ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក យឹម សុវណ្ណ ស្នើ​ឲ្យ​បង្កើត​គណៈកម្មការ​ប្រជាមតិ ដើម្បី​សម្រេច​លើ​តួនាទី​លោក កឹម សុខា​
26, Oct 2015 , 9:39 pm        
រូបភាព
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ប្រសិនជា​ប្រពល​រដ្ឋ​ចង់​ទាមទា​ឲ្យ​លោក កឹម សុខា ចុះ​ចេញពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​នោះ គួរតែ​ស្នើរ​រដ្ឋសភា​ឲ្យ​បង្កើត​គណៈកម្មការ​ប្រជាមតិ​ទូទាំង​ប្រទេសមួយ ក្នុងការ​សម្រេច​លើ​តួនាទី​របស់លោក កឹម សុខា ជាជាង​ដើរ​ស្រែក​ឡូឡា និង​ប្រើ​អំពើហិង្សា​។ ការលើកឡើង​របស់លោក យឹម សុវណ្ណ បែបនេះ ធ្វើឡើង​ក្រោយពី​មាន​ប្រជាពលរដ្ឋ​រាប់ពាន់​នាំគ្នា​តវ៉ា​នៅមុខ​រដ្ឋសភា ទាមទារ​ឲ្យ​លោក កឹម សុខា ចុះ​ចេញពី​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា ។​



​លោក យឹម សុវណ្ណ ទទួលស្គាល់ថា ការទាមទារ​ស្នើ​ឲ្យ​ដក​លោក កឹម សុខា ចេញពី​តួនាទី​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​នោះ គឺជា​សិទ្ធិ​បញ្ចេញមតិ និង​សិទ្ធិ​សំដែង​ការមិន​ពេញចិត្ត​ចំពោះ​តំណាង​របស់​ប្រជាពលរដ្ឋ​។ តែ​ការទាមទារ​ឲ្យ​ដក​លោក កឹម សុខា នេះ ត្រូវបាន​លោក យឹម សុវណ្ណ បញ្ជាក់ថា ប្រជាពលរដ្ឋ​ទាំងនោះ​គួរតែ​ស្នើ​ទៅ​រដ្ឋសភា ដើម្បី​បង្កើត​គណកម្មការ​ថ្នាក់ជាតិ​មួយ​ក្នុងការ​សម្រេច​ដក​លោក កឹម សុខា ជាជាង​ដើរ​ស្រែក​ឡូឡា និង​ការប្រើ​អំពើហិង្សា​។​«​បើ​ចង់​ឲ្យ​ជ្រៅ​ជាង​នេះ ធ្វើ​ប្រជាមតិ​ទៅ បង្កើត​គណៈកម្មការ​ថ្នាក់ជាតិ​មួយ​ធ្វើ​ប្រជាមតិ​ទូទាំងប្រទេស​ទៅ​។ តើ​ថា ប្រជាពលរដ្ឋ​សម្រេច​យ៉ាងម៉េច ។​មិនមែន​មនុស្ស​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​មួយក្រុម​មក​ស្រែក​ឡូឡា​នៅមុខ​រដ្ឋសភា​ឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អះអាងថា ការបង្កើត​គណៈកម្មកា​រ​ថ្នាក់ជាតិ​ធ្វើ​ប្រជាមតិ​មួយ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទទួល​យកតាម​ការធ្វើប្រជាមតិ​របស់​ប្រជាពលរដ្ឋ ក្នុងការ​សម្រេច​លើ​តួនាទី​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​របស់លោក កឹម សុខា ដោយ​មិន​ប្រកែក​ឡើយ​។​

​បាតុករ​បាននាំគ្នា​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា ។ លោកស្រី ឡោ ខេង សមាជិក​គណកម្មការ​ទី​១ នៃ​រដ្ឋសភា បាន​ចេញមក​ទទួលយក​ញត្តិ​ពី​ប្រជាពលរដ្ឋ​ដែល​ទាមទារ​ឲ្យ​ដក​លោក កឹម សុខា ចេញពី​អនុប្រធាន​ទី​១​រដ្ឋសភា​នោះ ដោយ​នឹង​យកទៅ​ដាក់ជូន​ប្រធានរដ្ឋសភា គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​អង្គសភា​ទាំងមូល ដើម្បី​ត្រួតពិនិត្យ​និង​ពិចារណា​លើ​សំណើរ​។​

​គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ​មកពី​រាជធានី ខេត្ត ប្រមាណ​ជាង​១​ពាន់​នាក់ បាន​ប្រមូល​ផ្ដុំគ្នា​នៅមុខ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​២៦ តុលា​នេះ ដើម្បី​ទាមទា​ឲ្យ​ដក​លោក កឹម សុខា ចេញពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​។ ប៉ុន្ដែ​មុននឹង​បាតុករ​ទាំងនោះ នាំគ្នា​ទៅ​តវ៉ា​នៅមុខ​ផ្ទះ​លោក កឹម សុខា បន្តទៀត​ក៏មាន​បាតុករ​មួយក្រុម​តូច បាន​ប្រើ​អំពើហិង្សា​លើ​ទៅលើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប គឺ​លោក គង់ សុភា និង​លោក ញ៉យ ចំរើន ខណៈដែល​តំណាងរាស្ត្រ​ទាំងពីរ​នេះ ចាក​ចេញពី​កិច្ចប្រជុំ​ក្នុង​រដ្ឋសភា ។ ចំពោះ​ការប្រើ​អំពើហិង្សា​នេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ថ្កោលទោស​ចំពោះ​អំពើហិង្សា​នេះ ដោយ​ចាត់ទុកថា​ជា​អំពើ​ឃោ​ឃៅ ព្រៃផ្សៃ និង​ជាការ​រំលោភ​សិទ្ធិមនុស្ស និង​អភ័យឯកសិទ្ធិសភា​រប​ស់​តំណាងរាស្ត្រ​ខ្លួន ដែល​បាន​ការពារ​ដោយ​ច្បាប់រដ្ឋធម្មនុញ្ញ។​

​ជាមួយគ្នានេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏​អំពាវ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​ច្បាប់​ជាបន្ទាន់ ដើម្បី​ស្រាវជ្រាវ និង​ចាប់ខ្លួន​អ្នក​ដែល​ប្រព្រឹត្តិ​អំពើហិង្សា​មកលើ​តំណាងរាស្ត្រ​ទាំង​ពីររូប មក​ផ្ទ​ន្ទា​ទោស​តាម​និតិ​វិធី​ច្បាប់​៕


Tag:
 យឹម សុវណ្ណ
  កឹម សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com