បទយកការណ៍ / បទសម្ភាសន៍
លោក ហ៊ុន ម៉ា​នី៖ «ពានរង្វាន់​សន្តិភាព​Gusi នាំ​ពិភពលោក​ឲ្យ​មើល​កម្ពុជា​ក្នុង​ផ្លូវ​វិជ្ជមាន»
12, Oct 2015 , 3:07 pm        
រូបភាព
 
ជ័យលាភី​សន្តិភាព​Gusi លោក ហ៊ុន ម៉ា​នី បាន​ពន្យល់ថា ជ័យជម្នះ​របស់លោក​ក្នុងការ​ទទួលពាន​ពានរង្វាន់​សន្តិភាព​នេះ បានបង្ហាញ​អំពី​ការ​បង្វែរ​ការគិត​បែប​អវិជ្ជមាន​របស់​សហគម​ន៍​អន្តរជាតិ​មកលើ​កម្ពុជា មក​កម្ពុជា​វិជ្ជមាន កម្ពុជា​ដ៏​មាន​សក្តានុពល និង​ការអភិវឌ្ឍ​វិញ។ សម្រាប់​លោក ជ័យលាភី ហ៊ុន ម៉ា​នី ក៏​តំណាង​ឲ្យ​ជ័យជម្នះ​របស់​យុវជន​កម្ពុជា​ទាំងមូល​ដែល​បានរួម​ចំណែក​ក្នុង​ការងារ​មនុស្សធម៌ និង​ការការពារ​បេតិកភណ្ឌ​វប្បធម៌​កម្ពុជា​ដែរ។ លោក ហ៊ុន ម៉ា​នី សង្ឃឹមថា​ពានរង្វាន់​សន្តិភាព​Gusi ឆ្នាំ២០១៥នេះ គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​មួយ​របស់​កម្ពុជា ហើយ​ថា​នៅ​ថ្ងៃ​អនាគត​ពានរង្វាន់​នេះ នឹង​អាច​ធ្លាក់​ដល់ដៃ​យុ​វជ​ខ្មែរ​ដទៃទៀត​ដើម្បី​បង្ហាញ​ពី​កិត្យានុភាព​របស់​កម្ពុជា​កាន់តែខ្លាំង​នៅលើ​ឆាក​អន្តរជាតិ។

 
សូម​លោកអ្នក​ស្តាប់ ឬ​អាន​បទ​ម្ភា​សន៍​ខាងក្រោម​ស្តីពី​ចំណាប់អារម្មណ៍​របស់លោក ហ៊ុន ម៉ា​នី បន្ទាប់ពី​លោក​ត្រូវបាន​ជ្រើសរើស​ជា​ជ័យលាភី​សន្តិភាព​Gusi របស់​ប្រទេស​ហ្វីលីពីន។ លោក ហ៊ុន ម៉ា​នី បានផ្តល់​បទសម្ភាសន៍​នេះ​ដល់​លោក លាង ដឺ​លុច និពន្ធ​នាយក​សារព័ត៌មានថ្មីៗ ៖


 
លោក លាង ដឺ​លុច៖ លោក ហ៊ុន ម៉ា​នី លោក​ត្រូវបាន​ជ្រើសរើស​ជា​ជ័យលាភី​មួយរូប ក្នុងចំណោម​ជ័យលាភី​ទាំងអស់១៩រូប​មកពី​ជុំវិញ​ពិភពលោក ដោយ​មូលនិធិ​សន្តិភាព Gusi។ ពានរង្វាន់ Gusi Peace Prize គឺជា​ពានរង្វាន់​ថ្នាក់​អន្តរជាតិ​មួយ​របស់​ប្រទេស​ហ្វីលីពីន។ តើ​លោក​សប្បាយ​ចិត្តខ្លាំង​ប៉ុណ្ណា​ដែរ?
 
