ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា ថា លោក ហ៊ុន សែន ដឹងខ្លួន​ថា ចាញ់ឆ្នោត​ទើប​និយាយ​ពី​រឿង​សង្គ្រាម
20, Oct 2015 , 5:02 pm        
រូបភាព
ដោយ:
 
 
ឆ្លើយតប​នឹង​សំណួរ​អ្នកសារព័ត៌មាន​ស្តីពី​ប្រសាសន៍​របស់លោក ហ៊ុន សែន ទាក់ទង​នឹង​ការកើត​សង្គ្រាម​ជាថ្មី​នោះ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​លោក កឹម សុខា បាន​ថ្លែងថា ការណ៍​ដែល​លោកនាយក​រដ្ឋមន្ត្រី​និយាយ​ដូច្នេះ ដោយសារ​លោក ហ៊ុន សែន ដឹងខ្លួន​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ឈ្នះឆ្នោត​នៅ​អាណត្តិ​ក្រោយ។  អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចាត់ទុក​ការលើកឡើង​របស់លោក កឹម សុខា គ្រាន់តែ​ដើម្បី​លើកទឹកចិត្ត​ខ្លួនឯង​ប៉ុណ្ណោះ។


ស្តាប់​សំឡេង​លោក ជា ធី​រិ​ទ្ធ




ការកើត​សង្គ្រាម​ជាថ្មី​នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ពេញនិយម​ដែល​មេដឹកនាំ​នយោបាយ​ឆ្លើយឆ្លង​សារ​នយោបាយ​ដាក់គ្នា​សព្វថ្ងៃនេះ។ នៅ​ថ្ងៃ​អង្គារ​នេះ​ពី​វិមាន​រដ្ឋសភា លោក កឹម សុខា បាន​ចំអក​ឲ្យ​លោក ហ៊ុន សែន នៅ​ចំពោះ​អ្នកកាសែត ក្រោយពី​កិច្ចប្រជុំ​រដ្ឋសភា​ថា មូលហេតុ​ដែល​លោក​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និយាយ​ពី​រឿង​សង្គ្រាម​នៅពេលដែល​គណបក្សប្រឆាំង​ឈ្នះឆ្នោត ពីព្រោះ​លោក ហ៊ុន សែន ដឹងខ្លួន​ជាមុន​ថា គណបក្សកាន់អំណាច នឹង​ចាញ់ឆ្នោត​នៅពេល​ខាងមុខ។ ការដឹង​ខ្លួន​ជាមុន​នេះហើយ ដែល​លោក​ប្រធានស្តីទី​បក្ស​សង្គ្រោះ​ជាតិ​ចំអក​ថា លោកនាយក​រដ្ឋមន្ត្រី​ត្រូវធ្វើ​អ្វីមួយ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ចាញ់ ដូចជា និយាយ​ពី​រឿង​សង្គ្រាម​នេះ​ជាដើម។ 
 
ប្រសាសន៍​របស់លោក កឹម សុខា ត្រូវ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់ទុកថា ជាការ​ឃោសនា​មុន​ការបោះឆ្នោត និង​ដើម្បី​លើកទឹកចិត្ត​ខ្លួនឯង​ប៉ុណ្ណោះ។ អ្នកនាំពាក្យ​រូបនេះ ថែមទាំង​អះអាងថា ការ​អួត​ពី​បក្ស​ខ្លួនឯង​បែបនេះ មិនមែនជា​រឿង​ថ្មី​ឡើយ ហើយ​ស្ទើរតែ​ក្លាយជា​ទម្លាប់​របស់លោក កឹម  សុខា ទៅហើយ។ លោក សុខ ឥសាន បាន​និយាយ​យ៉ាង​ប្រាកដ​ដូច​លោកនាយក​រដ្ឋមន្ត្រី​ណាស់​ថា សង្គ្រាម​នឹង​កើតឡើង នៅពេលដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ​ឈ្នះឆ្នោត។
 
បញ្ចប់​ការឆ្លើយ​ឆ្លង​របស់​អ្នកនយោបាយ​ត្រឹមនេះ ដោយ​ងាក​មក​ចាប់អារម្មណ៍​ការវិភាគ​របស់​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​លោក អ៊ូ វីរៈ វិញ។ លោក អ៊ូ វីរៈ យល់ឃើញ​ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​ថា សង្គ្រាម​នឹងមិន​អាច​កើតឡើង​នៅពេល​គណបក្ស​នេះ​ឈ្នះឆ្នោត ដោយសារតែ​ការផ្តន្ទាទោស​អ្នករកស៊ី​ទុច្ចរិត តាមរយៈ​តុលាការ​ឯករាជ្យ​នៅពេល​រដ្ឋាភិបាល​ថ្មី​កើតឡើង​នោះទេ។ អ្នកវិភាគ​រូបនេះ បាន​រិះគន់​លោក ហ៊ុន សែន ដែល​លើក​ពី​រឿង​សង្គ្រាម​មក​និយាយ​សព្វថ្ងៃនេះ​ថា កំពុងតែ​ដើរ​ផ្ទុយ​ពី​ប្រជាធិបតេយ្យ៕
 

Tag:
 កឹម សុខា
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com