ជាតិ
សង្គមជាតិ
ក្រសួង​អបរំ ប្រកាសថា ការ​កំណែ​សន្លឹក​កិច្ចការ​ប្រឡង​កន្លងមក​ពិតជា​ត្រឹមត្រូវ
14, Oct 2015 , 9:14 am        
រូបភាព
ក្រោយពី​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រួតពិនិត្យ​លើ​លទ្ធផល​ប្រឡង​តាម​ពាក្យបណ្ដឹង​របស់​សិស្ស​ឡើងវិញ​នោះ ឃើញថា ការ​កំណែ​លទ្ធផល​ប្រឡង​កន្លងមក​ពិតជា​ត្រឹមត្រូវ ពោលគឺ​សិស្ស​ដែល​ដាក់​ពាក្យបណ្ដឹង​ទាំងនោះ ពិតជា​ធ្លាក់ ឬ​ទទួលបាន​និទ្ទេស​តាម​ការប្រកាស​កន្លងមក​មែន។



បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ ចុះ​ថ្ងៃទី១៤ តុលា​នេះ បាន​ឲ្យ​ដឹងថា ក្រសួង​បាន​បង្កើត​ក្រុមការងារ​កោសល្យវិច័យ ដើម្បី​ពិនិត្យ​យ៉ាង​គ្រប់​ជ្រុងជ្រោយ​លើ​ពាក្យបណ្ដឹង​ទាំងអស់។ ក្រសួង​អប់រំ បាន​ខិតខំ​ដោះស្រាយ​គ្រប់​ពាក្យបណ្ដឹង​ចំនួន៣ភេទ យ៉ាង​យកចិត្តទុកដាក់ ដោយ​ឃើញថា ការកែ​សន្លឹក​កិច្ចការ​និង​ការផ្ដល់​ពិន្ទុ​នាពេល​កន្លងមក​ពិតជា​ត្រឹមត្រូវ​ទៅតាម​អាត្រា​កំណែ​ដែល​បាន​ដាក់ចេញ។ ការអនុវត្ត​ការងារ​បូក​ស្រង់​ពិន្ទុ​របស់​បេក្ខជន​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ​ពិតជា​មាន​តម្លាភាព ហើយ​លទ្ធផល​នៃ​ការប្រឡង​ដែល​បានប្រកាស​គឺ​ពិតជា​ឆ្លុះបញ្ចាំង​ទៅលើ​សមត្ថភាព​របស់​បេក្ខជន។

ការបញ្ជាក់​របស់​ក្រសួង​អបរំ​នេះ គឺធ្វើឡើង​ក្រោយពី​ក្រសួង​ទទួលបាន​ពាក្យបណ្ដឹង​ពី​សិស្ស​ស្នើ​ឲ្យ​ត្រួតពិនិត្យ​លើ​លទ្ធផល​ប្រឡង​របស់​ពួកគេ​ឡើងវិញ។

គួរ​បញ្ជាក់ថា សិស្ស​ដែល​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ ២០១៥ នេះ មាន​ចំនួន ៥៥,៨៨ ភាគរយ គឺ​ស្មើនឹង ៤៦៥៦០ នាក់ ក្នុងចំណោម​សិស្ស​ប្រឡង​ទាំងអស់ ៨៣៣២៥ នាក់។ សិស្ស​ប្រឡង​ជាប់​និទ្ទេស A  មាន​ចំនួន ១០៨ នាក់ និទ្ទេស B មាន​ចំនួន ១០៨៥ នាក់ និទ្ទេស C មាន​ចំ​នួ ន ៣២៩២ នាក់ និទ្ទេស D ៦០៩៣ នាក់ និង​និទ្ទេស E មាន​ចំនួន ៣៥ ៩៨២ នាក់។

សូម​រម្លឹកថា កាលពី​ឆ្នាំ ២០១៤ កន្លងទៅ សិស្ស​ដែល​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ​ទាំងពីរ​លើក​មាន​ចំនួន​តែ​ជាង ៤០ ភាគរយ​តែប៉ុណ្ណោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com