អន្តរជាតិ
នៅតែ​មួយថ្ងៃ​ទៀត​ទេ​បងប្អូន​កូរ៉េ​ទាំងពីរ​បែក​គ្នា៦ទសវត្ស អាច​ជួបគ្នា​បាន​ហើយ
19, Oct 2015 , 8:19 pm        
រូបភាព
ការប្រឈមមុខ​នៃ​កងកម្លាំង​ដាក់គ្នា​របស់​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល និង ក្រុង​ព្យុងយ៉ាង មិន​ត្រឹមតែ​គំរាមកំហែង​ទៅដល់​សន្តិសុខ​ប៉ុណ្ណោះ​នោះទេ តែ​វា ក៏បាន​ធ្វើ​ឲ្យ​ប្រជាជន​កូរ៉េ​ទាំងពីរ​ដែល​បាន​បែក​គ្នា​អស់​រយៈ ពេល៦ទសវត្សរ៍​ហើយ​នោះ ក៏ត្រូវ​បាន​មានការ​ភ័យខ្លាច​ផងដែរ។ នោះ ក៏​ព្រោះ​តែបើ​ភាព​តានតឹង​នៅតែ​បន្ត​នោះ​ការជួបជុំ​នឹងត្រូវ​ពន្យារពេល​ជា​បន្តបន្ទាប់។យ៉ាងណាមិញ ចាប់ពី​ថ្ងៃស្អែក​ទៅ ប្រជាជន​កូរ៉េ​ទាំងពីរ​ដែល​បាន​ចុះឈ្មោះ​ជួបជុំ​គ្រួសារ នឹង​ចាប់ផ្តើម​ជួបជុំគ្នា​ប្រចាំឆ្នាំ​ហើយ។


លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ


 
សល់​តែមួយ​ថ្ងៃ​ទៀត​ទេ បងប្អូន​កូរ៉េ​ទាំងពីរ នឹង​អាច​ជួបជុំ​គ្រួសារ​ពួកគេ​ដែល​បាន​បែក​គ្នា​តាំងពី​បញ្ចប់សង្គ្រាម​ឆ្នាំ១៩៥០-១៩៥៣ហើយ ។  ខណៈពេល​នេះ ប្រជាជន​កូរ៉េ​ទាំងពីរ​ដែល​បាន​ចុះឈ្មោះ​ក្នុងការ​ជួបជុំ បាន​សម្តែង​ភាព​រីករាយ​និង កំពុងតែ​ត្រៀមខ្លួន​សម្រាប់​ការជួប​ជុំគ្នា​ដ៏​កម្រ​មួយ​នេះ។
 
កាលពី​ខែសីហា​កន្លងទៅនេះ ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ បាន​ឈានដល់​កម្រិត​មួយ​គួរ​ឲ្យ​ព្រួយបារម្ភ ដ្បិត កូរ៉េ​ទាំងពីរ បាន​បញ្ជូន​ទ័ព​ជាច្រើន​ទៅកាន់​តំបន់​ព្រំដែន និង ថែមទាំង​បាន​បាញ់​គ្រាប់ផ្លោង​ដាក់គ្នា​ទៅវិញទៅមក​ទៀតផង។ យ៉ាងណាមិញ ក្រោម​ការចរចា​ដ៏​តានតឹង​នៅ​ថ្ងៃទី២៥ខែសីហា ដោយមាន​ការ អន្តរាគមន៍​ពី​ចិន​ផងដែរ​នោះ ភាគី​ទាំងពី​បាន​ព្រមព្រៀងគ្នា​ដក​កងទ័ព​ដើម្បី​បន្ធូរបន្ថយ​ស្ថានភាព។ ហើយ​លទ្ធផល​ជា​ផ្លែផ្កា​នោះ ភាគី​ទាំងពីរ បានកំណត់​ឲ្យ​មានការ​ជួបជុំ​គ្រួសារ​ប្រចាំឆ្នាំ​ដែល​បាន​បែកបាក់​គ្នា​អស់​រយៈពេល​ជាង៦០ឆ្នាំ​ហើយ​នោះ ដើម្បី​ជាការ​បង្កើន​ទំនុកចិត្ត​គ្នា​ឡើងវិញ។
 
បើ​យោងតាម​ការកំណត់​នៃ​កិច្ចព្រមព្រៀង​នោះដែរ រដ្ឋាភិបាល​កូរ៉េ​ទាំងពីរ បានកំណត់​ចាប់ពី​ថ្ងៃស្អែក រហូតដល់​ថ្ងៃទី២៦ ខែតុលា ជា​ថ្ងៃ​ជួបជុំ​បងប្អូន​កូរ៉េ​ប្រចាំឆ្នាំ ដែល​នឹងត្រូវ​ធ្វើឡើង​នៅឯ​រមណីយដ្ឋាន​ក្បែរ​ព្រំដែន​កូរ៉េខាងជើង។ ក្រុមគ្រួសារ​ដែល​នឹងត្រូវ​ជួបជុំគ្នា​នោះ មាន​ប្រមាណ១៧០គ្រួសារ។
 
កន្លងមក​ក្រសួង​រួបរួម​កូរ៉េខាងត្បូង បាន​អះអាងថា គិត​ចាប់ពី​ឆ្នាំ១៩៨៨ប្រជាជន​កូរ៉េខាងត្បូង​ប្រមាណ ជាង​ដប់​ម៉ឺន​នាក់ បាន​ចុះឈ្មោះ​ដើម្បី​សុំ​ជួបជុំ​គ្រួសារ។ ក៏ប៉ុន្តែ​មកទល់ពេលនេះ មាន​ប្រជាជន​ប្រមាណ​ជាង​ប្រាំ​ម៉ឺន​នាក់​តែប៉ុណ្ណោះ​ដែល​កំពុង​មានជីវិត និង ទន្ទឹងរង់ចាំ​ការជួបជុំ​នេះ។ 
 
មុនពេល​មកដល់ពេលនេះ ពោលគឺ​ក្រោយ​ពេលដែល​កិច្ចព្រមព្រៀង​ថ្ងៃទី២៥ ខែសីហា គេ​សង្កេត ឃើញ​មាន​ភាព​រកាំរកូស​ជាច្រើន បាន​កើតឡើង​រវាងរ​ដ្ឋា​ភិ​បាល​កូរ៉េ​ទាំងពីរ។ ក្នុងនោះ មេដឹកនាំ​កំពូល​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ក៏​ធ្លាប់​ព្រមាន​លុបចោល​នៃ​ការជួបជុំ​នេះ ព្រោះ​រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​រិះគន់​ខ្លួន​នៅក្នុង​ឆាក​អន្តរជាតិ​ម្តង​ហើយ​ម្តងទៀត។
 
ដោយឡែក ប្រសិនបើ​ការជួបជុំ​នេះ អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​នោះ វា​អាចជា​សញ្ញា​មួយ​វិជ្ជមាន​នៃ ការកសាង​ទំនុកចិត្ត និង កសាង​សន្តិភាព​នៅក្នុង​ឧបទ្វីប​កូរ៉េ។ កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ មេដឹកនាំ​កំពូល​កូរ៉េខាងជើង ក៏បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ក្នុងការ​ចរចា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ថ្មី​មួយ​នៅក្នុង​ឧបទ្វីប​កូរ៉េ ដើម្បី​ជំនួស​កិច្ចព្រមព្រៀង​សន្តិភាព​ឧបទ្វីប​កូរ៉េ​ដែល​បានធ្វើ​តាំងពី​ឆ្នាំ១៩៥៣ ផងដែរ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com