លោក ហ៊ុន ម៉ា​នី៖ ជាបឋម ខ្ញុំ​សូម​អរគុណ​ចំពោះ​បទសម្ភាសន៍​ដែល​យើង​មាននៅ​ថ្ងៃនេះ។ ចំពោះ​ខ្ញុំបាទ វា​គឺជា​មោទនភាព​មួយ។ វា​គឺជា​សេចក្តី​សប្បាយរីករាយ​មួយ​ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់ ចំពោះ​គ្រួសារ ចំពោះ​សហការី​របស់ខ្ញុំ​ទាំងអស់ ពិសេស​សមាជិក​សមាជិកា​រ ក្រុមគ្រួសារ​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា។ ប៉ុន្តែ​ខ្ញុំ​សូមបញ្ជាក់​ផងដែរ​ថា វា​គឺជា​មោទនភាព​ជាតិ​មួយ​ដែរ។ ព្រោះ​វា​គឺជា​ស្នាដៃ​ដែល​ចេញ​មកពី​យុវជន​ខ្មែរ។ ខ្ញុំ​ក៏​សូម​ឆ្លៀតឱកាស​នេះ អរគុណ​ក្រុមគ្រួសារ​របស់ខ្ញុំ ជាពិសេស​ឪពុកម្តាយ​របស់ខ្ញុំ​ដែល​បាន​លះបង់​ចំណាយ​ពេលវេលា និង​បាន​អប់រំ​យើងខ្ញុំ​ឲ្យ​យល់​ពី​តម្លៃ​នៃ​ការងារ​មនុស្សធម៌ ដែល​យើង​បាន​ខិតខំ​ធ្វើជា​បន្តបន្ទាប់។ លើសពីនេះ​ថែមទៀត ក្នុងនាម​ខ្ញុំ​ជា​យុវជន​ជំនាន់​ក្រោយ ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​ការលះបង់ និង​មេរៀន​ដែល​យើង​អាច​ដកស្រង់​ពី​យុវជន​ជំនាន់​មុន។ ប្រសិនបើ​គ្មាន​ការលះបង់ ការតស៊ូ ការ​ខំប្រឹងប្រែង គ្មាន​ការជឿជាក់ ឬ​បាត់បង់​ក្តីសង្ឃឹម​ចំពោះ​ជោគវាសនា​របស់​ប្រទេសជាតិ យើង​ក៏​មិនមាន​ដល់​សព្វថ្ងៃ​នេះដែរ។ ដូច្នេះ​ខ្ញុំបាទ​ដែលជា​យុវជន​ខ្មែរ​មួយរូប​ដែល​ទទួលបាន​ពានរង្វាន់​សន្តិភាព​Gusiនេះ គឺ​ដោយសារតែ​ផ្លែផ្កា​នៃ​សុខសន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍ។ គឺ​យើង​ទទួលបាន​នូវ​ឱកាស ដែល​អនុញ្ញាត​ឲ្យ​យើង​មានលទ្ធភាព​បង្ហាញ​នូវ​ស្នាដៃ​បន្ថែម។ តាមរយៈ​ពានរង្វាន់​Gusiនេះ ខ្ញុំ​សូម​ផ្តាំផ្ញើ​ដល់​យុវជន​ទាំងអស់ ទីមួយ គឺ​យុវជន​ដែល​បាន​ចូលរួមចំណែក​ក្នុង«ចលនា​យុវជន​ដើម្បី​បុព្វហេតុ​មាតុភូមិ» ហើយ​អ្វី​ដែលជា​សកម្មភាព​ដែល ស.ស.យ.ក បានធ្វើ​កន្លងមក​គឺ​ដើម្បី​ក្នុង​គោលដៅ​នេះ។ ហើយ​គោលដៅ​នេះ​គឺ​សំដៅ​លើកតម្កើង​កិត្យានុភាព​ជាតិ។ ហើយ​វា​ដល់​ដំណាក់កាល​មួយ​ដែល​យើង​ត្រូវមាន​មោទនភាព ហ៊ាន​គ្រវីទង់ជាតិ​របស់​យើង​តំណាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រជាពលរដ្ឋ​ថា អ្វីដែល​សហគមន៍​អន្តរជាតិ​មើល​មក​កម្ពុជា​នៅពេលនេះ គឺ​សក្តានុពល សុខសន្តិភាព ភាពសប្បាយ​រីករាយ និង​ការសម្រេចបាន​របស់​ក​ម្ពុ​ជា​ទាំងមូល ដែល​កើតចេញពី​ការ​ខំប្រឹងប្រែង​របស់​យុវជន​យើងម្នាក់ៗ ។
  
លោក លាង ដឺ​លុច៖ បានន័យថា ចាប់ពីពេលនេះ​ទៅ អន្តរជាតិ​ដែល​មើល​មក​កម្ពុជា គឺ​មិនមែន​រឿង​គ្រាប់មីន រឿង​ខ្មែរក្រហម និង​អសន្តិសុខ​ជាតិ​ទៀតហើយ?
 
