ជាតិ
មជ្ឈមណ្ឌល​ធនធាន​ព័ត៌មាន​នៃ​ស្ថានទូត​អាមេរិក​បើក​ឲ្យ​ចូល​ជា​សាធារណៈ
17, Oct 2015 , 8:00 am        
រូបភាព
ដោយ:
ភ្នំពេញ៖ នៅ​ពីក្រោយ​កិច្ចការងារ​ការទូត ស្ថានទូត​អាមេរិក​បាន​បង្កើត​ជាប​ណ្ណា​ល័យ​ដើម្បី​បម្រើ​ជូន​សាធារណជន​ក្នុងការ​ស្វែងយល់​ពី​ព័ត៌មាន​នានា​ទាក់ទង​នឹង​សហរដ្ឋអាមេរិក​និង​បង្កើន​កម្រិត​ភាសា​អង់គ្លេស។ បណ្ណាល័យ​ទាំងនោះ រួមមាន៥សាខា ដែល​សាខា​ធំ​មាន​ទីតាំង​ស្ថិតនៅក្នុង​ស្ថានទូត​អាមេរិក​តែម្តង។ សាខា​ធំ​នេះ​ហៅថា «មជ្ឈមណ្ឌល​ធនធាន​ព័ត៌មាន IRC» ចំណែកឯ​សាខា​ចំនួន​បួន​ផ្សេងទៀត​មានឈ្មោះ​ថា American Corner ដែល​ស្ថិតនៅក្នុង​ទីតាំង សាកលវិទ្យាល័យ​ចំនួន៤នៅក្នុង​ប្រទេស​កម្ពុជា។


 
មាន​មនុស្ស​ជាច្រើន​នាក់​ណាស់​តែង​គិតថា ស្ថានទូត​អាមេរិក​គ្រាន់តែ​ជា​កន្លែង​ដែល​ទៅសុំ​ធ្វើ​ទិដ្ឋាការ (Visa) ឬ​ទៅ​សាកសួរ​ព័ត៌មានផ្សេងៗទាក់ទង​នឹង​ការ​ចេញទៅ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ ប៉ុន្តែ​វា​មិនមែន​គ្រាន់តែ​ជា​កន្លែង​ដែល​ផ្ដល់ព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​ទិដ្ឋាការ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏មាន​មជ្ឈមណ្ឌល​ធនធាន​ព័ត៌មាន​ដែល​ហៅ​កាត់​ថា IRC បើក​ជា​សាធារណៈ​ដល់​មហាជន​និង​សិស្សានុសិស្ស​ផងដែរ។
 
មជ្ឈមណ្ឌល​ធនធាន​ព័ត៌មាន​នេះ​បាន​បើក​ឲ្យ​ដំណើរការ​តាំងពី​ឆ្នាំ២០០៥មកម្ល៉េះ ដែល​វា​បាន​ផ្ដល់ជូន​ឲ្យ​មហាជន​គ្រប់​ស្រទាប់​នូវ​ឯកសារ​ទាក់ទង​ការសិក្សា​ស្រាវជ្រាវ​ដោយ​ឥតគិតថ្លៃ​ផងដែរ។
 
កន្លងមក មជ្ឈមណ្ឌល​ធនធាន​ព័ត៌មាន​នេះ​មានការ​ពេញនិយម​ខ្លាំង​លើ​ការប្រើប្រាស់​កុំព្យូទ័រ​និង​ការប្រើប្រាស់​អ៊ីនធឺណិត​ដោយ​ឥតគិតថ្លៃ​ទៅកាន់​អ្នកប្រើប្រាស់ ដែល​នេះ​គឺជា​ការលើកឡើង​របស់​លោក ឃើ​ត​នី វូ​ដស៍ (Courtney Woods) អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក។
 
ទោះបីជា​គេ​ឃើញថា ថ្មីៗនេះ​មាន​មនុស្ស​ជាច្រើន​នាក់​ធ្វើ​ការតភ្ជាប់​និង​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​ដោយ​ខ្លួនឯង​តាម​ទូរស័ព្ទដៃ​របស់​ពួកគេ​ក៏ដោយ ក៏​មជ្ឈមណ្ឌល​ធនធាន​ព័ត៌មាន​នៅតែ​បន្ត​បើក​ឲ្យ​សាធារណជន​មកប្រើប្រាស់​សេវា​នៅទីនេះ។
 
លោក វូ​ដស៍ និយាយថា៖ «គោលបំណង​សំខាន់​ដែល​យើង​មាន IRC នេះ​គឺ​ព្រោះថា មាន​មនុស្ស​ជាច្រើន​នាក់​គិតថា ស្ថានទូត​គឺជា​កន្លែង​ដ៏​គួរ​ឲ្យ​ខ្លាច ហើយ​គេ​ទៅ​គឺ​ដើម្បី​តែ​ធ្វើ Visa (ទិដ្ឋាការ) ប៉ុណ្ណោះ ពួកគេ​មិន​យល់ថា វា​មិនមែនជា​កន្លែង​គួរ​ឲ្យ​ខ្លាច​នោះទេ»។លោក​បន្តថា៖ «ពួកគេ​អាចមក​ទីនេះ​ថ្ងៃ​ណាមួយ​ក៏បាន​ដែរ​ក្នុង​មួ​យស​ប្ពា​ហ៍ វា​គឺជា​កន្លែង​សាធារណៈ»។
 
