ជាតិ
វិហារសួគ៌ នឹងមានការប្រកួតកីឡាទ្រង់ទ្រាយធំក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
× នៅក្នុងបរិវេណវត្តវិហារសួគ៌ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល នាឱកាសបុណ្យភ្ជុំបិណ្ឌ នឹងមានការប្រកួតកីឡាប្រពៃណី ចំបាប់បុរាណខ្មែរ គុនដំបង ប្រណាំងសេះ និងប្រណាំងក្របី ក្រៅពីនេះក៏មានលេងល្បែងប្រជាប្រិយជាដូចជា ការឡើងសរសរខ្លាញ់ លោតបាវ រាំដណ្តើមកៅអី បូមទឹកដាក់ដប និងល្បែងប្រជាប្រិយជាច្រើនទៀត ។
ការប្រណាំង ក្របី និងសេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែតុលាចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៩ព្រឹក ចំណែកការប្រកួត ក្បាច់ចំបាប់បុរាណខ្មែរ និងគុណដំបង នឹងប្រព្រឹត្តទៅ ចាប់ ពីម៉ោង ៩:១៥នាទីដល់ម៉ោង១២ថ្ងៃត្រង់ ហើយសម្រាប់អ្នកចូលរួមប្រកួត និងប្រណាំងលើកនេះមិនអាចកំណត់បានទេ ដោយសារការប្រកួតនេះជាលក្ខណៈប្រពៃណី ហើយជាការបើកទូលាយ គ្រាន់តែដឹងថាមានអ្នកចូលរួមប្រកួតច្រើនជាងឆ្នាំមុន។ នេះបើតាម លោក ថែ ថាំង គណៈកម្មការរៀបចំការប្រកួតនៅក្នុងវត្តវិហារសួគ៌។
លោក ថែ ថាំង បន្តទៀតថា សម្រាប់ការប្រកួតនេះយើងធ្វើជាលក្ខណៈវិលជុំ ប្រកួតជំរុះរកអ្នកឈ្នះ ឱ្យប្រកួតជាមួយអ្នកឈ្នះ ដើម្បីចំរ៉ាញ់រកអ្នកទទួលជ័យលាភីទៅតាមប្រភេទកីឡានីមួយៗ ប៉ុន្តែសម្រាប់ប្រាក់រង្វាន់យើងមិនអាចកំណត់បានទេ វាអាស្រ័យទៅលើអ្នក ឧបត្ថម្ភ និងក្រសួងផ្តល់ឱ្យ។
គួររំឮកផងដែរថា នៅក្នុងវត្តវិហារសួគ៌កាលពីឆ្នាំមុនមានការប្រណាំង ក្របីចំនួន ២៦គូ សេះ ១៥គូ គុនដំបង ៤គូ និងក្បាច់ចំបាប់ពី ៣០ ទៅ ៥០គូ។ សម្រាប់អ្នកដែលទទួលជ័យលាភីក្នុងការប្រកួតលើកនោះមានការជួយឧបត្ថម្ភ ពីក្រសួងទេសចរណ៍ និងជនបរទេសផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com