័ន្ធ​នឹង​រឿង​បញ្ហានយោបាយ​អ្វី​ឡើយ ដោយ​លោក​គ្រាន់តែ​ផ្ញើរ​សារ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ត្រូវ​ចេះ​រួបរួមគ្នា និង​អត់ឱន​ឲ្យ​គ្នា ដើម្បី​ការពារ​ប្រទេសជាតិ។

ថ្លែង​ចំពោះមុខ​អ្នកកាសែត​ប្រធាន​គណបក្ស​រូបនេះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ៖«សូម​ឲ្យ​ខ្មែរ​យើង​រួបរួមគ្នា គោរព​ប្រពៃណី សាសនា​យើងទាំងអស់គ្នា ហើយ​ធ្វើបុណ្យ​ធ្វើ​ទាន​ជាមួយគ្នា ចេះ​ស្រលាញ់គ្នា អត់ឱន​គ្នា ធ្វើ​ម៉េច​ឲ្យ​ខ្មែរ​ទាំងអស់​រួមគ្នា​ជា​ធ្លុង​មួយ​ធ្វើ​ការបម្រើ​ប្រទេសជាតិ​យើងទាំងអស់គ្នា»។

ចំណែក​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​ដឹកនាំ​អ្នកតំណាងរាស្ដ្រ ចូលរួម​កាន់បិណ្ឌ​វេន​ទី១ ជាមួយនឹង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ពោធិព្រឹក្ស ហៅ​វត្ត «ខ្ទរ» ឯណោះ​វិញ ក៏បាន​ផ្ញើរ​សារ​អំពាវនាវ​ឲ្យ​ខ្មែរ​ទាំងអស់​រួបរួមគ្នា​ដោយ​សន្តិវិធី ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ​ទាំងអស់គ្នា និង​បោះបង់ចោល​នូវ​អំពើហិង្សា សងសឹក​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com