កីឡាជាតិ
ជាតិ
Thai Fight៖ លោក កែវ សំអាង មិន​ពេញចិត្ត​ចំពោះ​ការកាត់ក្តី​ឲ្យ កែវ រំ​ចង់ ចាញ់
25, Oct 2015 , 2:42 pm        
រូបភាព
កែវ រំចង់ មុនពេលឡើងសង្វៀន Thai Fight ។ រូបថតហ្វេសប៊ុក
កែវ រំចង់ មុនពេលឡើងសង្វៀន Thai Fight ។ រូបថតហ្វេសប៊ុក
ដោយ:
លោក កែវ សំអាង ត្រូវជា​ឪពុក និង​ជា​គ្រូបង្វឹក​របស់​កីឡាករ កែវ រំ​ចង់ មិន​ពេញចិត្ត​ចំពោះ​លទ្ធផល​ដែល​គណៈកម្មការ​សម្រេច​ឱ្យ​កីឡាករ​ថៃ Iquezang Kor Rungthanakeat ឈ្នះ​នៅក្នុង​ការប្រកួត Thai Fight នៅ​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី២៤ ខែតុលា ម្សិលមិញ​នេះ។



បន្ទាប់ពី​ប្រកួត​ប្តូរ​កែង ជង្គង់ និង​កណ្តាប់ដៃ​គ្នា​ទៅវិញទៅមក​យ៉ាង​ស្វិតស្វាញ អស់​រយៈពេល ៣ទឹក លទ្ធផល​គណៈកម្មការ​បានសម្រេច​ឱ្យ​កីឡាករ កែវ រំ​ចង់ ចាញ់​កីឡាករ​ថៃ Iquezang Kor Rungthanakeat ដោយ​ពិន្ទុ។ សម្រាប់​កា​រស​សម្រេច​នេះដែរ បានធ្វើឱ្យ លោក កែវ សំអាង ត្រូវជា​ឪពុក និង​ជា​គ្រូបង្វឹក​របស់​កីឡាករ កែវ រំ​ចង់ មិន​ពេញ​ចំពោះ​លទ្ធផល​នោះទេ ដោយ​លោក លើកឡើងថា «ខ្ញុំ​មិន​សប្បាយចិត្ត មិន​ពេញចិត្ត និង​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​លទ្ធផល​នេះ​បន្ទាប់ពី​ខ្ញុំ​បានឃើញ​សកម្មភាព​ប្រកួត​របស់​កូន​តាំងពី​ទឹក​ទី១ ដល់​ទឹក​ទី៣នៅផ្ទះ​របស់ខ្ញុំ​តាមរយៈ​ទូរទស្សន៍​លេខ៣ថៃ ទាំង​ខ្ញុំ​និង​អ្នកទស្សនា​ដទៃទៀត​ប្រហែល៣០នាក់ មាន​ជំនឿ១០០% ថា​កីឡាករ កែវ រំ​ចង់ នឹង​ឈ្នះ ប៉ុន្តែ​លទ្ធផល​ជាក់ស្តែង​ត្រូវបាន​គណៈកម្មការ​សម្រេច​ឱ្យ​ចាញ់​ទៅវិញ ជាហេតុ​ធ្វើឱ្យ​ខ្ញុំ និង​អ្នកទស្សនា​ទាំងនោះ​ខកចិត្ត មិន​ពេញ និង​សោកស្តាយ​ចំពោះ​លទ្ធផល​នេះ»។

លោក កែវ សំអាង បាន​បន្ថែមទៀតថា សូម្បីតែ​កីឡាករ​ថៃ​ខ្លួនឯង​ក៏​ដឹងថា​ខ្លួន​ចាញ់​ដែរ ព្រោះ​ដោយ​គេ​ធ្វើ​ទឹកមុខ​អស់សង្ឃឹម មិន​សប្បាយចិត្ត ប៉ុន្តែ​នៅពេលដែល​អាជ្ញាកណ្តាល​លើកដៃ​ឱ្យ​ឈ្នះ គេ​បានមក​សំពះ រំ​ចង់ ហើយ​ចាប់ដៃ​លើក​ដើរ​ជុំវិញ​រេញ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​គណៈកម្មការ និង​អ្នកទស្សនា​ជនជាតិ​វៀតណាម ក៏​គាំទ្រ កែវ រំ​ចង់ ផងដែរ។ ទោះបី​យ៉ាងនេះ​ក្តី សម្រាប់​កីឡាករ កែវ រំ​ចង់ ផ្ទាល់​គេ​ក៏​ទទួលស្គាល់​ចំពោះ​លទ្ធផល ដែល​គណៈកម្មការ​សម្រេច​ឱ្យគេ​ចាញ់​ន​ដោយ​ក្តី​សប្បាយរីករាយ។

លោកគ្រូ​ម្នាក់នេះ​បានបញ្ជាក់​ទៀតថា ខណៈពេល​កីឡាករ កែវ រំ​ចង់ នៅ​ប្រទេស​វៀតណាម​នៅឡើយ​ទេ ហើយ​គេ​នឹង​ចេញពី​ប្រទេស​វៀតណាម​នៅ​ល្ងាច​ម៉ោង៥នេះ។ ដោយសារ​ការមិន​ពេញចិត្ត​របស់​ទស្សនិកជន និង​គណៈកម្មការ​មួយចំនួន នៅ​ថ្ងៃទី២១ ខែវិច្ឆិកា ខាងមុខនេះ អ្នករៀបចំ​កម្មវិធី​ប្រកួត Thai Fight នឹង​ដាក់ឱ្យ​កីឡាករ កែវ រំ​ចង់ ប៉ះ​កីឡាករ​ថៃ Iquezang Kor Rungthanakeat ម្តងទៀត នៅក្នុង​កម្មវិធី Thai Fight ប្រទេស​វៀតណាម៕



Tag:
 កែវ រំចង់
  ប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com