ជាតិ
បច្ចេកវិទ្យា
e-Commerce និង Telecoms ជំនាញដែលកម្ពុជា និងអាស៊ានត្រូវការ
× ព័ត៌មានសម្រាប់សិស្សដែលទើបប្រឡងជាប់បាក់ឌុប និងអ្នកស្រឡាញ់វិស័យបច្ចេកវិទ្យាព័ត៌មាន។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្រេចបង្កើតនូវគ្រឹះស្ថានឧត្តម សិក្សាមួយ ដែលមានឈ្មោះថា វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ហៅកាត់ថា «NIPTICT» (ណិបតិច)។ វិទ្យាស្ថានជាតិ ត្រូវបានរដ្ឋាភិបាលអនុញ្ញាតឱ្យបណ្ដុះបណ្ដាលថ្នាក់បរិញ្ញបត្រ៖ ១/ ពាណិជ្ជកម្ម អេឡិចត្រូនិច និងភស្ដុភារ (e-Commerce & Logistics)។ ២/ ទូរគមនាគមន៍ និងបណ្ដាញ (Telecoms & Networking) និងទី៣ វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)។
លោកបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT បានពន្យល់ថា ក្រសួងប្រៃសណីយ៍បានសម្រេចបង្កើតគ្រឹះស្ថានសិក្សានេះ ក្នុងបរិបទនៃការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(ICT) និងទូរគមនាគមន៍(Telecoms)ផង ហើយពាណិជ្ជករ អាជីវករ និងក្រុមហ៊ុនបច្ចេកវិទ្យានានាទាំងនៅក្នុងប្រទេសកម្ពុជា និងនៅបរទេសក៏កំពុងផ្តោតសំខាន់ទៅលើវិស័យពាណិជ្ជកម្មអេឡិចត្រូនិចដែរ។
ប្រធានវិទ្យាស្ថានជាតិ «ណិបតិច» ដែលអះអាងថា មានគ្រឹះស្ថានឧត្តមសិក្សាចំនួនតិចនៅឡើយនៅកម្ពុជាដែលផ្តល់ការបណ្តុះបណ្តាលជំនាញ ទូរគមនាគមន៍ និងពាណិជ្ជកម្មអេឡិចត្រូនិចនោះ បានបញ្ជាក់យ៉ាងដូច្នេះថា៖«សព្វថ្ងៃនេះ យើងសង្កេតឃើញថា និស្សិតដែលចូលរៀន ផ្នែកបច្ចេកទេសមានប្រមាណតែ ៨ភាគរយប៉ុណ្ណោះ។ ក្រៅពីនោះភាគច្រើនចូលរៀនផ្នែកវិទ្យាសាស្ត្រសង្គម គ្រប់គ្រងនិងទីផ្សារ។ ជំនាញបច្ចេកទេស ជាពិសេសជំនាញ ICT ទូរគមនាគមន៍ (Telecoms) និងពាណិជ្ជកម្មអេឡិចត្រូនិច (e-Commerce) ជាជំនាញដែលងាយរកការងារធ្វើ និងមានប្រាក់កម្រៃខ្ពស់ ដោយសារក្រុមហ៊ុននានាមានតម្រូវការច្រើន។ ប៉ុន្តែធនធានមនុស្សលើផ្នែកបច្ចេកទេសទាំងនេះ មានចំនួនតិចតួចនៅឡើយ»។
អាហារូបករណ៍
ក្នុងឆ្នាំសិក្សា ២០១៥-២០១៦ នេះ វិទ្យាស្ថានជាតិ NIPTICT ដែលជាគ្រឹះស្ថានសិក្សារបស់រដ្ឋ នឹងជ្រើសរើសសិស្សដែលជាប់បាក់ឌុបចំនួន២៦០នាក់ដើម្បីចូលរៀនថ្នាក់បរិញ្ញាបត្រលើមុខជំនាញទាំង៣ខាងលើ។ វិទ្យាស្ថានជាតិ NIPTICT នឹងផ្ដល់អាហារូបករណ៍១២០ កន្លែងដល់និស្សិតឆ្នើម ដែលក្នុងនោះ៦០ កន្លែងជាអាហារូបករណ៍១០០% និង៦០កន្លែងទៀតជាអាហារូបករណ៍៥០% ក្នុងរយៈពេល៤ឆ្នាំ។
កាលបរិច្ឆេទកំណត់ឈប់ទទួលពាក្យប្រលងគឺនៅថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០១៥ ។ ចំពោះវិញ្ញាសារប្រឡងមាន គណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស។ វិទ្យាស្ថាននេះមានទីតាំងស្ថិតក្នុងអគារថ្មីសន្លាងកម្ពស់៤ជាន់ជាប់ខាងលិចទីស្ដីការគណៈរដ្ឋមន្ត្រី៕
© រក្សាសិទ្ធិដោយ thmeythmey.com