លោក ហ៊ុន ម៉ា​នី៖ យើង​ចង់​ឃើញថា ចេញពី​គំរូ​មួយ​នេះ (ការទទួលបាន​ពានរង្វាន់​សន្តិភាព​Gusi) វា​គឺ​ជាការ​គួបផ្សំ ការចូលរួម​រឹតតែ​ប្រសើរឡើង ឬ​ជា​កម្លាំង​សាម​គ្កី​ដ៏​ធំ​បន្ថែមទៀត ដើម្បី​បង្វែរ​ការមើលឃើញ​រប​ស់​សហគមន៍​អន្តរជាតិ​ក្នុង​រឿង​អវិជ្ជមាន​ទៅជា​រឿង​វិជ្ជមាន រឿង​សក្តានុពល ការខិតខំ​ប្រឹងប្រែង ការតស៊ូ និង​សមិទ្ធផល​ដែល​កម្ពុជា​សម្រេចបាន។
 
លោក លាង ដឺ​លុច៖ លោក​អាច​បញ្ជាក់​លម្អិត​ជាងនេះទៀត​បានទេ? លោក​បាន​មានប្រសាសន៍​ហើយ​ថា ពានរង្វាន់​នេះ​គឺជា​មោទនភាព​របស់លោក​ផ្ទាល់ របស់​ក្រុមគ្រួសារ និង​របស់​ជាតិ។ ប៉ុន្តែ​ជ័យលាភី ហ៊ុន ម៉ា​នី ក្នុងចំណោម​ឥស្សរជន១៩រូប​មកពី​ជុំវិញ​ពិភពលោក គឺ​ធំធេង​ណាស់ ដូច្នេះ​តើ​សម្រាប់​លោក ពានរង្វាន់​នេះ​មានន័យ​ទូលំទូលាយ​យ៉ាងណាដែរ?
 
លោក ហ៊ុន ម៉ា​នី៖ ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់ គឺ​វា​មានន័យ​ពីរ​ខុសគ្នា។ ទីមួយ ចំពោះ​ខ្ញុំ​ជា​ជ័យលាភី​ដែល​នឹងត្រូវ​ទទួល (ពានរង្វាន់) គឺជា​មោទនភាព និង​មាន​ភាពសប្បាយ​រីករាយ​ជា​លក្ខណៈ​បុគ្គល តែ​អត្ថន័យ​នៃ​ការទទួល Gusi Peace Prize នេះ មានន័យ​ធំធេង​ជាង​នេះ។ ការ​ទៅ​ទទួល​ពានរង្វាន់​គឺមាន​ឈ្មោះ ហ៊ុន ម៉ា​នី មែន ប៉ុន្តែ​ខ្ញុំ​តំណាង​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា។ ខ្ញុំ​គិតថា​នេះ គឺជា​ការទទួលស្គាល់​ពី​ស្នាដៃ ពី​សក្តានុពល និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា (ពី​សហគមន៍​អន្តរជាតិ)។
 
លោក លាង ដឺ​លុច៖ ចាប់តាំងពី​មានការ​ផ្សព្វផ្សាយ​ថា​លោក​បានទទួល​ពានរង្វាន់​សន្តិភាព​Gusi នេះ​មក ចំណុច​សំខាន់​របស់​ជ័យលាភី ហ៊ុន ម៉ា​នី គឺមាន​ពីរ​ចំណុច។ ទីមួយ គឺជា​បេក្ខជន​ទីមួយ​របស់​កម្ពុជា​ចាប់តាំងពី​មាន​ពានរង្វាន់​សន្តិភាព​ដែល​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ២០០២ និង​ទី​ពីរ គឺជា​ជ័យលាភី​វ័យក្មេង​ជាងគេ​ក្នុងចំណោម​ជ័យលាភី​ទាំង១៩រូប​ក្នុង​ឆ្នាំ២០១៥នេះ តើ​លោក​មាន​ចំណាប់អារម្មណ៍​យ៉ាងណា​ចំពោះ​ការកត់សម្គាល់​ទាំងពីរ​ចំនុច​នេះ?
 
