ជាតិ
សង្គមជាតិ
ភ្ញៀវទេសចរ​ជាង ៩ម៉ឺន​នាក់​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ នៅថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ
15, Oct 2015 , 9:01 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យ​ភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃចាប់ពី​ថ្ងៃទី១១ ដល់​១៣ ខែតុលា ឆ្នាំ២០១៥ ភ្ញៀវទេសចរ​ចំនួន ៩០.៣៤០នាក់បានធ្វើ​ដំណើរ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ បើ​ប្រៀបធៀប​នឹង​ចំនួន​ទេសចរ​កាលពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ក្នុង​ឆ្នាំ២០១៤នោះ ចំនួន​នេះ ​កើនឡើង ៣៣.៤៧ភាគរយ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍ខេត្ត​ព្រះសីហនុ ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP)។



លោក នូ សុផល ប្រាប់ AKP ថា ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ទៅលេង​កម្សាន្ត​នៅតាម​បណ្តា​កោះ​ចំនួន ៣.១៣៤នាក់ នៅ​ខេត្ត​ព្រះសីហនុ ក្នុងនោះ ភ្ញៀវ​ជាតិ​មាន​ចំនួន ១.៥២៤នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ១.៦១០នាក់។ លោក​ថា បច្ចុប្បន្ន ភ្ញៀវទេសចរ​ធ្វើ ដំណើរ​កម្សាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ​ភាគច្រើន ចាប់អារម្មណ៍​ទៅ​កម្សាន្ត​នៅតាម​បណ្តា កោះ​នានា ក្នុងនោះ រួមមាន កោះ​ឫស្សី កោះព្រីង កោះរុងសន្លឹម កោះ​តូច ភូមិ​សុខសាន្ត និង កោះ​ដទៃ​ទៀត ដែលជា​តំបន់​ទេសចរណ៍​ដ៏ទាក់ទាញប្រចាំ​ខេត្ត​ជាប់មាត់សមុទ្រ។

បើតាម​ការដកស្រង់​សម្តី​របស់​ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​ព្រះសីហនុ​មាន​សណ្ឋាគារ​ស​រុ​ប​ចំនួន ៦៣ ស្មើនឹង ៣.០៦៥បន្ទប់ ផ្ទះសំណាក់​ចំនួន ២៥០ ស្មើនឹង ៣.៤៤៩បន្ទប់។ គួរ​បញ្ជាក់ថា កាលពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ ២០១៤ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​សរុប​ចំនួន ៦៧.៦៨៥នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ៥៤.៩៧០នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ១២.៧១៥នាក់ បានធ្វើ​ដំណើរ​ទេសចរ​ទៅកាន់​ខេត្ត​ព្រះសីហនុ៕

ប្រភព៖ AKP


© រក្សាសិទ្ធិដោយ thmeythmey.com