ជាតិ
សង្គមជាតិ
រដ្ឋសភា​ស្នើ​រដ្ឋាភិបាល​ឲ្យ​រកចាប់ខ្លួន​ជនល្មើស​វាយ​តំណាងរាស្ត្រ CNRP
27, Oct 2015 , 11:08 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ រដ្ឋសភា​បាន​ថ្កោលទោស​ជាខ្លាំង ចំពោះ​អ្នក​ប្រើ​អំពើហិង្សា​វាយដំ​អ្នកតំណាងរាស្ត្រសភា ២រូប មកពី​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃត្រង់ ថ្ងៃ​ចន្ទ ទី២៦ ខែតុលា នៅក្បែរ​វិមាន​រដ្ឋសភា តាម​ផ្លូវកែង​ស្ថានទូត​អូស្ត្រាលី។



រដ្ឋសភា​បានចាត់ទុក​អំពើហិង្សា​នេះ បាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ដល់​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ ដែល​ត្រូវបាន​បញ្ញត្តិ​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន។

រដ្ឋសភា​បានស្នើ​អាជ្ញា​ធរមាន​សមត្ថកិច្ច រដ្ឋាភិបាល តាម​​​រយៈ​​​​សេចក្តី​​​​ថ្លែង​​​ការណ៍​​​​​ចុះ​​​ថ្ងៃ​​ទី ​​​២៦ តុលា​​នេះ ​​​​​ឲ្យ​ចាត់វិធាន​​ការ​យ៉ាង​ម៉ឹងម៉ាត់ ស្រាវជ្រាវ រក​ចាប់ខ្លួន​ជនល្មើស​​​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់។​​

យ៉ាងណា រដ្ឋសភាចាត់ទុកថា រាល់​ការធ្វើ​កូដកម្ម បាតុកម្ម​ដោយ​សន្តិវិធី​គ្មាន​អំពើហិង្សា ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ តែសភាបញ្ជាក់ថា ​សិទ្ធិ​នេះ ត្រូវអនុវត្ត​តាម​ក្រប​ខណ្ឌ​នៃ​ច្បាប់។

គួរ​បញ្ជាក់ថា កាលពី​ម្សិលមិញ​នេះ ជន​មិន​ស្គាល់ មុខ​មួយក្រុម​បាន​ប្រើ​អំពើហិង្សា​វាយដំ​តំណាងរាស្ត្រ ២រូប មកពី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក ញ៉យ ចំរើន តំណាងរាស្ត្រ​មណ្ឌល ខេត្តកំពង់ចាម និង​លោក គង់ សភា តំណាងរាស្ត្រ មណ្ឌល​ខេត្តស្វាយរៀង បណ្តាល​ឲ្យ​របួស ជា​ទម្ងន់ និង​បាន​បំផ្លិចបំផ្លាញ​រថយន្តរ​បស់​អ្នកតំណាងរាស្ត្រ​ទាំងពី​រូប​ខូចខាត​ទៀតផង៕


Tag:
 រដ្ឋសភា
  វាយតំណាងរាស្ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com