ជាតិ
សេដ្ឋកិច្ច
ជនជាតិ​កូរ៉េ​ឈរ​លំដាប់​លេខ១ដែល​មក​ទស្សនា​ខេត្តសៀមរាប
20, Oct 2015 , 9:56 am        
រូបភាព
សៀមរាប៖ ជនជាតិ​កូរ៉េ នៅតែ​បន្តកាន់កាប់​ដំណែង​ភ្ញៀវទេសចរ​ឈរ​នៅ​លំដាប់​លេខ១ ដែល​មក​ទស្សនា​ខេត្តសៀមរាប​ច្រើនជាងគេ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។ គិត​ត្រឹម​រយៈពេល៥ខែ​ក្នុង​ឆ្នាំ២០១៥ មាន​ជនជាតិ​កូរ៉េ​ជាង ១៧ម៉ឺន​នាក់ ដែល​មក​ទស្សនា​ខេត្តសៀមរាប។



សូមស្ដាប់ព័ត៌មានលម្អិត៖



បើ​គេ​បាន​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត ឫតំបន់សំខាន់ៗក្នុង​ទឹកដី​ខេត្តសៀមរាប នោះ​គេ​នឹង​បានឃើញ​វត្តមាន​ភ្ញៀវទេសចរ​កូរ៉េ មាន​ជាប់​មិន​លស់​ឡើយ។ ពួកគេ​ដើរ​កម្សាន្ត​ជាក្រុមៗ ហើយ​ស្លៀក​សំលៀកបំពាក់ស្រដៀងៗគ្នា សម​នឹង​សម្បុរ​ស ភ្នែកតឹងៗ ។ ក្នុង​ក្រុម​របស់​ពួកគេ​មាន​មគ្គុទ្ទេសក៍​ជនជាតិ​កូរ៉េ​មួយរូប កំពុងនិយាយ​និង​ចង្អុល​ពី​ចំណុចផ្សេងៗនៅតាម​ប្រាសាទ ប្រាប់​ដល់​អ្នកទេសចរ​ទាំងនោះ។

ចំនួន​ភ្ញៀវទេសចរ​កូរ៉េ រយៈពេល៥ខែ​ដើមឆ្នាំ២០១៥នេះ គឺ​បាន​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី១ គឺ​ឈរ​នៅលើ​ជនជាតិ​ចិន​ទៅទៀត។ ត្រឹម៥ខែ គឺ​ពី​ខែមករា ដល់​ខែឧសភា មាន​ទេសចរ​កូរ៉េ​ចំនួន ១៧៦,១៥៤ ដែល​មក​ទស្សនា​ខេត្តសៀមរាប។ នេះ​បើ​យោងតាម​របាយការណ៍​ដែល​មន្ទីរ​ទេសចរណ៍​ខេត្ត​ប្រមូលបាន។

ដោយឡែក​ជនជាតិ​ចិន​វិញ​ក៏​មិន​អត់​ដែរ។ តួលេខ​បាន​ប្រកៀក​ប្រកិត​គ្នា​នឹង​ជនជាតិ​កូរ៉េ គឺមាន​ចំនួន ១៧១,៧៧៩នាក់ ក្នុង​រយៈពេល​ដូចគ្នា។ លេខ៣ បាន​ទៅលើ​ជនជាតិ​ជប៉ុន ដែលមាន​ចំនួន ៥៥,៣៧៨នាក់ បន្ទាប់មក​មាន ថៃ អាមេរិក វៀតណាម អង់គ្លេស បារាំង អាឡឺម៉ង់ និង​ម៉ាឡេស៊ី។

របាយការណ៍​របស់​ម​ន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​សរុប​តួលេខ​ទាំងមូល ពី​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​មក​កម្សាន្ត​ក្នុង​ខេត្តសៀមរាប​ផងដែរ។ រយៈពេល៥ខែ​ដើមឆ្នាំ មាន​ទេសចរ​អន្តរជាតិ​ចំនួន ៩៩០,៩៩៦ និង​ទេសចរ​ក្នុងស្រុក​មាន​ចំនួន ១,៨១៩,៦៧២នាក់។

