ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ការឈប់​យកពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​មិន​អាចជួយ​ដោះស្រាយ​បញ្ហា​ជីវភាព​ពលរដ្ឋ​ឡើយ
23, Oct 2015 , 8:05 am        
រូបភាព
 
អ្នកវិភាគ​នយោបាយ យល់ឃើញថា គោលនយោបាយ​លុបចោល​ការយកពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​របស់​រដ្ឋាភិបាល​នោះ គឺ​មិន​អាចជួយ​ដោះស្រាយ​បញ្ហា​ជីវភាព​របស់​ប្រជាពលរដ្ឋ ឲ្យ​មាន​ភាពប្រសើ​ឡើង​ឡើយ បើសិនជា​មិនមាន​ការកំណត់ថ្លៃ​ពន្ធ​ប្រេង​ឲ្យ​បាន​សមរម្យ។ រដ្ឋាភិបាល​បាន​ឆ្លង​សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០១៦ លុបចោល​ការយកពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន ដើម្បី​លើកស្ទួយ​ដល់​វិស័យ​កសិកម្ម និង​កាត់បន្ថយ​បន្ទុក​ចំណាយ​របស់​ប្រជាពលរដ្ឋ​ដែលមាន​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ និង​មាន​ចំណូល​ទាប។

បើទោះជា​រដ្ឋាភិបាល​បានកំណត់​គោលនយោបាយ មិន​ឲ្យ​ប្រជាពលរដ្ឋ​បង់ពន្ធ​មធ្យោបាយ​ដឹកជញ្ជូន​នៅ​ឆ្នាំ២០១៦ក៏ដោយ តែ​អ្នកវិភាគ​នយោបាយ លោក មាស នី យល់ឃើញថា ការកំណត់​គោលនយោបាយ​ថ្មី​មួយ​នេះ គឺ​មិន​អាចជួយ​ដោះស្រាយ​បញ្ហា​ជីវភាព​របស់​ប្រជាពលរដ្ឋ​បានឡើយ បើសិនជា​រដ្ឋាភិបាល​មិនបាន​កំណត់​ពន្ធ​ប្រេង​ឲ្យ​បាន​សមរម្យ។ លោក មាស នី បន្ថែមថា គោលនយោបាយ​លុបចោល​ការយកពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​របស់​រដ្ឋាភិបាល​នោះ គឺជា​គោលនយោបាយ​ប្រជា​ភិ​ថុ​ត ដើម្បី​ទាក់ទាញ​សន្លឹកឆ្នោត​ពី​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ។
 
ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ អ្នកវិភាគ​នយោបាយ​រូបនេះ បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖«ការឈប់​យកពន្ធ​ម៉ូតូ រថយន្ត​នោះ​គឺ​មិន​អាចជួយ​ដោះស្រាយ​ជីវភាព​ប្រជាពលរដ្ឋ​បានទេ បើសិនជា​ពន្ធ​ប្រេង​នៅតែ​ថ្លៃ​នោះ​ប្រជាពលរដ្ឋ​គឺ​នៅតែ​ចំណាយ​ច្រើន​លើ​ថ្លៃ​ប្រេង​ជាង​ថ្លៃ​ពន្ធ​ម៉ូតូ។ ហើយ​ការឈប់​យកពន្ធ​ម៉ូតូ រថយន្ត​នេះ គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សើចចំអក​ទៅវិញ​ទេ ព្រោះ​ថ្លៃ​ពន្ធ​ម៉ូតូ​មួយឆ្នាំ​បង់​តែ៤ពាន់​រៀល ដូចនេះ​ពួកគេ​អាចមាន​លទ្ធភាព​បង់​បាន តែ​ថ្លែ​ប្រេង​គឺ​នៅតែ​ជា​រឿង​សំខាន់​ជាង​ថ្លៃ​ពន្ធ​ម៉ូតូ»។
 
មិន​ខុសពី​លោក មាស នី នោះទេ លោក សូ ចន្ថា អ្នកវិភាគ​នយោបាយ យល់ឃើញថា ការកំណត់​លុបចោល​ការយកពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន គឺជា​ផ្នែក​មួយ​ជួយ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ តែបើ​ប្រេង​នៅតែ​ថ្លៃ​នោះ ប្រជាពលរដ្ឋ​នៅតែ​ជួប​ការលំបាក​ដដែល។ លោក សូ ចន្ថា ដែល​បាន​តាមដាន​គោលនយោបាយ​ថ្មី​នេះ បានដាក់​ចម្ងល់​ថា តើ​គោលនយោបាយ​ថ្មី​របស់​រដ្ឋាភិបាល​មួយ​នេះ គឺជា​ការចង់​ជួយ​ដោះស្រាយ​បញ្ហា​ជីវភាព​របស់​ប្រជាពលរដ្ឋ ឬក៏​គ្រាន់តែ​ចង់​ទាក់ទាញ​ប្រជាប្រិយភាព​របស់ខ្លួន«ខ្ញុំ​សូម​សារ​ទ​ចំពោះ​ការកំណត់​គោលនយោបាយ​លុបចោល​ការយកពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​នេះ។ តែ​ខ្ញុំ​ឆ្ងល់​ថា តើ​រដ្ឋាភិបាល​នឹងមាន​ថវិការ​មកពីណា​ដើម្បី​បំពេញតម្រូវការ​ជំនួស​ការប្រមូល​ពន្ធ​ម៉ូតូ​នេះ។ហើយ​បើ​ឈប់​យកពន្ធ​ម៉ូតូ​រថយន្ត តែ​ពន្ធ​ប្រេង​នៅតែ​ថ្លៃ​នោះ ក៏​មិន​អាចជួយ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ដែរ។ នេះ​ជាការ​បញ្ជាក់​របស់លោក សូ ចន្ថា ដែល​បាន​បន្ថែមថា នេះ​គឺជា​ការផ្លាស់ប្ដូរ​រូបភាព​នយោបាយ​របស់​គណបក្សកាន់អំណាច ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​ពី​ប្រជាពលរដ្ឋ។
 
គួរ​បញ្ជាក់ថា នៅ​ថ្ងៃទី២១ខែតុលា ឆ្នាំ២០១៥ រដ្ឋាភិបាល​បាន​ឆ្លង​សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០១៦ លុបចោល​ការយកពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ចំនួន រួមមាន ទោចក្រយានយន្ត ត្រីចក្រយានយន្ត ជលយាន​យន្ត​ធុន​តូច ត្រាក់ទ័រ និង​គ្រឿងយន្ត​ប្រហាក់ប្រហែល ដើម្បី​លើកស្ទួយ​ដល់​វិស័យ​កសិកម្ម ពិសេស​គឺ កាត់បន្ថយ​បន្ទុក​ចំណាយ​របស់​ប្រជាពលរដ្ឋ​ដែលមាន​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ និង​មាន​ចំណូល​ទាប។
 
បើតាម​សេចក្តីព្រាងច្បាប់​រដ្ឋ​នឹង​បាត់បង់​ចំណូល​ចំនួន ៥៨០២លាន​រៀល ស្មើនឹង​ជាង ១លាន៤សែន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ ដោយសារ​ការលុបចោល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​ខាងលើ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com