លោក ហ៊ុន ម៉ា​នី៖ សូម​អរគុណ! ដូច​លោក​បានលើកឡើង​អ៊ីចឹង ពានរង្វាន់ Gusi Peace Prizeនេះ​ត្រូវបាន​បង្កើតឡើង​តាំងពី២០០២ មក ហើយ​នៅក្នុង​ឆ្នាំ២០១៥នេះ វា​ជា​ជំ​ហ៊ាន​ថ្មី​មួយ​សម្រាប់​កម្ពុជា។ ហើយ​ក្នុង​ក្របខណ្ឌ​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឆ្នាំ២០១៥នេះ គឺជា​ឆ្នាំ​មួយ​ដ៏​អស្ចារ្យ​ផងដែរ​សម្រាប់​យើងខ្ញុំ។ មិន​ត្រឹមតែ​យើង​ធ្វើ​អង្គរ​សង្ក្រាន្ត​ដែលមាន​ការចូលរួម​ពី​ពលរដ្ឋ១លាន​នាក់​ទេ តែ​យើង​បានទទួល Guinness World Record ចំនួន​ពីរ​ផងដែរ​គឺ Madison និង​អន្សម​យក្ស។ លើក​នេះ​ទៀត វា​គឺជា​ការរួមចំណែក​ក្នុងការ​លើកតម្កើង​កិត្យានុភាព​កម្ពុជា​លើ​ឆាក​អន្តរជាតិ​បន្ថែមទៀត។ ចំពោះ​អាយុ​ខ្ញុំ ដែលថា​វ័យក្មេង​ជាងគេ​ក្នុងចំណោម​ជ័យលាភី​ទាំង១៩រូបនេះ វា​មាន​ចំណាប់អារម្មណ៍​ច្រើន​ពី​មហាជន ប៉ុន្តែ​ខ្ញុំ​គិតថា ការវាយតម្លៃ​របស់​គ​ណៈ​កម្ម​ការ​ពានរង្វាន់​សន្តិភាព Gusi នេះ អាចពាក់ព័ន្ធ​ខ្លះ​នឹង​ភាពជា​អ្នកដឹកនាំ​វ័យក្មេង ប៉ុន្តែ​លើ​ពីនេះ​ទៀត​ខ្ញុំ​ជឿថា អាចមាន​តម្លៃ​ការវាយតម្លៃ​ទៅលើ​អ្វីដែល​យើង​បានធ្វើ​ច្រើនជាង។ ខ្ញុំ​ក៏​ចង់​ឆ្លុះបញ្ចាំង​ថា កត្តា​អាយុ​នេះ វា​បង្ហាញ​ចំពោះ​យុវជន​ដទៃ​ទៀតថា កត្តា​អាយុ​មិនមែនជា​កត្តា​ដាច់ខាត​នោះទេ។ អ្វីដែល​សំខាន់​គឺ​សមត្ថភាព ការខិតខំ​ប្រឹងប្រែង និង​លទ្ធផល​ជាក់ស្តែង​ដែល​យើង​អាច​បង្ហាញ​បាន។
 
លោក លាង ដឺ​លុច៖ លោក ហ៊ុន ម៉ា​នី បាន​ជាប់​ជ័យលាភី​នៅក្នុង​ផ្នែក ភាពជា​អ្នកដឹកនាំ​វ័យក្មេង ការធ្វើការងារ​មនុស្ស​ធម៌ និង​ការតស៊ូ​មតិ​ដើម្បី​ការពារ​វប្បធម៌​បេតិកភណ្ឌ។ បើ​យើង​យក​ផ្នែក​នេះ​មក​ពិចារណា​ជាមួយនឹង​សកម្មភាព​ដែល​លោក ហ៊ុន ម៉ា​នី បានធ្វើ​ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ វា​ពាក់ព័ន្ធ​គ្នា​មែនទែន។ តើ​វា​ជាការ​ត្រួស​ត្រាយផ្លូវ​សម្រាប់​ពានរង្វាន់​នេះដែរ​ឬទេ?
 
