ជាតិ
សង្គមជាតិ
អាជ្ញាធរ​សម្តែង​ក្តីបារម្ភ​ពី​បញ្ហា​អនាម័យ​នៅ​ភ្នំ​គូ​លេន
19, Oct 2015 , 2:51 pm        
រូបភាព
 
សៀមរាប៖ រមណីយដ្ឋាន​ភ្នំ​គូ​លេន ត្រូវបាន​គេ​ស្គាល់​ថា ជា​ទិសដៅ​ដ៏​ទាក់ទាញ​មួយ​សម្រាប់​ទេសចរ ដែល​មក​កម្សាន្ត​ក្នុង​ទឹកដី​ខេត្តសៀមរាប។ នៅពេល​មាន​ពិធី​បុណ្យទាន ឫ​រាល់ថ្ងៃ​ចុង​សប្តាហ៍ ភ្ញៀវទេសចរ​ជាច្រើន បាន​សម្រុក​ឡើង​ទៅលើ​ភ្នំ​គូ​លែន។ ការណ៍​នេះហើយ ធ្វើ​ឲ្យ​បរិស្ថាន​នៅ​តំបន់​ទេសចរ​ធម្មជាតិ​មួយ​នេះ​មិនសូវ​បំព្រង ជារួម​មានការ​បោះចោល​សំរាម​ពាសវាល​ពាសកាល។

 
អាជ្ញាធរ​ពាក់ព័ន្ធ មាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​បញ្ហា​អនាម័យ​នៅ​រមណីយដ្ឋាន​ភ្នំ​គូ​លែន។ ភាពកម្សោយ​ផ្នែកអនាម័យ ពិតជា​ចំណែក​មួយ​យ៉ាងសំខាន់ ទាញ​ទម្លាក់​សម្រស់​រមណីយដ្ឋាន​ប្រ​វ​តិ្ត​សាស្ត្រ និង​ធម្មជាតិ​ភ្នំ​គូ​លែន។
 
ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប លោក ភួង លី​ណា បាន​រៀបរាប់​ពី​ទីតាំងសំខាន់ៗ ដែលមាន​នៅក្នុង​រមណី​យ​ដ្ឋា​ន​ភ្នំ​គូ​លេន ក្នុងនោះ​មិន​ត្រឹម​តែមាន​កន្លែង​ទឹកជ្រោះ លិង្គ​មួយ​ពាន់ ព្រះអង្គ​ធំ​ប៉ុណ្ណោះ​ទេ តាម​ការសិក្សា​ស្រាវជ្រាវ ភ្នំ​គូ​លេន​មាន​ប្រាសាទបុរាណ​ជាច្រើន​កន្លែង​ទៀត។ យ៉ាងណា លោក លី​ណា បាន​សម្តែង​កង្វល់​ពី​ការបាត់​ប្រជាប្រិយភាព និយាយ​ជារួម ភ្ញៀវទេសចរ​នឹង​លែង​មក​កម្សាន្ត​ក្នុង​តំបន់​នេះ​ទៀត ប្រសិនបើ​ការគ្រប់គ្រង​អនាម័យ​នៅ​ទីនោះ​មិនទាន់​បានល្អ​នោះ
 
លោក លី​ណា បន្ថែមថា៖« ប៉ុន្តែ​អ្វីដែល​យើង​បានឃើញ វា​បែរ​ជាមាន​បញ្ហា​ទាក់ទង​នឹង​ការគ្រប់គ្រង​សំណល់​រឹង​សំរាម​ទៅវិញ។ អី្វៗរីកចម្រើន តែ​ការគ្រប់គ្រង​សំណល់​រឹង​សំរាម​មិនទាន់​រីកចម្រើន​ទៅតាម​អ្វីដែល​យើង​ធ្វើ​នៅទីនេះ​ទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​តំបន់​នេះ​ទទួលរង​ផលប៉ះពាល់​ពី​សំណល់​រឹង​សំរាម​នេះ។ លោក លី​ណា ពន្យល់​ពី​មូលហេតុ​យ៉ាង​ដូច្នេះ៖« ទីមួយ​ទាក់ទង​នឹង​ប្រជាពលរដ្ឋ​រស់នៅ​ទីនេះ​ផ្ទាល់ រួម​និង​ភ្ញៀវទេសចរ​ដែល​មិនទាន់​យល់ច្បាស់​ពី​ការគ្រប់គ្រង​សំណល់​រឹង​សំរាម។ ទី​ពីរ​បុគ្គលិក​អនាម័យ​នៅមាន​តិចតួច​នៅឡើយ ជាហេតុ​ធ្វើ​ឲ្យ​ការប្រមូល​សំរាម​មិនទាន់​បានល្អ»។
 
