អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក អូ​បា​ម៉ា និង ពូ​ទីន ប្រឹង​ទិតៀន​គ្នាច្រើន​ជាង​រក​ដំណោះស្រាយ​បញ្ចប់​បញ្ហា
29, Sep 2015 , 10:53 am        
រូបភាព
មេដឹកនាំ​ពិភពលោក​ជាច្រើន​អ្នក​បានផ្តល់​សុន្ទរកថា​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ម្សិលមិញ​នេះ។ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ថ្លែង​បើក​មុនគេ ដោយបាន​លើក​បញ្ហា​ពិភពលោក​ជា​ហូរហែរ ហើយ​ឆ្លៀត​វាយប្រហារ​ប្រមុខរដ្ឋ​រុស្ស៊ី​រឿង​អ៊ុយ​ក្រែ​ន​និង​សង្គ្រាម​ស៊ី​រី​ដែរ។ ចំណែក​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​វិញ​បាន​ស្វែងរក​ឱកាស​តប​និង​វាយបក​ពាក្យសម្តី​លោក អូ​បា​ម៉ា​ផងដែរ។ មេដឹកនាំ​ទាំងពីរ​ខំ​វាយប្រហារ​គ្នា តែ​ហាក់ដូច​មាន​ឆន្ទៈ​តិចតួច​ក្នុង​ស្វែង​ការរក​ដំណោះស្រាយ​ពិត​បញ្ចប់​វិបត្តិ​ពិភពលោក។


ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ជា​មេដឹកនាំ​ម្នាក់​ដែល​ឡើង​ថ្លែង​សុន្ទរកថា​មុនគេ​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ។ បន្ទាប់ពី​លោក មាន​នាយករដ្ឋមន្ត្រី ឥណ្ឌា ប្រធានាធិបតី​បារាំង និង​ប្រធានាធិបតី​រុស្ស៊ី​ផងដែរ។ ក្នុង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​លើក​ទី៧០ ដែល​បញ្ជាក់ថា​អង្គការ​នេះ​មាន​អាយុ ៧០ឆ្នាំ​ហើយ​នោះ លោក អូ​បា​ម៉ា បាន​រិះគន់​មេដឹកនាំ​រុស្ស៊ី​និង​មេដឹកនាំ​ឯទៀត​យ៉ាង​ចាស់ដៃ​ដូចជា បា​សា អាល់​អាសាដ រួមទាំង​អ្នកនយោបាយ​អាមេរិក​ផង​ដូចជា​លោក Donald Trump ជាដើម។ ទោះ​មិន​បញ្ចេញ​ឈ្មោះ​អ្នក​ទាំងនោះ​ក៏​គេ​អាច​ដឹងថា​លោក អូ​បា​ម៉ា សំដៅ​អ្នកណា​ដែរ។
 
 លោក​បាន​រិះគន់​សកម្មភាព​រុស្ស៊ី​នៅក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន​កន្លងមក ជាពិសេស​ការ​លេប​យក​ទឹកដី Crimea និង​បន្ត​ជួយផ្តល់​ជំនួយ​លុយកាក់ និង​សព្វាវុធ​ឲ្យ​ក្រុម​ឧទ្ទាម​ភាគ​ខាងកើត​ដើម្បី​ប្រឆាំង​រដ្ឋាភិបាលកណ្តាល។  លោក ថា​លោក​យល់​ពី​ទំនាក់ទំនង​ជិតស្និទ្ធ​ទាំង​ផ្នែក​វប្បធម៌ ភាសា នយោបាយ សេដ្ឋកិច្ច​ជាដើម​រវាង​រុស្ស៊ី​និង​អតីត​រដ្ឋ​សហភាពសូវៀត​អ៊ុយ​ក្រែ​ន ប៉ុន្តែ​បើ​រុស្ស៊ី​មិន​គោរព​អធិបតេយ្យ​និង​បូរណភាព​ដែនដី​អ៊ុយ​ក្រែ​ន​ផង ធ្វើ​ម្តេច​លោក​អាច​ទ្រាំ​មើល​បាន។ យ៉ាងណាក៏ដោយ​លោក ទាមទារ​ឲ្យ​ប្រមុខរដ្ឋ​រុស្ស៊ី​ប្រើប្រាស់​វិធានការ​ការទូត​សន្តិភាព​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​អ៊ុយ​ក្រែ​ន​ឲ្យ​ចប់​ចុង​ចប់​ដើម ព្រោះ​សង្គ្រាម​អ៊ុយ​ក្រែ​ន​ចប់ រុស្ស៊ី​ក៏​ចំណេញ​លែង​ត្រដរខ្យល់​ដោយសារ​សេដ្ឋកិច្ច​ធ្លាក់ចុះ និង​លែង​រង​ទុក្ខ​ព្រោះ​ទណ្ឌកម្ម​និង​ការហ៊ុំព័ទ្ធ​សេដ្ឋកិច្ច។ ប្រមុខរដ្ឋ​អាមេរិក​ខាងលើ​បាន​សង្កត់ធ្ងន់ថា ទោះជា​យ៉ាងណា​លោក មិន​ប្រាថ្នា​ឲ្យ​មាន​សង្គ្រាមត្រជាក់​ថ្មី​មួយទៀត​ទេ។ ទោះជា​លោក អូ​បា​ម៉ា ប្រើពាក្យ​រិះគន់​ខ្លាំង​បន្តិច​មែន តែ បើតាម​ជំហរ​របស់លោក​គឺ​នៅ​ចង់​ឲ្យ​រុស្ស៊ី​ផ្លាស់ប្តូរ​ឥរិយាបទ​មក​សហការ​ជាមួយ​ខ្លួន​វិញ។
 
