ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ម៉ម សូណង់ដូ កំពុង​ពិចារណា​លើ​កំហុស​អនុប្រធាន​គណបក្ស​ខ្លួន
01, Oct 2015 , 10:17 am        
រូបភាព
 
លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ កំពុង​ពិចារណា​លើ​កំហុស​របស់​អនុប្រធាន​គណបក្ស លោក ហារី សំអាត ដែលមាន​បំណង​ចង់​ប្រមូល​សកម្មជន​បក្ស ទៅ​ចូល​ជាមួយ​គណបក្ស​ដទៃទៀត។


 
លោក ម៉ម សូណង់ដូ បាន​បញ្ជាក់ថា លោក​បានទទួល​របាយ​ការណ៍ និង​ភស្តុតាង​នានា ពាក់ព័ន្ធ​នឹង​លោក ហារី សំអាត ដែលមាន​បំណង​ដឹកនាំ​សមាជិក​បក្ស​ចូលរួម​ជាមួយ​គណបក្ស​ខ្មែរ​សាមគ្គី របស់​អ្នកស្រី ឡាក់ សុភាព ហើយ​ដែរ តែ​លោក​មិនទាន់​សម្រេច​យ៉ាងណា​ឡើយ។

ថ្លែងប្រាប់​សារព័ត៌​មាននៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រធាន​គណបក្ស​រូបនេះ បន្ថែម​យ៉ាង​ដូច្នេះ​ថា៖«គណៈកម្មការ​ពិន័យ​បានប្រគល់​កំណត់ហេតុ​ឲ្យ​ខ្ញុំ ហើយ​ខ្ញុំ​កំពុង​ពិចារណា​ឲ្យ​គ្រប់​ជ្រុងជ្រោយ​សិន​មុននឹង​សម្រេច​យ៉ាងណា។ព្រោះ​បើសិនជា​រកឃើញថា​គាត់​មានគំនិត​ចង់​បំបែក​ផ្ទៃក្នុង​បក្ស​មែន យើង​នឹង​បណ្ដេញ​គាត់​ចេញពី​គណបក្ស។ តែបើ​រក​មិន​ឃើញថា​គាត់​មិនមាន​គំនិត​បំបែក​បក្ស​ទេ យើង​គ្រាន់​សម្របសម្រួល​បញ្ហា​នេះ»។
 
គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ទើបតែ​រៀបចំ​រចនាសម្ព័ន្ធ កាល​ថ្ងៃទី ៩ ខែ កញ្ញា  ដោយ​លោក ម៉ម សូណង់ដូ ធ្វើជា​ប្រធាន​បក្ស និង​អនុប្រធាន​បក្ស​ពីររូប​ទៀត គឺ​លោក​បណ្ឌិត ហ៊ាង រិទ្ធី អ្នកវិភាគ​ស្ថានការណ៍​នយោបាយ  និង​លោក ហារី សំអាត តែ​មិន​បែងចែក​អនុប្រធាន​ទី ១ និង​ទី ២ ឡើយ៕
 

Tag:
 បក្ស
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com