ជាតិ
សង្គមជាតិ
សុខភាព
អង្គការ​ទឹកស្អាត១០០១ បាន​ចូលរួម​ប្រកួត​លើ​គម្រោង Google Impact Challenge
05, Oct 2015 , 12:05 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ អង្គការ​ទឹកស្អាត១០០១ ឬ 1001Fontaines ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការផ្តល់​ទឹកស្អាត​ដល់​ប្រជាជន​កម្ពុជា​ជិត១០ឆ្នាំ ត្រូវបាន​ក្រុមហ៊ុន​Google អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ការប្រកួត​ពានរង្វាន់ លើ​គម្រោង Google impact challenge នៅក្នុង​ប្រទេស​បារាំង។ ក្នុងនោះ​មាន​អង្គការ​ចំនួន១០ និង​ចូលរួម​ប្រកួតប្រជែង ដែល​អ្នកទទួលបាន​ជ័យជំនះ​នឹង​ទទួលបាន​ទឹកប្រាក់​ចំនួន៥០ម៉ឺន អឺរ៉ូ។


អង្គការ​ចំនួន១០ នៅ​ទូទាំង​ពិភពលោក ត្រូវបាន​ក្រុមហ៊ុន Google ជ្រើសរើស​ក្នុង​បញ្ជី កម្មវិធី​ប្រកួតប្រជែង ដោយមាន​ការបោះឆ្នោត​គាំទ្រ​លើ​គម្រោង Google Impact Challenge ដែល​រៀបចំ​ដោយ​ប្រទេស​បារាំង ហើយ​អង្គការ​ទឹកស្អាត១០០១ ដែល​ធ្វើការ​យ៉ាងសកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ក៏​ត្រួវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ផងដែរ។ 
 
លោក ចៃ ឡូ ជា​នាយក​ប្រតិបត្តិ​អង្គការ​ទឹកស្អាត១០០១ បាន​ឲ្យ​ដឹងថា អង្គការ​ទឹកស្អាត ១០០១ ជា​អង្គការ​របស់​បារាំង ត្រូវបាន​ជាប់​ក្នុង​បញ្ជី​ឈ្មោះ​នៃ​ការជ្រើសរើស​របស់​ក្រុមហ៊ុន Google ដើម្បី​ចូលរួម​ឲ្យ​មហាជន​បោះឆ្នោត​ឲ្យ។ ការបោះឆ្នោត​មាន​រយៈពេល​ពីរ​ថ្ងៃ​គឺ​នៅ​ថ្ងៃទី ០៦ដល់ទី០៧ ខែតុលា ឆ្នាំ២០១៥នេះ។ ដើម្បី​ចូលរួម​បោះឆ្នោត​បាន ប្រជាជន​កម្ពុជា អាច​ចូលទៅ​កាន់​គេហទំព័រ www.1001Fontaines.com/en។ លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា អង្គការ​ទាំង១០ នឹងត្រូវ​បានជ្រើសរើស៣ ដោយ​គណៈកម្មការ​នៅ​ប្រទេស បារាំង និង​អង្គការ១ទៀត នឹងត្រូវ​ដាក់​ឲ្យ​មហាជន​ជា​អ្នកបោះឆ្នោត​ឲ្យ។ អ្នក​ជាប់​ក្នុង​គម្រោង Google Impact Challenge របស់​ក្រុមហ៊ុន Google នឹងត្រូវ​ទទួលបានរ​ង្វាន់​ជា​ទឹកប្រាក់ ចំនួន៥0ម៉ឺន​អឺរ៉ូ ។ ហើយ​ពិធី​ទទួល​ពានរង្វាន់​នឹងធ្វើ​ឡើង​នៅ​ប្រទេស​បារាំង។
 
អង្គការ​ទឹកស្អាត១០០១ ឬ​អង្គការ 1001Fontaines ដែលជា​អង្គការ​ធ្វើការ ពាក់ព័ន្ធ​នឹង​ការផ្តល់​ទឹកស្អាត​សម្រាប់​ហូប ដល់​ប្រជាជន​កម្ពុជា​នោះ គឺ​អង្គការ​មួយ​នេះ បានធ្វើ​សកម្មភាព​យ៉ាងសកម្ម ក្នុង​ការចុះ​បង្រៀន​ដល់​សហគមន៍ និង​ផ្តល់​បច្ចេកទេស ដើម្បី​ធ្វើ​ឲ្យ​សហគមន៍​មាន​ទឹកស្អាត​សម្រាប់​ហូប។ មកដល់ពេលនេះ អង្គការ​នេះ បាន ផ្តល់​ទឹកស្អាត​ដល់​ប្រជាជន​កម្ពុជា​នៅ​ទីជនបទ​ដាច់ស្រយាល​ចំនូ​ន១៨ ខេត្ត​ក្រុង ១៣០ទីតាំង ហើយ​បានផ្តល់​ទឹកស្អាត ដល់​ប្រជាជន​កម្ពុជា ជាង៣២ម៉ឺន​នាក់ ក្នុងនោះ​មានការ​ផ្គត់ផ្គង់​ទឹកស្អាត​សម្រាប់​សិស្ស​បឋមសិក្សា​ជាង៨ម៉ឺន​នាក់។
 
គួរ​បញ្ជាក់ថា នៅ​ថ្ងៃ​អនាគត អង្គការ១០០១ហ្វុ​ង​តែ​ន នឹង​ពង្រីក​ការងារ​របស់ខ្លួន នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​ជាច្រើន ក្នុងនោះ​ប្រទេស​កម្ពុជា​នឹងត្រូវ​ចាត់ទុកជា​អាទិភាព ដោយសារ​ប្រជាជន​កម្ពុជា​នៅ​ពុំទាន​ទទួលបាន​ទឹកស្អាត​សម្រាប់​ហូប​គ្រប់គ្រាន់​នៅឡើយ៕
 

Tag:
 សុខភាព
  សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com