ទាក់ទិន​បញ្ហា​អ៊ុយ​ក្រែ​ន​នេះដែរ លោក ពូ​ទីន មិនបាន​រៀបរាប់​ច្រើន​ទេ តែ​លោក​គ្រាន់តែ​បង្ហាញថា វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​កើតឡើង​ដោយសារ​រដ្ឋប្រហារ​និង​បដិវត្ត​មិន​ស្របច្បាប់​ប្រឆាំង​រដ្ឋាភិបាល​ដែល​រៀបចំឡើង​ដោយ​រដ្ឋ​បរទេស តែ​មិនបាន​បញ្ជាក់ថា​ប្រទេស​ណា​ទេ។ តែ​កន្លងមក​លោក​ធ្លាប់​បញ្ជាក់​ច្បាស់​ថា រដ្ឋាភិបាល​លោក​ដឹង​ច្បាស់​ណាស់​ថា ក្រុង​វ៉ាស៊ីនតោន​បានធ្វើ​អ្វី និង​ចំណាយលុយ​ប៉ុន្មាន​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​នៅ​អ៊ុយ​ក្រែ​ន​មុន​មាន​សង្គ្រាមស៊ីវិល​កើតឡើង។
 
ក្រៅពី​វាយប្រហារ​គ្នា​ទៅវិញទៅមក​រឿង​ជម្លោះ​អ៊ុយ​ក្រែ​ន មេដឹកនាំ​ទាំងពីរ​បន្តទៅ​បញ្ហា​ក្តៅ​និង​ចម្រូងចម្រាស​នៅ​មជ្ឈិមបូព៌ា​គឺ​ស៊ី​រី​វិញ​ម្តង។ លោក អូ​បា​ម៉ា បាន​ឆក់​ឱកាស​វាយប្រហារ​បណ្តារ​ដ្ឋ​ដែល​បន្ត​ការពារ​និង​គាំទ្រ​របប​ដឹកនាំ​អាសាដ និង​បាន​ហៅ អាសា ថា​ជា​មេដឹកនាំ​ផ្តាច់ការ​ងប់​នឹង​អំណាច​ដែល​បានសម្លាប់​ប្រជាជន​ស្លូតត្រង់​ជាពិសេសក្មេងៗគ្មាន​ញរ​ញើ​ត។ ហើយ​លោក នៅតែ​យល់ថា ការចាកចេញ​របស់លោក អាសាដ ជា​ដំណោះស្រាយ​ក្នុង​ដំណើរ​ការកសាង​សន្តិភាព​នៅ​ស៊ី​រី។ អ្វី​ដែលជា​សញ្ញា​វិជ្ជមាន លោក អូ​បា​ម៉ា នៅតែ​អះអាងថា សហរដ្ឋអាមេរិក​នៅមាន​ឆន្ទៈ​ចង់​សហការ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ និង​អ៊ីរ៉ង់ ដើម្បី​ដោះស្រាយ​បញ្ហា​សង្គ្រាមស៊ីវិល​នៅ​ស៊ី​រី​ដដែល។
 