យ៉ាងណា​ម៉ិ​ញ បើទោះជា​ចំនួន​ជនជាតិ​កូរ៉េ​ឈរ​នៅ​លេខ១ក៏ពិតមែន តែ​ចំនួន​នេះ​បាន​ថយចុះ​ជា​លំដាប់។ ក្រុមហ៊ុន​ទេសចរណ៍​របស់​កូរ៉េ និង​ភោជនីយដ្ឋាន​មួយចំនួន​នៅ​ខេត្តសៀមរាប បាន​បង្វែរ​ទិសដៅ​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា វៀតណាម​ជាដើម ដែល​គេ​ដឹងថា មាន​ភាពងាយស្រួល និង​មាន​សេវា​ថោក​ជាង​កម្ពុជា។

ទាក់ទង​នឹង​បញ្ហា​នេះ លោក ប៉ឹ​ក ថុល ប្រធាន​សមាគម​ទ្រទ្រង់​ក្តីសង្ឃឹម​មគ្គុទ្ទេសក៍​ទេសចរណ៍​កូរ៉េ បាន​ពន្យល់​ពី​មូលហេតុ​នៃ​ការធ្លាក់ចុះ​ភ្ញៀវ​ជនជាតិ​កូរ៉េ​ថា ដោយសារ​កត្តា​ពីរ។ ទីមួយ គឺ​ការ​គៀប​យកលុយ​របស់​ប៉ូលិស​ព្រលានយន្តហោះ និង​ការដំឡើង​តម្លៃ​សេវា វី​អាយ​ភី។ ទី​ពីរ តម្លៃ​ទំនិញ និង​សេវា​ដឹកជញ្ជូន​ភ្ញៀវ​រៀបចំ​មិនបាន​ល្អជា​ដើម។
លោក ថុល បន្ថែម​យ៉ាង​ដូច្នេះ​ថា៖« ភ្ញៀវ​ជនជាតិ​អឺរ៉ុប​មិន​អី​ទេ តែ​ជនជាតិ​កូរ៉េ​នេះ​មួយ ឲ្យ​តែ​ឃើញ​គឺ​ប៉ូលិស​នៅ​ព្រលានយន្តហោះ​សៀមរាប​នេះ គឺ​ចង់តែ​កាប់ឆៅ​តែម្តង មិនដឹង​យ៉ាងម៉េច...រឿង​តម្លៃ​ទំនិញ​នៅ​តំបន់​អង្គរ តម្លៃ​ស្ថិតនៅលើ​មាត់​អ្នកលក់ មានពេលខ្លះ​អ្នករត់​រ៉ឺម៉ក់​ជេរ​ឲ្យ​ភ្ញៀវ​ក៏មានដែរ។ ពេល​គេ​ត្រឡប់​ទៅវិញ តើ​គេ​ហ្នឹង​និយាយ​អ្វីខ្លះ​ដល់​យើង»។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប លោក ងូវ សេង​កាក់ បាន​ឲ្យ​ដឹងថា នៅ​ខែ​នេះ​ចំនួន​ភ្ញៀវទេសចរ​បាន​ងើប​ឡើងវិញ​បន្តិច​ហើយ តែ​មិនបាន​បញ្ជាក់ថា​ភ្ញៀវ​ជនជាតិ​ណា​ច្រើនជាងគេ​នោះទេ។ សារព័ត៌មានថ្មីៗ ក៏​មិនអាច​សុំ​ការបកស្រាយ​ចំពោះ​ការធ្លាក់​ភ្ញៀវ​ជនជាតិ​កូរ៉េ​នោះបាន​ដែរ ដោយ​ប្រធាន​មន្ទីរ​ទេសចរណ៍ ថា​គាត់​កំពុង​ជាប់​ប្រជុំ៕





Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com