លោក ហ៊ុន ម៉ា​នី៖ ការងារ​សង្គម និង​ការងារ​មនុស្សធម៌ គឺជា​អ្វីដែល​ចាប់ផ្តើម​ពី​យើងម្នាក់ៗទាំងអស់គ្នា។ លោក​បាន​សួរ​អំពី​ភាព​ពាក់ព័ន្ធ​គ្នា​រវាង​ការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ការទទួលបាន​ពានរង្វាន់​នៅក្នុង​ទីក្រុង​ម៉ានីល ក្នុង​ខែវិច្ឆិកា​ខាងមុខនេះ តាមពិតទៅ​វា​គឺជា​ភាព​ចៃដន្យ​មែនទែន។ ចំពោះ​ពានរង្វាន់​ដែល​ត្រូវ​ទទួល​ក្នុង category អ្នកដឹកនាំ​វ័យក្មេង ការងារ​មនុស្សធម៌ និង​ការតស៊ូ​មតិ​ផ្នែក​វប្បធម៌​នេះ ជា category មួយ​ដែល​គណៈកម្មការ​បានដាក់​មក​ឲ្យ​យើង​ខ្លួនឯង​នោះទេ។ 
លោក លាង ដឺ​លុច៖ ទោះយ៉ាងណា​ក៏ដោយ ជ័យលាភី​នេះ​បាន​ផ្តោត​មក​ចំឈ្មោះ បុគ្គល​ហ៊ុន ម៉ា​នី។ ប៉ុន្តែ​នៅ​កម្ពុជា លោក ហ៊ុន ម៉ា​នី គឺជា​អ្នកតំណាងរាស្ត្រ​វ័យក្មេង​ផង និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ផង។ តើ​លោក​អាច​បញ្ជាក់​បានទេ​ថា ពានរង្វាន់​នេះ​ពាក់ព័ន្ធ​នឹង​តួនាទី​ទាំងពីរ​របស់លោក ហ៊ុន ម៉ា​នី ឬក៏​វា​ពាក់ព័ន្ធ​នឹង​សហភាព​សហព័ន្ធ​យុវជន​កម្ពុ​ជាជាង?
 
លោក ហ៊ុន ម៉ា​នី៖ ជ័យលាភី ហ៊ុន ម៉ា​នី តាមពិត​ទៅជា​អ្វីដែល​ផ្អែកលើ​ការងារ​បុគ្គល​ដែល​បានធ្វើ​កន្លងមក មិន​ថា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឬ​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​នោះទេ។ ប៉ុន្តែ​យើង​បាន​ទទួលស្គាល់ថា វា​មាន​ទំងន់​ច្រើនជាង​លើ​ការងារ​ដែល​យើង​បានធ្វើ​ក្នុងនាម​ជា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា។ ខ្ញុំ​សូម​លើក​បន្តិច​ថែមទៀត ដោយសា​លោក​បាន​លើកឡើងថា​វា​ជា​ជ័យលាភី​បុគ្គល ហ៊ុន ម៉ា​នី។ ភាពជោគជ័យ​មិនមែន​ចេញ​មកពី​បុគ្គល​ទេ វា​ចេញ​មកពី​ការចូលរួម​ទាំងអស់គ្នា។ ផ្អែកលើ​ចំណុច​នេះហើយ ខ្ញុំ​តែងតែ​ខំប្រឹងប្រែង​ថា អ្វីដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បានធ្វើ​កន្លងមក ឬ​សកម្មភាព​មនុស្សធម៌ ការងារ​បេតិកភណ្ឌ ឬ​វប្បធម៌​នេះ វា​ចេញ​មកពី​ការរួម​គ្នា​ដើម្បី​ទទួលបាន​ជោគជ័យ។ នេះ​ជា​មោទនភាព និង​ការ​សាទរ​មួយ​ចំពោះ​សមាជិក​សមាជិការ និង​យុវជន​ទូទាំងប្រទេស​តែម្តង មិន​ថា​នៅ​ខេត្ត​ណា មិន​ថា​នៅ​រាជធានី​ភ្នំពេញ សៀមរាប ប៉ៃលិន ឬ​កោះកុង គឺ​យ៉ាង​អាច​រួមគ្នា​បាន។ ខ្ញុំ​ទៅ​តំណាង​ដើម្បី​ទទួល (ពានរង្វាន់) ប៉ុន្តែ​លើសពី​ខ្ញុំ គឺ​ខ្ញុំ​ទទួល​សម្រាប់​យុវជន​កម្ពុជា​ទាំងអស់។
 