តែ​លោក ពូ​ទីន យល់ឃើញ​ផ្ទុយស្រឡះ​ជុំវិញ​ដំណោះស្រាយ​ស្នើឡើង​ដោយ​លោក អូ​បា​ម៉ា ព្រោះ​លោក យល់ថា​បញ្ហា​ស៊ី​រី​ត្រូវ​ដោះស្រាយ​ដោយ​ជួយ​ពង្រឹង​រដ្ឋាភិបាល​អាសាដ ដើម្បី​ឈានទៅ​ដោះស្រាយ​ការគំរាមកំហែង​សន្តិសុខ​នានា និង​កសាង​សន្តិភាព។ បើ​ហ៊ាន​ទម្លាក់​អាសាដ ពី​តំណែង​អនាគត​ប្រទេស​នេះ​មិន​ខុសពី​លី​ប៊ី និង​អ៊ីរ៉ាក់​ឡើយ។ លោក​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​អាសាដ​នឹង​ជា​ដៃគូ​ពិតប្រាកដ​ក្នុងការ​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម។ 
 
តែ​យ៉ាងណាមិញ លោក ពូ​ទីន បាន​ចោទ​ជា​សំណួរ​ទៅកាន់​អង្គប្រជុំ​ថា តើ​អ្នក (សំដៅលើ​លោក​ខាង)លិច) បាន​ក្រឡេកមើល​ឬ​អត់ថា​អ្នក​បានធ្វើ​អ្វីខ្លះ តាមរយៈ​ការបង្កើត​បដិវត្ត​ប្រជាធិបតេយ្យ​នៅ​មជ្ឈិមបូព៌ា។ គេ​ច្បាស់​ជា​មើលឃើញ​ហើយ ថា​មានរឿង​អ្វី​កំពុង​កើតឡើង​នៅ​មជ្ឈិមបូព៌ា ក្រោយ​បដិវត្ត។ បញ្ហា​ទាំងនោះ​រួម​មានការ​បែកខ្ញែក​គ្នា​និង​ជម្លោះ​ប្រដាប់អាវុធ​នៅ​លី​ប៊ី ជម្លោះ​នៅ​យេ​ម៉ែន បញ្ហា​នៅ​អ៊ីរ៉ាក់ និង បញ្ហា​នៅ​ស៊ី​រី​ច​ប្ចុ​ប្បន្ន​ផង រួមជាមួយ​ការកើនឡើង​រហ័ស​នៃ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ផង។ 
 
ទោះជា​អ្នក​ទាំងពីរ​កំពុង ដេញដោល​គ្នា​និង​ប្រឹងប្រែង​វែកញែក​ថា​បញ្ហា​កើតឡើង​ព្រោះ​អ្នកណា​បង្កើត​ក៏ដោយ ការដោះស្រាយ​បញ្ហា​ជា​ចំណុច​ស្នូល​ដែល​មេដឹកនាំ​ពិភពលោក​ត្រូវធ្វើ​ក្នុងពេល​វេលា​សមស្រប​មួយ។ មេដឹកនាំ​នៃ​រដ្ឋ​មហាអំណាច​ទាំងពីរ គួរតែ​ប្រឹងប្រែង​រក​ចំណុច​រួមគ្នា លុបបំបាត់ចោល​ភាពខុសប្លែក​គ្នា ជជែក​គ្នា​ដើម្បី​ស្វែងរក​ដោះស្រាយ​ពិតប្រាកដ និង​ទុក​ប្រយោជន៍​មួយ​ឡែក ជាជាង​វាយប្រហារ​គ្នា​ទៅវិញទៅមក។ ការចង្អុល​គ្នា​និង​រុញ​កំហុស​ដាក់គ្នា​ទៅវិញទៅមក ប្រហែលជា​មិនមែនជា​វប្បធម៌​ល្អ​សម្រាប់​ប្រទេស​ដែលមាន​អារ្យធម៌​ខ្ពង់ខ្ពស់​ទាំងអស់​នេះឡើយ។  
 
ប្រជាជន​នៅ​ស៊ី​រី លី​ប៊ី អ៊ីរ៉ាក់ និង​អ៊ុយ​ក្រែ​ន​ប្រហែលជា​គ្មាន​បំណង​ចង់ដឹង​ពី​រឿងរ៉ាវ​ដែល​មេដឹកនាំ​ទាំងអស់នេះ​ប្រឹង​ចំណាយពេល​ដេញដោល​គ្នា​ឥត​ឈប់​នេះ​ទេ។ តែ​ជា​ការពិត​ពួកគេ​គ្រាន់តែ​ចង់បាន​ដំណោះស្រាយ​ពិតប្រាកដ បញ្ចប់​ជម្លោះ និង​បង្កើត​សន្តិភាព​ពេញលេញ​ដល់​ពួកគេ​ប៉ុ​ណ្ណោ៕
 
 

Tag:
 ពូទីន
  អូបាម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com