កីឡាជាតិ
ជាតិ
កញ្ញា ហេង ម៉ី​ជូ​៖ បើ​គ្មាន​ជំនាញ​កីឡា ខ្ញុំ​ប្រហែលជា​គ្មាន​វាសនា​រៀន​នៅ​មហាវិទ្យាល័យ​ឡើយ​
29, Oct 2015 , 3:31 pm        
រូបភាព
ដោយ:
​ជំនាញ​រត់ប្រណាំង​បាន​នាំ​ឲ្យ​កញ្ញា ហេង ម៉ី​ជូ ក្លាយជា​និស្សិត​អាហារូបករណ៍​ផ្នែក វិទ្យាសាស្ត្រ​កុំព្យូទ័រ ឆ្នាំ​ទី ២​នៅ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​។ បន្ថែម​ពីលើ​នេះ ម៉ី​ជូ អះអាងថា ជំនាញ​កីឡា​ប្រៀបដូចជា​ការងារ​បន្ទា​ប់​បន្សំ​មួយ​របស់​នាង​ក្នុងការ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​។ វ័យ​២២​ឆ្នាំ យុវតី​ដែល​រស់នៅក្នុង ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពុន ខ័​ណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ រូបនេះ ជា​កូនច្បង​ចំណោម​បងប្អូន ៧​នាក់​ក្នុង​គ្រួសារ​ដែល​មិនសូវ​ធូ​ធារ​។​



សូមស្ដាប់សម្ដីរបស់ ​កញ្ញា ហេង ម៉ី​ជូ



​កញ្ញា ហេង ម៉ី​ជូ បាន​ប្រាប់​ពី​មូល​ហេតុដែល​បណ្តាលឱ្យ នាង ទទួលបាន​អាហារូបករណ៍​ដូច្នេះ​ថា ៖«​អាហារូបករណ៍​ដែល​ខ្ញុំ​ទទួលបាន​នេះ ដោយសារ​ខាង​សាកលវិទ្យាល័យ អាស៊ី​អឺ​រ៉ុ​ម ឃើញ​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ និង​ការលេង​កីឡា​របស់ខ្ញុំ ហើយ​ដោយសារតែ​កំរិតជីវភាព​ខ្វះខាត ម្យ៉ាងវិញទៀត​ដោយសារ​សាកលវិទ្យាល័យ​នេះ​គេ​ចង់​លើកកម្ពស់​វិស័យ​កីឡា​ឱ្យមាន​ភាពល្អប្រសើរ ទើប​គេ​តម្រូវឱ្យ​អ្នកលេង​កីឡា​ទាំងអស់​ត្រូវ​រៀន​ឱ្យបាន​ខ្ពង់ខ្ពស់ អាស្រ័យ​ដូចនេះហើយ​ទើប​ខ្ញុំ​ទទួលបាន​អាហារូបករណ៍​ឱ្យ​សិក្សា​បន្ត​ដូច្នេះ ប្រសិនបើ​មិនមាន​កីឡា​ទេ ខ្ញុំ​មិនមាន​លទ្ធភាព​រៀន​បន្ត​នៅ​សាកលវិទ្យាល័យ​នោះទេ​»​។

​និស្សិត​អាហារូបករណ៍​ម្នាក់នេះ​បាន​បន្ថែមទៀតថា​៖ «​ការដែល​ខ្ញុំ​ចូល​លេង​កីឡា​នេះ​មិនមែន​កើតឡើង​ដោយ​ក្តី​ស្រឡាញ់ ឬ​ចូលចិត្ត​នោះទេ ដោយសារ​កត្តា​ជីវភាព​ខ្វះខាត និង​ដោយសារ​មានការ​អូសទាញ​ពី​គ្រូបង្វឹក​របស់ខ្ញុំ ដោយ​គាត់​មើលឃើញថា​កីឡា​អាចជួយ​ដោះស្រាយ​ជីវភាព​របស់ខ្ញុំ​ឱ្យមាន​ភាពល្អប្រសើរ​បាន​»​។

​គួរ​បញ្ជាក់ថា កញ្ញា ហេង ម៉ី​ជូ ជា​កីឡា​ការ​នី​ម្នាក់ ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ ២ ក្នុង​ការរត់​រយៈ​ចម្ងាយ ១០​គីឡូម៉ែត្រ ក្នុង​កម្មវិធី​រត់ប្រណាំង​លក្ខណៈ​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង នៅលើ​កំពូលភ្នំ​បូកគោ កាលពី​ថ្ងៃទី​២៥ ខែតុលា កន្លងទៅ​ថ្មីៗ​នេះ ហើយ​កញ្ញា​ជា​ម្ចាស់​ជើងឯក រយៈ​ចម្ងាយ ៤២​គីឡូ​មែត្រ និង ២១​គីឡូម៉ែត្រ ក្នុងការ​រត់ប្រណាំង​ជ្រើសរើស​ជើងឯក​ទូទាំងប្រទេស​ថែម​ទៀតផង​៕


© រក្សាសិទ្ធិដោយ thmeythmey.com