ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ខឹម វាសនា៖ មួក​ជួយ​ឲ្យ​ចិត្ត​ខ្ញុំ​ស្វាហាប់
19, Oct 2015 , 12:24 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ បន្ទាប់ពី​មានការ​រិះគន់​យ៉ាងខ្លាំង​ពី​មហាជន​ដែលថា ការ​ពាក់មួក​និយាយ​ជាមួយ​ព្រះសង្ឃ​គឺជា​រឿង​អសីលធម៌ លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) បានធ្វើការ​ពន្យល់​បក​ស្រាយ​ពី​ករណីនេះ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​ថ្ងៃទី១៨ ខែតុលា។

 
លោក ខឹម វាសនា បាន​សរសេរ​បកស្រាយ នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់ខ្លួន​ថា ការ​ពាក់មួក​គឺជា​ចំណង់​ចំណូលចិត្ត​របស់លោក តាំងពីក្មេង ហើយ​បច្ចុប្បន្ននេះ មួក LDP បាន​ក្លាយជា​អត្តសញ្ញាណ​របស់​គណបក្ស។ លើសពីនេះ លោក ខឹម វាសនា ក៏បាន​ច្រានចោល​ការរិះគន់ ដែលថា ការ​ពាក់មួក​និយាយ​ជាមួយ​ព្រះសង្ឃ​ជាការ​មិន​គោរព​ព្រះសង្ឃ គឺជា​ចេតនា​មួលបង្កាច់​ចំពោះ​លោក និង​បក្ស​របស់លោក។ 
 
ប្រធាន​គណបក្ស LDP បានបង្ហាញ​មូលហេតុ ដែល​លោក​តែងតែ​ពាក់មួក​និយាយ​នៅក្នុង​វេទិកាសាធារណៈ​ដែលមាន​ការចូលរួម​ពី​ព្រះសង្ឃ និង​មនុស្ស​ចាស់​ថា ជា​ទម្លាប់​របស់លោក។ លោក​បាន​បញ្ជាក់ថា៖ « ខ្ញុំ​ចង់​ប្រាប់ថា មនុស្ស​ខ្ញុំ​ចូលចិត្ត​មួក​ណាស់​តាំងពី​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​មាន​អារម្មណ៍​ថា មួក​ជួយ​អោយ​ចិត្ត​ខ្ញុំ​ស្វាហាប់ ទោះ​មាន​មនុស្ស​ច្រើន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ពាក់មួក​ច្រើន ខ្ញុំ​នឹង ប្រឈម​នឹង​ការ​ជ្រុះ​សក់ ក៏​ខ្ញុំ​នៅតែ​ពាក់​វា​ដែរ ព្រោះ​ខ្ញុំ​ស្រឡាញ់​មួក ចូលចិត្ត​មួក វា​ជា​រឿង​ចំណូលចិត្ត​របស់​មនុស្ស»។
 
ការ​ពាក់មួក​នៅក្នុង​វេទិកា ដែលមាន​ព្រះសង្ឃ​ចូលរួម ត្រូវបាន លោក ខឹម វាសនា និយាយថា វេទិកា​នេះ មិនមែនជា​ពិធី​សាសនា​នោះទេ ប៉ុន្តែ​វា​ជា​វេទិកា​នយោបាយ ដែល​លោក​និយាយ​ជាមួយ​មនុស្ស​ទូទៅ មិនមែនជា​និយាយ​ទៅកាន់​ព្រះសង្ឃ​នោះទេ។ លោក​ថា ការ​ពាក់មួក វា​បញ្ជាក់​ពី​ភាព​ស្មើភាព​គ្នា មិនមែនជា​រឿង​អសីលធម៌​នោះទេ។ លោក​បន្ថែមថា បើសិនជា​លោក​និយាយ​ផ្ទាល់​ជាមួយ​ព្រះសង្ឃ​ឬ​មនុស្ស​ចាស់​ជាង​លោក គឺ​លោក​តែង​ដោះ​មួក ព្រោះ​ជា​សីលធម៌​របស់​ខ្មែរ។ 
 
មិន​ត្រឹមតែ​បកស្រាយ​ពី​មូលហេតុ​នៃ​ការ​ពាក់មួក​នោះ ប្រធាន​បក្ស​ចាស់វស្សា​រូបនេះ ចង់​ឲ្យ​អ្នក​រិះគន់​លោក គួរតែ​រិះគន់​មេបក្ស​ប្រឆាំង​នៅ​កម្ពុជា​ផងដែរ ព្រោះ​កាលពី​ធ្វើបាតុកម្ម​កន្លងមក ប្រធាន​បក្សប្រឆាំង​ទាំងពីរ​គឺ​លោក កឹម សុខា និង​លោក​សម រង្ស៊ី បាន​ថ្លែង​លើ​វេទិកា​ដោយ​ពាក់មួក​គណបក្ស ដែលមាន​អ្នកចូលរួម​ជា​ព្រះសង្ឃ និង​មនុស្ស​ចាស់​ជាច្រើន​នៅក្រោម​វេទិកា។
 
គួររម្លឹកថា លោក ខឹម វាសនា និង​សកម្មជន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ តែងតែ ពាក់មួក​នៅពេល​មាន​វេទិកាសាធារណៈម្តងៗ ទោះបីជា​វេទិកាសាធារណៈ​នោះ ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​ព្រះសង្ឃ​ក្តី។ ទង្វើ​នេះហើយ ទើប​ធ្វើ​ឲ្យ​មតិ​មហាជន​រិះគន់​យ៉ាង​ចាស់ដៃ​ថា ជា​ទង្វើ​អសីលធម៌ ប្រមាទ​សាសនា និង​ផ្ទុយទៅនឹង​ទំនៀមទម្លាប់​ខ្មែរ ដែល​តែងតែ​ដោះ​មួក ពេល​ជួប​មនុស្ស​ចាស់​ឬ​ព្រះសង្ឃ។ ប៉ុន្តែ​មេបក្ស​​រូបនេះ បាន​បកស្រាយ​នៅ​ថ្ងៃ​ម្សិលមិញ​ថា ពាក់មួក​ក្នុង​វេទិកា​នយោបាយ​គឺជា​រឿង​មិន​ខុស​ទេ ណាមួយ​ការ​ពាក់មួក​ជា​ចំណង់​ចំណូលចិត្ត​របស់លោក​តាំងពីក្មេង ហើយ​ជា​អត្តសញ្ញាណ​របស់​បក្ស​LDP៕
 

Tag:
 ខឹម វាសនា
  គណបក្ស LDP
© រក្សាសិទ្ធិដោយ thmeythmey.com