លោក លាង ដឺ​លុច៖ បន្ទាប់ពី​លោក​ទទួលបាន​ព័ត៌មាន​អំពី​ការ​ឈ្នះ​ជា​ជ័យលាភី​សន្តិភាព Gusi នេះហើយ លោក​នឹងត្រូវ​ចេញដំណើរ​ទៅ​ទទួល​ពានរង្វាន់​ដោយផ្ទាល់​នៅក្នុង​ខែវិច្ឆិកា​ខាងមុខនេះ។ តើ​ជ័យលាភី​នេះ​នឹង​ជំរុញ​លោក​ឲ្យ​ដឹកនាំ​យុវជន​កម្ពុជា​ធ្វើ​ការងារ​នៅក្នុង​វិស័យ​ទាំងបី​រួមមាន ភាពជា​អ្នកដឹកនាំ ការងារ​មនុស្សធម៌ និង​ការការពារ​បេតិកភណ្ឌ​វប្បធម៌ កាន់តែខ្លាំង​ប៉ុណ្ណា​ទៀត?
 
លោក ហ៊ុន ម៉ា​នី៖ សូម​អរគុណ! នៅ​ថ្ងៃទី២៥ខែវិច្ឆិកា​ឆ្នាំ២០១៥នេះ ខ្ញុំ​គឺជា​ជ័យលាភី  Gusi Peace Prize នេះ។ ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា ជា​បន្តបន្ទាប់ និង​នៅ​ថ្ងៃ​អនាគត យុវជន​កម្ពុ​ជាមាន​ស​ក្តា​នុព​ល ក៏ដូចជា​តាមរយៈ​ការ​ខំប្រឹងប្រែង​របស់​ពួកគេ ពួកគេ​នឹង​អាច​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​ថែមទៀត។ ការទទួល​ពានរង្វាន់​របស់ខ្ញុំ​នេះ គឺជា​ចំណុច départ (ការចេញដំណើរ) មួយ គឺជា​ការចាប់ផ្តើម​មួយ ដែល​គេ​នឹងមិន​មើលឃើញ​តែ ហ៊ុន ម៉ា​នី ទេ តែ​គេ​នឹង​មើលឃើញថា យុវជន​ខ្មែរ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការទទួល​បានការ​ទទួលស្គាល់​លើ​ឆាក​អន្តរជាតិ។ ប៉ុន្តែ​ការជោគជ័យ និង​ការទទួលស្គាល់​លើ​ឆាក​អន្តរជាតិ មិនអាច​លេចចេញ​មក​បាន បើ​គ្មាន​ការប្រឹងប្រែង គ្មាន​ការពង្រឹង​សមត្ថភាព​ដឹកនាំ ឬ​ខំប្រឹងប្រែង​ធ្វើការ​ជារួម​ដើម្បី​ជោគវាសនា និង​ការលើក​ត​ម្កើ​ត​កិត្យានុភាព​របស់​ប្រទេសជាតិ​នោះទេ។ ហើយ​អ្វីដែល​ខ្ញុំ​ត្រូវ​ទទួល​នេះ គឺជា​មោទនភាព​មួយ​របស់​ក្រុមគ្រួសារ ប៉ុន្តែ​ខ្ញុំ​គិតថា វា​ក៏​ជា​មេរៀន​មួយ ជា​សារ​មួយ​ជូន​ដល់​យុវជន​ដទៃ​ថា គ្មានអ្វី​ដែល​យើង​មិនអាច​ធ្វើ​បា​នោះទេ។ ឆ្នាំនេះ លើក​នេះ គឺ​ខ្ញុំ​ក្នុងនាម​ជា​យុវជន​ខ្មែរ​មួយរូប​ដែល​ទទួល​ជ័យលាភី​នេះ ហើយ​នៅ​ថ្ងៃ​អនាគត​គឺ​យុវជន​ខ្មែរ​ដទៃទៀត នឹង​ខំប្រឹងប្រែង​លះបង់ បន្តការងារ​ទាំងអស់​នេះ ហើយនឹង​អាច​ទទួលបាន​ជោគជ័យ និង​ការទទួលស្គាល់​ពី​សមត្ថ​ភាព​របស់​ពួកគាត់​នៅលើ​ឆាក​អន្តរជាតិ​ដូចគ្នា៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com