ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ខឹម វាសនា ចាត់ទុក​អ្នក​ចង់​សម្លាប់​រូបលោក ថា​ជា​ជន​ដែល​ត្រូវ​ជួយសង្គ្រោះ
22, Oct 2015 , 4:23 pm        
រូបភាព
 
លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ត្រូវបាន​បុរស​មិន​ស្គាល់​អត្តសញ្ញាណ បាន​ទូរ​សព្ទ​ទៅ​គំរាម​សម្លាប់ កាលពី​ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ​ពី២០១៥  ។ ប្រមុខ​បក្ស​រូបនេះ មិនបាន​ចាត់ទុក​ការ​គំរាម​នេះ ថា​ជា​ទម្រង់​នៃ​ការប៉ុនប៉ង​ធ្វើ​ឃាតពិតប្រាកដ​នោះទេ តែ​គ្រាន់​ជា​កំហឹង​របស់​ជន​ដែល​មិន​ពេញចិត្ត​នឹង​ចលនានយោបាយ​របស់លោក​តែប៉ុណ្ណោះ។


 
អនាមិក​ជន​ម្នាក់ មានបំណង​ទូរ​សព្ទ​ទៅ​លោក ខឹម វាសនា ដើម្បី​គំរាម​សម្លាប់ តែ​ដោយ​មិន​ស្គាល់​លេខ​ទូរ​សព្ទ​របស់​ប្រធាន​បក្ស​រូបនេះ រូបគេ​ក៏​ហៅ​ទៅ​លេខ​ទូរ​សព្ទ​ទីស្នាក់ការ​បក្ស​តែម្តង។ ក្នុងការ​ឆ្លងឆ្លើយ​ជាមួយ​លោក កូវ គា អគ្គលេខាធិការរង​គ​ណ​បក្ស ដែលជា​អ្នក​លើក​ទូរ​សព្ទ បុរស​នោះបាន​សួរថា៖ «អ្នកណា​និយាយ​ហ្នឹង គឺ លោក ខឹម វាសនា ឬ​មិនមែន​ទេ?»។ ពេល​ដឹងថា​អ្នក​ដែល​និយាយ​មិនមែនជា​លោក ខឹម វាសនា ជន​មិន​ស្គាល់មុខ​នោះ​ក៏​ចាប់​ផ្តើមនិយាយ​ឌឺដង​ផង និង​ជេរប្រមាថ​ផង ទៅកាន់​លោក ខឹម វាសនា។ បុរស​នោះបាន​គំរាម​ដូច្នេះ​ថា៖ «ខឹម វាសនា ជេរ​បានល្អ​ណាស់ ចង់ទៅ​បាញ់ ខឹម វាសនា ចោល។ ខឹម វាសនា ជេរ​ល្អ ពូកែ​ជេរ ចង់ទៅ​អា​រក ខឹម វាសនា ទម្លាក់​ទឹក​ចោល»។
 
បន្ទាប់ពី​គំរាម​សម្លាប់​ដូច្នេះហើយ បុរស​នោះ​ក៏​ឆ្លៀត​ប្រើពាក្យ​ប្រមាថ និង​ជេរប្រទេច​យ៉ាង​អសុរោះ​បន្ថែមទៀត ទៅកាន់​ប្រមុខ​បក្ស​នេះ​ផងដែរ មុខ​នឹងដាក់​ទូរ​សព្ទ​ចុះ។ 
 
ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ លោក ខឹម វាសនា ហាក់ដូចជា​មិន​ចាប់អារម្មណ៍ ឬក៏​មានការ​ភិតភ័យ​អ្វី​ឡើយ​ចំពោះ​ហេតុការណ៍​នេះ។ រូបលោក អះអាងថា កា​គំរាម​សម្លាប់​នេះ មិនមែន​កើតឡើង​ពី​គំនុំគុំកួន ឬ​ចង់​ធ្វើឃាត​មែនទែន​នោះឡើយ តែ​លោក​យល់ថា ការដែល​ជន​មិន​ស្គាល់មុខ ហៅទូរសព្ទ​មក​ជេរប្រមាថ និង​គំរាម​សម្លាប់​នោះ ព្រោះ​រូបគេ​មានការ​ក្តៅ​ក្រហលក្រហាយ​ចំពោះ​ចលនានយោបាយ​របស់​គ​ណ​បក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែល​ប៉ះពាល់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់គេ។  
 
ជាងនេះទៅទៀត ប្រមុខ​បក្ស​រូបនេះ មិន​ត្រឹមតែ​មិន​ខឹង​ចំពោះ​បុគ្គល​នេះ​ទេ តែ​រូបលោក​បែរជា​សម្តែង​នូវ​ក្តី​សង្វេគ និង​ការ​អាណិត​ទៅវិញ ព្រោះ​លោក​គិតថា អ្នក​ដែល​ខ​ល​មក​ចង់​សម្លាប់​នោះ មិនបាន​យល់​ពី​ដួងចិត្ត និង​មនោគមន៍​វិទ្យា​នយោបាយ​របស់លោក ដែល​ធ្វើ​នយោបាយ​ចង់​ជួយ​ជាតិ។ លោក​បញ្ជាក់​ដូច្នេះ​ថា៖ «មនុស្ស​ប្រភេទ​នេះ គឺជា​ក្រុមមនុស្ស​ល្ងង់ ដែល​ចលនា​របស់​យើង​ត្រូវ​ជួយសង្គ្រោះ មិនមែន​ត្រូវ​កំចាត់ ឬ​តាម​កំទេច​នោះទេ។ តែបើ​យើង​វាយបំបាក់ គឺ វាយបំបាក់​ចំពោះ​ភាពល្ងង់ខ្លៅ និង​ភាពអាក្រក់​របស់​បុគ្គល​នោះ​ប៉ុណ្ណោះ»។
 
លោក ខឹម វាសនា អះអាងថា នេះ​ជា​លើកទីមួយ​ហើយ ដែល​រូបលោក ទទួល​នូវ​ការ​គំរាម​សម្លាប់​ដូច្នេះ។ កន្លងមក ប្រធាន​បក្ស​រូបនេះ ក៏​ធ្លាប់​ត្រូវបាន​គេ​ខ​ល​ទៅ​រិះគន់ និង​ជេរប្រមាថ​ដែរ តែ​មិនដែល​គំរាមថា​ចង់​សម្លាប់​រូបលោក ដូចជា​ពេលនេះ​ឡើយ៕
 

Tag:
 គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ
  ខឹម វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com