លោក វូ​ដស៍ បាន​ឲ្យ​ដឹង​បន្ថែមទៀតថា មជ្ឈមណ្ឌល​ធនធាន​ព័ត៌មាន​អាចជួយ​ឲ្យ​មនុស្ស​រៀន​ភាសា​អង់គ្លេស ហើយ​អាចជួយ​ឲ្យ​មនុស្ស​ទៅ​សិក្សា​នៅឯ​សហរដ្ឋអាមេរិក ឬក៏​អាច​ស្វែងរក​ការងារ​ធ្វើ​ល្អ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។
 
ភួង ចាន់​ឌី ក្នុង​វ័យ២២ឆ្នាំ ដែលជា​និស្សិត​ឆ្នាំ​ទី​បួន​នៃ​វិទ្យាស្ថាន CamEd បាន​ប្រាប់ VOA ថា នាង​មកប្រើប្រាស់​មជ្ឈមណ្ឌល​ធ​ន​ធាន​ព័ត៌មាន​នេះ​បាន​រយៈពេល​ប្រហែល​ជិត​មួយឆ្នាំ​ហើយ ក្រោយពី​មានការ​ណែនាំ​ពី​មិត្តភក្តិ​របស់​នាង។ នាង​មក​មជ្ឈមណ្ឌល​ធនធាន​ព័ត៌មាន​នេះ​ដើម្បី​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​នៃ​សហរដ្ឋអាមេរិក និង​ធ្វើការ​ស្រាវជ្រាវ​អំពី​ដំណឹង​អាហារូបករណ៍​ផងដែរ។
 
លោក វូ​ដស៍ បាន​បន្ថែមថា មជ្ឈមណ្ឌល​ធនធាន​ព័ត៌មាន គឺ​មិន​មែនមាន​សិស្ស​ចូល​ពេញ​ជាប្រចាំ​នោះទេ ប៉ុន្តែ «បើទោះបីជា​យើង​មាន​មនុស្ស​តែ​ម្នាក់​ក៏ដោយ អ្នកនោះ​គឺអាច​ទទួលបាន​ឯកសារ​ស្រាវជ្រាវ​គ្រប់យ៉ាង​ដែល​គាត់​ចង់បាន»។
 
សេវាកម្ម​ទាំងអស់នោះ​រួមមាន គណនី​បណ្ណាល័យ​របស់​អាមេរិក (US Library Account) ដែល​បង្កើតឡើង​តាម​ប្រព័ន្ធ​អន​ឡាញ (អ៊ីនធឺណិត) ហើយ​អនុញ្ញាត​ឲ្យ​អាច​ខ្ចី​សៀវភៅ​បាន។ មជ្ឈមណ្ឌល​ធនធាន​ព័ត៌មាន​ក៏​អនុញ្ញាត​ឲ្យ​ធ្វើ​ការខ្ចី​សៀវភៅ ស៊ី​ឌី ឌី​វី​ដី និង​របស់ផ្សេងៗទៀ​តទៅ​ក្រៅ​បានដែរ។
 
ហេង សុ​ផា​ណែ​ត អាយុ២២ឆ្នាំ​មកពី​វិទ្យាស្ថាន​ភាសាបរទេស​បាន​ថ្លែងប្រាប់ VOA ថា​នាង  បាន​ចូលមក​សិក្សា​នៅ IRC នេះ​មាន​រយៈពេល​ប្រហែល​មួយឆ្នាំ​ហើយ។ នាង​បាន​និយាយថា៖ «នៅទីនេះ​ខ្ញុំ​អាច​ខ្ចី​សៀវភៅ​ទៅ​អាន​នៅផ្ទះ​បាន ហើយ​ខ្ញុំ​អាច​ខ្ចី Kindle និង​សៀវភៅ​ដែលមាន​លក្ខណៈ​ជា​សំឡេង​ទៅ​ក្រៅ​ផងដែរ ដែល​នេះ​មិនដែល​មានការ​ផ្តល់ជូន​ដោយ​បណ្ណាល័យ​ផ្សេងទៀត​ទេ»។
 
មជ្ឈមណ្ឌល​ធនធាន​ព័ត៌មាន នេះ​មាន​ទីតាំង​ស្ថិតនៅក្នុង​ស្ថានទូត​អាមេរិក ប៉ុន្តែ​វា​ក៏មាន​សាខា​បួន​ផ្សេងទៀត​នៅ​ទូទាំងប្រទេស​កម្ពុជា​ដែល​ហៅថា American Corner។ American Corner មាន​ទីតាំង​ស្ថិតនៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រា​ក្នុង​រាជធានី​ភ្នំពេញ សាកលវិទ្យាល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច​នៅ​ខេត្តកំពង់ចាម សាកលវិទ្យាល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច​នៅ​ខេត្តបាត់ដំបង និង សាកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ (អាស៊ីអាគ្នេយ៍) ខេត្ត​សៀម​រាម។
 
សាខា American Corner ទាំង​បួន​សាខា​នេះ​មាន​លក្ខណៈ​ដូចគ្នា​ទៅនឹង​មជ្ឈមណ្ឌល​ធនធាន​ព័ត៌មាន ICR ប៉ុន្តែ​វា​ផ្តល់ជូន​សេវា​នៅក្នុង​ទីតាំង​ដ៏​ធំ​ទូលាយ​ដល់​សិស្សានុសិស្ស ហើយ​ថែមទាំង​ស្ថិតនៅក្នុង​ទីតាំង​សាកលវិទ្យាល័យ​ផងដែរ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com