ជាតិ
​​​ន​យោ​បាយ​ជាតិ​
បទ​អត្ថាធិប្បាយ​របស់​គេហទំព័​រ​ដើម​អម្ពិល​៖ នរណា​ជំនួស​លោក កឹម សុខា​?
26, Oct 2015 , 5:20 pm        
រូបភាព
ដោយ: ថ្មីៗ
នេះ​គឺ​បទ​អត្ថាធិប្បាយ​របស់​គេហទំព័​រ​ដើម​អម្ពិល​ដែល​សរសេរ​ដោយ​លោក សយ សុភាព អគ្គនាយក​គេហទំព័រ​ដើម​អម្ពិល​។ គេហទំព័រ​ដើម​អម្ពិល​ត្រូវបាន​គេ​មើលឃើញថា មាន​សន្តាន​ចិត្ត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ច្រើនជាង​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​។ ក្រោយពី​មាន​ចលនា​បាតុកម្ម​ប្រឆាំងនឹង​លោក កឹម សុខា​, លោក សយ សុភាព ចោទ​ជា​សំណួរ​ដោយ​ផ្អែកលើ​អ្នកវិភាគ​ថា តើ​ឥរ​ស្សជន​ណាមួយ​ដែលជា​សមាជិកសភា មកពី​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង ទៅ​ជំនួស​តំណែង លោក កឹម សុខា ជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​?

 
​លោក សយ សុភាព បន្តទៀតថា ផ្អែកលើ​កូតា​របស់​គណបក្ស​សង្គ្រោះ​ជាតិ តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា ត្រូវ​មកពី​ភាគី​លោក កឹម សុខា បើទោះបីជា លោក កឹម សុខា អនាគត​នឹងត្រូវ​បាន​សភា​ដកចេញ​ពី​តំណែង​ក៏ដោយ ប៉ុន្តែ បេក្ខភាព​ត្រូវតែ​ចេញពី​កូតា​របស់ លោក កឹម សុខា​។ 
 
​ផ្អែកលើ​អ្នកវិភាគ​ដដែល លោក សយ សុភាព បានលើកឡើង​នូវ​ការសង្ស័យថា អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​ប្រហែលជា​មកពី​កូតា លោក សម រង្ស៊ី វិញ​ម្តង ដែល​តាម​កា​ប្រមើលមើល គឺ​លោកស្រី ជូ​ឡុង សូ​មួ​រ៉ា ភរិយា​របស់លោក សម រង្ស៊ី ឬក៏​លោកស្រី កែ សុ​វណ្ណា​រ័ត្ន ភរិយា​របស់លោក យឹម សុវណ្ណ ដែលជា​ប្រធាន​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា​។ 
 
​អ្នកវិភាគ​បាន​បន្តថា លោក កឹម សុខា ក្រោយពី​ត្រូវបាន​គេ​បណ្តេញចេញ​តាមរយៈ​ការបោះឆ្នោត ទម្លាក់​ចេញពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា រួចហើយ​អាច​ប្រឈមមុខ​នឹង​ផ្លូវច្បាប់ ព្រោះ​លោក​បាន​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ព្រឹត្តិការណ៍ ហិង្សា ១៥ កក្កដា ២០១៤ នៅ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ មុនពេល​ដែល​លោក​ទទួលបាន​អភ័យ​ឯក សិទ្ធិ​សភា​ក្រោយ​ការចូល​ស្បថ ដើម្បី​បាន​អភ័យឯកសិទ្ធិ ។ ដូច្នេះ​យោងតាម​ច្បាប់ អំពើ​ប្រព្រឹត្ត​បទល្មើស​របស់ លោក ដែល​កើតមុន​ពេលដែល​ទទួល​បាន​អភ័យឯកសិទ្ធិ ទំនងជា​មិនអាច​គេចផុត​តាមផ្លូវ​ច្បាប់​នោះទេ ខណៈ ដែល​សំណុំរឿង ១៥ កក្កដា ២០១៤ នៅ​បន្ត នៅឯ​តុលាការ​៕ 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com