ជាតិ
នយោបាយជាតិ
លោក កឹម សុខា ថា បើដាក់បេក្ខភាពទៅជំនួសមានន័យថាCNRPអត់មានឯករាជ្យភាព
× គណបក្សសង្គ្រោះជាតិ បានសម្រេចមិនតែងតាំងបេក្ខភាពណាមួយទៅបំពេញតួនាទីជាអនុប្រធានរដ្ឋសភា ដែលជាកូតារបស់គណបក្សសង្គ្រោះជាតិនោះទេ។អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ប្រាប់មូលហេតុថា ការមិនដាក់បេក្ខភាពណាទៅកាន់តំណែងអនុប្រធាននេះ គឺគណបក្សលោកចង់បង្ហាញថា ខ្លួនកំពុងប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជា ដែលបានរំលោភលើកិច្ចព្រមព្រៀងនយោបាយ ។
លោក កឹម សុខា បន្ថែមថា បើសិនជាគណបក្សលោកដាក់បេក្ខភាពណាមួយទៅបំពេញតួនាទីជាអនុប្រធានរដ្ឋសភានោះ បានន័យថា គណបក្សលោកមិនមានអធិបតេយ្យភាពឡើយ ដូច្នេះបានជាគណបក្សសង្គ្រោះជាតិមិនបញ្ជូនបេក្ខភាពថ្មីទៅកាន់តំណែងអនុប្រធានរដ្ឋសភានេះ។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៣០ តុលា អនុប្រធានគណបក្សសង្គ្រោះជាតិរូបនេះបានបញ្ជាក់យ៉ាងដូច្នេះ៖«មានន័យថាបើសិនជាយើងបញ្ជូនបេក្ខភាពទៅជំនួស មានន័យថាយើងយល់ស្របនូវអ្វីដែលគេធ្វើខុស យល់ស្របនូវការរំលោភរដ្ឋធម្មនុញ្ញ យល់ស្របនូវការរំលោភកិច្ចព្រមព្រៀង ហើយយល់ស្របថាគណបក្សសង្គ្រោះជាតិនេះអត់មានអធិបតេយ្យភាពខ្លួនឯងទេ។ អត់មានឯករាជ្យភាពខ្លួនទេ ស្រេចតែគេប្រាប់ឲ្យដាក់អ្នកណា ព្រមអ្នកណា ហើយគេចង់ដកអ្នកណាវិញក៏បានដែរ។យើងអត់មានគណបក្សមួយដែលអត់មានអធិបតេយ្យភាពខ្លួន គឺយើងមិនអាចឲ្យប្រជាពលរដ្ឋគាំទ្រកើតទេ ត្រូវមានឯករាជ្យភាព អធិបតេយ្យភាពខ្លួន»។
លោក កឹម សុខា អះអាងថា គណបក្សលោកមិនមែនជាគណបក្សរណប និងបណ្ដាយគណបក្សប្រជាជនកម្ពុជា រំលោភកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សគណបក្សទាំងពីរបានស្រេចតែចិត្តនោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com