កីឡាជាតិ
ជាតិ
ភ្នំពេញ​ក្រោ​ន​មានប្រៀប​លើ​ថា​យ​ហ្គឺ​រ ហើយ​ការពន្យា​ជំនួប​ណាហ្គា​-​បឹងកេត កើតជា​អា​យ៉ៃ​ឆ្លើយឆ្លង​
28, Oct 2015 , 10:44 am        
រូបភាព
ដោយ: រួបរួម
 ​ភ្នំពេញ​ក្រោ​ន ត្រូវធ្វើ​ដំណើរ​ទៅ​ជួប​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​នៅ​ជើង​ទី​ពីរ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ជាមួយនឹង​លទ្ធផល​មានប្រៀប ៤-១ ប៉ុន្តែ​ជំនួប​រវាង​ណាហ្គា​វើ​ល និង​បឹងកេត​អង្គរ ត្រូវ​លើក​ពេល​ទៅ​ប្រកួត​នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា​។​

 
​នា​វេលា​ម៉ោង​៣ និង​៣០​នាទី រសៀល​នេះ ក្លិប​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ត្រូវ​ប្រើប្រាស់​កីឡដ្ឋាន​វេ​ស្ទើ​ន​ដើម្បី​ទទួល​ភ្នំពេញ​ក្រោ​ន សម្រាប់​ជំនួប​ជើង​ទី​ពីរ​នៃ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៥ ។ វា​ជា​ភ្នំ​ដ៏​សែន​ខ្ពស់ និង​ពិបាក​ឡើង​បំផុត​សម្រាប់​ក្រុម​ខ្លា ដោយ​ពួកគេ​ត្រូវបាន​ម្ចាស់​ជើងឯក​៥​ជំនាន់ ភ្នំពេញ​ក្រោ​ន​នាំមុខ​រហូតដល់ ៤-១ កាលពី​ជើង​ទីមួយ​។​
 
​ភ្នំពេញ​ក្រោ​ន​កំពុងមាន​ទំនុកចិត្ត​យ៉ាងខ្លាំង​ក្នុងការ​រក្សា​តំណែង​ជើងឯក​របស់ខ្លួន​នៅ​រដូវ​កាល​នេះ បន្ទាប់ពី​បាត់បង់​ឱកាស​ធ្វើជា​តំណាង​របស់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍ Toyota Mekong Club​។ គ្រូបង្វឹក​ជនជាតិ​ស្វី​ស លោក Sam Schweingruber មាន​កង្វល់​តិចតួច​ប៉ុណ្ណោះ​លើ​ស្ថានភាព​កីឡាករ​ដែល​ឈឺ និង​រងរបួស ជាពិសេស គួច ដា​នី និង Shane Booysen ដែល​ខកខាន​មិនបាន​ចូល​ហ្វឹកហាត់​កាលពី​ម្សិលមិញ​។ ទោះបីជា​យ៉ាងណាក៏ដោយ ក្លិប​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ នៅតែ​ពង្រឹង​ការតាំង​ចិត្ត​របស់ខ្លួន​ក្នុងការ​បោះជំហាន​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​។ ក្លិប​ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក Masakazu Kihara បានបង្ហាញ​ជំហរ​យ៉ាង​មុតមាំ​ថា​៖ «​យើង​មិនដែល​បោះបង់ចោល​នូវ​ការតាំង​ចិត្ត​ដើម្បី​ឆ្ពោះទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នោះឡើយ​»​។​
 
​ដោយ​ជំនួប​ដែល​គ្រោង​រៀបចំឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ រវាង​ណាហ្គា​វើ​ល និង​បឹងកេត​អង្គរ​ត្រូវបាន​លើក​ទៅ​ប្រកួត​នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ដោយយោង​តាម​សេចក្តីជូនដំណឹង​របស់ លោក គល់ សុ​ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) ។ ការលើក​ពេល​ប្រកួត​នេះ នាំ​ឲ្យ​ថ្នាក់ដឹកនាំ​ណាហ្គា​វើ​ល មានការ​អាក់អន់ចិត្ត​យ៉ាងខ្លាំង បើទោះបីជា​ពួកគេ​មានប្រៀប​ក្នុង​លទ្ធផល ៣-១ នៅ​ជើង​ទីមួយ​ក៏ដោយ​។​
 
​ថ្នាក់ដឹកនាំ​ណាហ្គា​វើ​ល បាន​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ដើម្បី​បង្ហាញ​ពី​ការមិន​ពេញចិត្ត​របស់ខ្លួន ដោយ​កត់សម្គាល់ថា ការលើក​ពេលនេះ ធ្វើឡើង​ក្រោយ​ពេលដែល​បឹងកេត​អង្គរ​ចាញ់​ប្រៀប​ណាហ្គា​វើ​ល​។ ទាំង​លោក ឡាំ ទី​នី អ្នកដឹកនាំ និង​ទាំង​លោក មាស ចាន់ណា ជា​គ្រូបង្វឹក​បាន​ចោទ​ជា​សំណួរ​ថា តើ​អាចមាន​ការលើក​ពេល​ដែរឬទេ ក្នុងករណី​បឹងកេត​ឈ្នះ​ណាហ្គា ៥-០ នៅ​ជើង​ទីមួយ​? ពួកលោក​បានកត់សម្គាល់​ថា បើ​ការលេង​ធ្វើតាម​កាលវិភាគ​ចាស់ ណាហ្គា​វើ​ល​បន្ត​មានប្រៀប​ដោយសារតែ​កីឡាករ​មួយចំនួន​របស់​បឹងកេត​រងរបួស​។​
 
​ទាក់ទង​នឹង​ករណីនេះ ក្លិប​បឹងកេត​អង្គរ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បានបង្ហាញ​ភស្តុតាង​ថា ពួកគេ​បាន​ផ្ញើរ​លិខិត​សុំ​លើក​ពេល​ប្រកួត​តាំងពី​មុន​ជំនួប​ជើង​ទីមួយ​មកម្ល៉េះ​។ ការសុំ​លើក​ពេល​ប្រកួត​នេះ ដោយសារតែ​បឹងកេត​ចង់​ទុកពេល​ឲ្យ​កីឡាករ​បាន​សម្រាក​យក​កម្លាំង​ទៅ​ប្រកួត​លើកមុខ​មាត់​ជាតិ​នៅលើ​ឆាក​អន្តរជាតិ​ក្នុង​ពានរង្វាន់ Totoya Mekong Club Championship ឆ្នាំ​២០១៥ ដែល​ចាប់ផ្ដើម​នៅ​ប្រទេស​ឡាវ​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា​។ ក្លិប​ដែល​បញ្ចប់​ចំណាត់​លេខ​មួយ បាន​ពន្យល់​ហេតុផល​បន្ថែមថា​៖ «​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក៏ត្រូវ​ត្រៀមខ្លួន​សម្រាប់​ប្រកួត​មិត្តភាព​អន្តរជាតិ​និង​ការប្រកួត​ជម្រុះ 2018 FIFA World Cup ផងដែរ​»៕ 
 

Tag:
 MCL2015
© រក្សាសិទ្ធិដោយ thmeythmey.com