កីឡាជាតិ
ជាតិ
កី​ឡាអេ​ឡិច​ត្រូ​និ​ចរក​ឃើញ​២​ក្រុម​នៅ​តំបន់​ទី​១​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ​
29, Oct 2015 , 8:19 am        
រូបភាព
ដោយ:
 ​ការប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​អេ​ឡិច​ត្រូ​និ​ច​ជាតិ​ឆ្នាំ​២០១៥ (Cambodian Cyber Championship, CCC 2015) លើ​វិញ្ញាសា AK 2 រកឃើញ​ជើង​ខ្លាំង​នៅ​តំបន់​ទីមួយ​ហើយ ដោយមាន​ក្រុម OverCome ពី​ខេត្តស្វាយរៀង និង​ក្រុម YouWillKnow ពី​ខេត្តកណ្តាល​។​

 
​ក្នុង​តំបន់​ទី​១ នៃ​ការប្រកួត​ជ្រើសរើស​ជើងឯក​កី​ឡាអេ​ឡិច​ត្រូ​និ​ច​ជាតិ​ឆ្នាំ​២០១៥ ដែល បញ្ចប់​កាលពី​ថ្ងៃទី​២៤ ខែតុលា មាន​កីឡាករ​មកពី​ខេត្ត​ចំនួន​៤ ចូលរួម​ប្រកួត​ក្នុងនោះ​រួមមាន ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្ដាល និង​ខេត្តកំពង់ចាម​។ ពីរ​ក្រុម​ខ្លាំង​តំណាងអោយ​តំបន់​ទី​១ ដែលមាន​ក្រុម​ឈ្មោះ OverCome  មកពី​ខេត្តស្វាយរៀង និង​ក្រុម YouWillKnow មកពី​ខេត្តកណ្ដាល មានឈ្មោះ​ទៅ​ចូលរួម​ការប្រកួត​ផ្ដាច់ព្រ័ត្រ​កីឡា​អេឡិចត្រូនិក​ថ្នាក់ជាតិ នៅ​ថ្ងៃទី​១១-១២ ខែធ្នូ ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ នៅឯ​ខេត្តកំពត​។​
 
 ព្រឹត្តិការណ៍ CCC 2015 ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និ​ច​កម្ពុជា ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ដៃគូ​ផ្សេងទៀត​នោះ គឺ​ក្នុង​គោលបំណង​ស្វែងរក​ជ័យលាភី​២​ក្រុម​តំណាង​ឲ្យ​កម្ពុជា សម្រាប់​ចេញទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អេ​ឡិច​ត្រូ​និ​ច​អន្តរជាតិ MATIC 2016 នៅ​ប្រទេស​ឥណ្ឌូនេស៊ី នា​ខែមករា ឆ្នាំ​២០១៦ ដោយ​កម្ពុជា​ត្រូវការពារ​តំណែង​ជើងឯក​របស់ខ្លួន​។​
 
​តំបន់​៦​ដែល​រៀបចំ​ការប្រកួត CCC 2015 រួមមាន តំបន់​ទី​១ (​ស្វាយរៀង កំពង់ចាម ព្រៃវែង និង​តាខ្មៅ​) ចាប់ដំណើរការ​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២៤ ខែតុលា ហើយ​បន្តទៅ​តំបន់​ទី​២ (​រតនគីរី មណ្ឌល​គី​រី ស្ទឹងត្រែង និង​ក្រចេះ​) ពីថ្ងៃ​ទី​២៦ ដល់​ថ្ងៃទី​៣១ ខែតុលា​។ នៅ​តំបន់​ទី​៣ រួមមាន សៀមរាប ឧ​ត្ត​រ​មានជ័យ ព្រះវិហារ និង​កំពង់ធំ ពីថ្ងៃ​ទី​២ ដល់​ថ្ងៃទី​៨ ខែវិច្ឆិកា​។​
 
​ពីថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​១៤ ខែវិច្ឆិកា ការប្រកួត​ប្រព្រឹត្តទៅ​នៅ​តំបន់​ទី​៤ ដែលមាន​ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កំពង់ឆ្នាំង និង​ពោធិ៍សាត់​។ តំបន់​ទី​៥ គឺ​ស្ថិតក្នុង​រាជធានី​ភ្នំពេញ ដោយ​ដំណើរការ​ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​២១ ខែវិច្ឆិកា មុននឹង​បញ្ចប់​ដំណើរ​នៅ​តំបន់​ទី​៦ (​កំពង់សោម កំពត កោះកុង កំពង់ស្ពឺ និង​តាកែវ​) ពីថ្ងៃ​ទី​៧ ដល់​ថ្ងៃទី​១១ ខែធ្នូ​។​
 
​ក្រុម​ជើងឯក​ចំនួន​១៦​ដែល​រកឃើញ​តាម​តំបន់​នីមួយៗ ឈានទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ដែក​នឹង​រៀបចំ​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥ នា​កម្មវិធី​បុណ្យ​សមុទ្រ​ក្នុង​ខេត្តកំពត​។ ជ័យលាភី​ប្រចាំ​តំបន់​នីមួយៗ ដោយ​លេខ​មួយ​ទទួលបាន​១៥០០​ដុល្លារ​អាមេរិក លេខ​២ បាន​១០០០​ដុល្លារ​អាមេរិក ខណៈ​ជ័យលាភី​វគ្គ​ផ្តាច់ព្រ័ត្រ ក្រុម​ជើងឯក​បាន​៣០០០​ដុល្លារ​អាមេរិក ជើងឯក​រង​បាន​២០០០​ដុល្លារ​អាមេរិក និង​លេខ​បី បាន​៥០០​ដុល្លារ​អាមេរិក​។ ជើងឯក និង​ជើងឯក​រង​ក្លាយជា​តំណាង​របស់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍ MATIC 2016 នៅ​ប្រទេស​ឥណ្ឌូនេស៊ី នា​ខែមករា​។​
 
​គួរបញ្ជាក់​ផងដែរ​ថា AK Online ជា​ប្រភេទ​កីឡា​អេឡិចត្រូនិក​ដែល​តម្រូវ​ឲ្យ​កីឡាករ​ធ្វើការ​សហ​ការណ៍​គ្នា​ជា​ក្រុម ហ្វឹកហាត់ និង​រៀបចំ​យុទ្ធសាស្ត្រ ទៅតាម​ទីតាំង​ភូមិសាស្ត្រ​ខុសៗ​គ្នា ដើម្បី​យកជ័យ​ជំនះ​លើ​ក្រុម​ម្ខាង​ទៀត​។ កីឡា​ប្រភេទ​នេះ គឺ​ផ្ដោត​សំខាន់​ទៅលើ ការហ្វឹកហាត់​ខួរក្បាល ភាពប៉ិនប្រសព្វ​ក្នុងការ​ដឹកនាំ ថ្វីដៃ​ក្នុងការ​ប្រើប្រាស់​កុំព្យូទ័រ​ក្នុងការ​បញ្ជា​បាញ់​ទៅលើ​គូសត្រូវ ហើយ​កីឡា​ប្រភេទ​នេះ​ត្រូវបាន​រាប់បញ្ចូល​ទៅក្នុង សហព័ន្ធ​កីឡា​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (NOCC)៕
 
 

Tag:
 កី​ឡាអេ​ឡិច​ត្រូ​និ​ច​
© រក្សាសិទ្ធិដោយ thmeythmey.com