ទាក់ទង​នឹង​បញ្ហា​នេះ លោក ស៊ិន សួន តំណាង​ក្រុមហ៊ុន​នគរ​គោកធ្លក ដែល​កំពុង​គ្រប់គ្រង​ក្នុង​តំបន់​រមណីយដ្ឋាន​ភ្នំ​គូ​លែន បាន​ពន្យល់ថា បុគ្គលិក​ប្រចាំការ​នៅលើ​ភ្នំ​គូ​លែន​ទាំងអស់​មាន ១៩នាក់ ក្នុងនោះ​ផ្នែក​សន្តិសុខ៩នាក់ និង​ផ្នែកអនាម័យ១០នាក់។ លោក សួន បន្ថែមថា នៅ​ថ្ងៃ​ធម្មតា បញ្ហា​អនាម័យ​នៅ​កន្លែង​របស់លោក​មិន​ចោទ​ជា​បញ្ហា​ទេ ប៉ុន្តែ​សម្រាប់​ថ្ងៃបុណ្យធំៗ ដូចជា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ដែល​ទើប​កន្លងផុតទៅថ្មីៗនេះ មាន​ភ្ញៀវទេសចរ​រាប់រយ​នាក់ ដែល​សម្រុក​ឡើងទៅ​លេង ដែល​ធ្វើ​ឲ្យ​ការប្រមូល​សំរាម​មិនទាន់​ពេលវេលា។
 
លោក សួន បន្ត​លើក​ពី​ហេតុផល​យ៉ាង​ដូច្នេះ៖« ដោយសារ​កន្លែង​យើង​មិនសូវ​សម្បូរ​ធុងសំរាម ហើយ​ណាមួយ​ប្រជាពលរដ្ឋ​យើង​មិនមាន​ការ​វេច​ខ្ចប់​ល្អ ភាគច្រើន​គាត់​ហូប​ហើយ​គាត់​ទុក​នៅ​ហ្នឹង។ បញ្ហា​តែ​នៅពេល​បុណ្យទាន​ទេ សម្រាប់​ថ្ងៃ​ធម្មតា​កំលាំង​យើង​អាច​រើស​បាន​ដឹក​យកទៅ​ដុតចោល​បាន»។
 
មេឃុំ​ខ្នងភ្នំ លោក ឈឿ​ម តាំង បាន​ឲ្យ​ដឹងថា ឃុំ​របស់លោក​មាន៤ភូមិ មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន​ជាមួយ​ពាន់​នាក់។ លោក តាំង ទទួលស្គាល់ថា​ប្រជាពលរដ្ឋ​របស់លោក​មិនទាន់​យល់ដឹង​ច្រើន​នោះទេ ទាក់ទង​នឹង​ការសម្អាត​បរិស្ថាន​នេះ។ មន្ត្រីឃុំ​រូបនេះ ស្នើ​ឲ្យ​មាន​ការចុះ​អប់រំ​ប្រជាពលរដ្ឋ​របស់លោក ឲ្យ​យល់ដឹង​ពី​អនាម័យ​ខ្លួនឯង និង​អនាម័យ​ជុំវិញ​ផ្ទះ ដើម្បី​ឲ្យ​ពលរដ្ឋ​ទាំងនោះ បានរួម​ចំណែក​សម្អាត​បរិស្ថាន​ទៅ​ថ្ងៃ​អនាគត។
 
ដោយមាន​ការឧបត្ថម្ភ​ពី​សប្បុរសជន ដែលជា​ជនជាតិ​កូរ៉េ​លោក Jay Sue ​ក្លឹប​អ្នកជិះ​កង់​ដើម្បី​សហគមន៍ សហការ​ជាមួយនិង​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១៨ តុលា ឆ្នាំ២០១៥ បាន​នាំយក​ធុងសំរាម​សរុប​ចំនួន ៣០ធុង ទៅ​ដាក់​នៅ​រមណីយដ្ឋាន​ភ្នំ​គូ​លេន។ ពួកគេ​ចង់ឃើញ​ប្រជាពលរដ្ឋ រួម​និង​ភ្ញៀវទេសចរ ​សហការ​គ្រប់គ្រង​សំណល់​នៅ​ភ្នំ​គូ​លេន ដើម្បី​អនាគត​នៅ​រមណីយដ្ឋាន​ដ៏​ស្រស់ត្រកាល​មួយ​នេះ៕
 

Tag:
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com