ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ក្រោយ​ភ្ជុំបិណ្ឌ យុវជន​ខ្លះ​ក្នុង​ខេត្តកំពង់ធំ​ខ្វល់​ពី​ការស្វែងរក​ការងារ
18, Oct 2015 , 9:40 pm        
រូបភាព
ដោយ:
កំពង់ធំ៖ បន្ទាប់ពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​បាន​ចប់ យុវជន​មួយចំនួន​ដែល​ធ្លាប់តែ​ធ្វើ​ចំណាកស្រុក​ដើម្បី​ទៅ​ស្វែងរក​ការងារ​ធ្វើ​ទាំង​នៅក្នុង​ស្រុក និង​នៅក្រៅ​ប្រទេស បាន​ត្រៀមខ្លួន​សារជាថ្មី​ដើម្បី​ធ្វើដំណើ​ចាក​ចេញពី​ស្រុកកំណើត​ទៅរក​ការងារ​ធ្វើ​រកប្រាក់​ដើម្បី​ផ្គត់​ផ្គង​គ្រួសារ។ មាន​យុវជន​មួយចំនួន​បាន​ចាកចេញ​ទៅហើយ តែ​យុវជន​មួយចំនួន​នៅ​មិនទាន់​ធ្វើដំណើរ​នៅឡើយ​ព្រោះ​មិនទាន់​ប្រាកដ​ក្នុង​ចិត្ត​ថា​នឹង​ទៅ​ទីណា​ទើប​ងាយស្រួល​ក្នុងការ​ស្វែងរក​ការងារ។

 
មាន​មាឌធំ លាន មករា អាយុ ២៤ឆ្នាំ យុវជន​ស្វែងរក​ការងារ​នៅ​ប្រទេស​ថៃ​បាន​លើកឡើងថា៖« ខ្ញុំ​ប្រហែល​ទៅធ្វើ​ការចុះ​ទូក​នៅ​ប្រទេស​ថៃ។ ហើយ​ខ្ញុំ​មិន​ទៅ​ភ្នំពេញ​ទេ ព្រោះ​ខ្ញុំ​មិនដឹង​ទៅធ្វើ​ការងារ​អ្វី បើ​អត់​ចេះ​អ្វី​ផង។ បើ​ទៅ​ថៃ បាន​ចុះទូក ហើយ​ការងារ​នេះ​ខ្ញុំ​ធ្លាប់ធ្វើ​យូរហើយ»។ លោក មករា ដែលជា​អ្នកភូមិ​ព្រៃក្ដី ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ បាន​បន្ត​ទាំង​ទឹកមុខ​ព្រួយបារម្ភ​ថា៖«ទៅធ្វើ​ការងារ​នៅ​ថៃ​វា​ពិបាក ហើយ​ប្រឈម​នឹង​គ្រោះថ្នាក់​ណាស់ បើសិន​ធ្លាក់​ពី​ទូក​គឺ​មិនសូវ​សង្ឃឹមថា​មានជីវិត​ទេ ពេលខ្លះ​ត្រី​ឆ្លាម​ហែល​តាម​ទូក ហើយ​វាធំ»។មករា​និយាយថា​ការងារ​របស់លោក​ជាការ​ងារ​ដែល​គ្រោះថ្នាក់ តែ​លោក​គ្មាន​ជម្រើស ព្រោះ​បើ​នៅផ្ទះ​ក៏​មិនដឹង​ធ្វើ​អ្វី ព្រោះស្រូវ​ស្រែ​ក៏បាន​ធ្វើ​រួចរាល់​អស់ហើយ។
 
