ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន៖ ខ្ញុំ​មិនដែល​បង្ខំ​ឲ្យ​អ្នកណា​អង្គុយ​ស្តាប់​ខ្ញុំ​ឡើយ
24, Oct 2015 , 12:49 pm        
រូបភាព
ដោយ: រួបរួម
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​សារ​ជា​វីដេអូ​ដើម្បី​វាយប្រហារ​ទៅលើ​គណបក្សប្រឆាំង ដែល​លោក​ចាត់ទុកថា ជា​អ្នក​បំប៉ោង​ព័ត៌មាន​ទាក់ទង​នឹង​ការ​គំរាម​កាត់ផ្តាច់​អាហារូបករណ៍​របស់​និស្សិត​ខ្មែរ​នៅ​បារាំង ប្រសិនបើ​ពួកគេ​គ្មាន​វត្តមាន​ស្វាគមន៍​រូបលោក​នា​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​បារាំង។



តាមរយៈ​វីដេអូ ដែលមាន​រយៈពេល៦នាទី លោក ហ៊ុន សែន សម្តែង​ការហួសចិត្ត​នឹង​ព័ត៌មាន​របស់​វិទ្យុផ្សាយសំឡេង​មួយ​នៅ​បារាំង ដែលថា និស្សិត​ដែល​មិន​ចូលរួម​ជួប​លោក នឹង​ត្រូវបាន​កាត់ផ្តាច់​អាហារូបករណ៍។ លោក​ហ៊ុន សែន លើកឡើងថា៖ «ខ្ញុំ​ហាក់ដូចជា​មានការ​ហួសចិត្ត និង​អៀនខ្មាស់​ជំនួស​បក្សប្រឆាំង​ដែល​ហ៊ាន​ធ្វើ​ទៅរួច​ពី​ការបោកប្រាស់​ប្រជាពលរដ្ឋ»។

លោក​បាន​អះអាងថា តាំងពីដើម​មក លោក​មិនដែល​បង្ខំ​ឲ្យ​អ្នកណា​ទៅ​អង្គុយ​ស្តាប់​លោក​នោះឡើយ ហើយ​វត្តមាន​របស់លោក​ជាមួយ​សហគមន៍​ខ្មែរ​នៅក្រៅ​ប្រទេស គឺធ្វើឡើង​ទៅតាម​សំណូមពរ​របស់​ពលរ​ដ្ឋ​នៅ​ទីនោះ។ លោក ហ៊ុន សែន បាន​និយាយធ្ងន់ៗថា ទង្វើ​បក្សប្រឆាំង​គឺជា​ការ​គំរាម​ស្មារតី​និស្សិត ហើយ​លោក​អំពាវនាវ​ដល់​មេបក្ស​ប្រឆាំង​ឲ្យ​បញ្ឈប់​ទង្វើ​នេះ ដោយ​លោក​ចាត់ទុកថា ជា​ទង្វើ​ថោកទាប។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ចេញដំណើរ​ទៅកាន់​ប្រទេស​បារាំង​នា​ល្ងាច​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល៤ថ្ងៃ តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​បារាំង លោក Francois Hollande។ ក្រៅពី​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​បារាំង លោក ហ៊ុន សែន គ្រោង​ជួប​ពលរដ្ឋ​ខ្មែរ និស្សិត ជាពិសេស​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា ប្រមាណ៧០០នាក់។

ពី​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃទី២៣ ខែតុលា ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​បារាំង បានចេញ​សេចក្តីប្រកាស​បដិសេធ​ចំពោះ​ការផ្សាយ​របស់​វិទ្យុ CMN (Cambodia Media Network) ដែល​បាន​ផ្សាយ​ថា ស្ថានទូត​ដាក់​កំហិត​ចំពោះ​និស្សិត​ឲ្យ​ចូលរួម​ស្តាប់​នាយករដ្ឋមន្ត្រី។ ស្ថានទូត​ខ្មែរ បាន​អះអាងថា ជំនួប​នៅ​សាលប្រជុំ Maison de La Chimie ក្នុង​ទីក្រុង​ប៉ារីស នា​ថ្ងៃទី២៥ ខែតុលា គឺជា​ការចូលរួម​ដោយ​ស្ម័គ្រចិត្ត ដោយ​គ្មាន​លក្ខខណ្ឌ​បង្ខំ៕



Tag:
 អាហារូបករណ៍
  ហ៊ុន សែន-បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com