ចំណែក​កញ្ញា លី ស្រីណាត អាយុ ១៩ឆ្នាំ ជា​កម្មការិនី​រោងចក្រ កញ្ញា​បានលើកឡើង​ពី​ការព្រួយបារម្ភ​របស់​ក​ញ្ញា ក្នុងការ​ស្វែងរក​ការងារ មិន​ខុសពី​មករា​ប៉ុន្មាន​នោះទេ។ កញ្ញា​បានបង្ហាញ​ការព្រួយបារម្ភ​ថា៖«ខ្ញុំ​មក​បុណ្យ​ភ្ជុំ​នេះ រោងចក្រ​អត់​ទាន់​បើក​លុយ​ទេ។ ខ្ញុំ​ឲ្យ​ម៉ែ​ផ្ញើ​លុយ ឲ្យ​ថ្លៃ​ឡាន ហើយ​ថៅកែ​រោងចក្រ​បានរ​ត់ទៅ​ប្រទេស​ចិន​បាត់​ហើយ។ ពេល​ត្រឡប់​ទៅវិញ ខ្ញុំ​មិនដឹង​គេ​បើក​លុយ​ឲ្យ​អត់​ផង។ ខ្ញុំ​ក៏​មិនដឹងថា​ទៅវិញ​នេះ​គេ​ឲ្យ​យើង​ធ្វើការ​វិញ​នោះទេ ព្រោះ​មុនពេល​ពួក​ខ្ញុំ​មក​ស្រុក​នេះ ពួក​ខ្ញុំ​បាននាំគ្នា​តវា​ដើម្បី​ឲ្យ​ថៅកែ​បើក​លុយ​ឲ្យ»។ មានកំណើត​ជា​អ្នកភូមិ​តាំង​ស្ទោង ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ស្រីណាត មានការ​ខ្វល់ខ្វាយ​ខ្ពស់​ពី​ការងារ​របស់​កញ្ញា។ យុវតី​វ័យ១៩ឆ្នាំ​រូបនេះ នឹង​មិនដឹង​ទៅធ្វើ​ការងារ​អ្វី​ទៀត​នោះទេ ប្រសិនបើ​រោងចក្រ​របស់​កញ្ញា មិន​អនុញ្ញាត​ឲ្យ​កញ្ញា​ធ្វើការ​ឡើងវិញ។ យុវតី​សម្បុរ​សរូប​នេះ​បាន​លើកឡើងថា៖ «រាល់ថ្ងៃនេះ​សូម្បី​នៅ​រោងចក្រ​ក៏​ពុករលួយ​ដែរ បើ​យើង​គ្មាន​លុយ​សូក​គេ​ទេ គឺ​យើង​មិនសូវ​សង្ឃឹមថា​បាន​ទៅធ្វើ​ការ​ក្នុង​រោងចក្រ​ដែរ»។
 
ងាក​មក​ចាប់អារម្មណ៍​បុរស​សម្បុរ​ខ្មៅ​ស្រអែម​លោក ជួន វិសាល វិញ។ បុរស​កំពស់​ប្រហែល១.៧០ម ពិតជា​មានការ​ព្រួយបារម្ភ​ពី​ការងារ​របស់ខ្លួន​ក្រោយពេល​ត្រលប់​ទៅ​ទីក្រុង​ភ្នំពេញ​វិញ។ វិសាល​ព្រួយបារម្ភ​ព្រោះតែ​ខ្លួន ត្រូវបាន​ភាគី​រោងចក្រ បាន​បញ្ឈប់​ការងារ​របស់លោក​បាត់ទៅហើយ គឺ​តាំង​ពីមុន​លោក​មកលេង​ស្រុកកំណើត​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ម្លេះ។ មាន​ភរិយា​ផង និង​កូនប្រុស​តូច​ក្នុងបន្ទុក​ផង វិសាល​បាន​សម្ដែង​ការព្រួយបារម្ភ​ដូច្នេះ៖«ខ្ញុំ​ទៅ​ភ្នំពេញ​វិញ គឺ​ពិបាក​រក​ការងារ​ហើយ ព្រោះ​ខាង​រោងចក្រ​បាន​បញ្ឈប់​ការងារ​ខ្ញុំ​ហើយ។ ដោយសារតែ​ខ្ញុំ​មិនមែនជា​បុគ្គលិក​ពេញ​សិទ្ធ។ នៅសល់តែ១សប្ដាហ៍​ទៀត​ខ្ញុំ​ក្លាយជា​កម្មករ​ពេញ​សិទ្ធ​ហើយ តែ​ស្រាប់តែ​គេ​បញ្ឈប់​មុន។ ខ្ញុំ​មិនដឹង​ត្រូវ​ទៅរក​ការងារ​អ្វី​ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​ទេ​ព្រោះ ឥឡូវនេះ​ខាង​រោងចក្រ គេ​មិន​ចង់បាន​កម្មករ​បុរស​ទេ ហើយ​រោងចក្រ​មួយចំនួន​ក៏​ចាប់ផ្ដើម បញ្ឈប់​កម្មករបណ្ដើរៗ ជាពិសេស ប្រភេទ​កម្មករ​ធ្វើការ​ស៊ី​ថ្ងៃ​ដូច​ពួក​ខ្ញុំ»។ មានកំណើត​ជា​អ្នកភូមិ​ថ្មី ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ វិសាល ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ជីវភាព​គ្រួសារ​របស់លោក ជាពិសេស​គឺ​ការផ្គត់ផ្គង់​ដល់​កូនប្រុស​របស់លោក។
 
យុវជន​ទាំងនេះ​បាន​លើកឡើងថា ការងារ​រោងចក្រ​គឺជា​ក្ដីសង្ឃឹម​របស់​ពួកគេ តែ​ប្រសិនបើ​រោងចក្រ​បិទទ្វារ ឬ​បញ្ឈប់​ការងារ​របស់ខ្លួន​បែបនេះ ពួកគេ​ក៏​មិនដឹង​ទៅរក​ការងារ​អ្វី​ក្រៅពី​កិច្ចការ​នេះដែរ ព្រោះ​ខ្លួន​គ្មាន​ជំនាញ​អ្វី​ផ្សេង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com