កីឡាជាតិ
ជាតិ
កែ ឡេង និង​កីឡាករ-ការិនី​ប៉េតង់ផ្សេងទៀត ​ត្រៀម​ប្រជែង​ជើងឯក​ពិភពលោក​នៅ​ថៃ
31, Oct 2015 , 4:20 pm        
រូបភាព
កីឡាករ-កីឡាការិនី​ប៉េតង់​កម្ពុជា​កំពុង​ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើមពាន​រង្វាន់​យុវជន​និង​នារី​ពិភពលោក​លើក​ទី១៥ (15th World Championships Youth and Women)នៅក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​ចាប់ពី​ថ្ងៃទី១ដល់​ថ្ងៃទី៧ខែវិច្ឆិកា។នៅក្នុង​ការប្រកួត​លំដាប់​ពិភពលោក​នេះ​កម្ពុជា​ធ្លាប់បាន​មេដាយមាស១និង​សំរឹទ្ធ​ចំនួន៣ ។

 
កីឡាការិនី​ប៉េតង់​កែ​ឡេង​ដែល​ត្រូវបាន​ចាត់ទុកជា​វីរនារី​កម្ពុជា​បោះជំហាន​ទៅរក​ការដណ្តើម​មេដាយមាស​លើក​ទី​ពីរ​ក្នុងការ​ប្រកួត​ដណ្តើមពាន​រង្វាន់​លំដាប់​ពិភពលោក​លើ​វិញ្ញាសា​វាយយក​ពិន្ទុ។កាលពី​ឆ្នាំ២០១៣កីឡាការិនី​ដ៏​មានបទពិសោធន៍​រូបនេះ​បានបង្ហាញ​ការភ្ញាក់ផ្អើល​ដោយបាន​នាំ​មេដាយមាស​ពិភពលោក​លើក​ទី១ពី​ទីក្រុង​Montaubanប្រទេស​បារាំង​សម្រាប់​កម្ពុជា​ហើយ​ប្រមាណ​ពីរ​ឆ្នាំ​ក្រោយមក​រដ្ឋាភិបាល​បានរៀបចំ​ពិធី​ដង្ហែ​ដ៏​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​លើក​កិត្តិយស​ដល់​រូបគាត់។
 
ជាមួយគ្នានេះ​ផងដែរ​កីឡាការិនី​កែ​ឡេង​រួមជាមួយ​មិត្ត​ក្រុម​ដែលមាន​កីឡាការិនី​អ៊ុក​ស្រីមុំ, អ៊ុំ​ចន្ទ្រា​និង​អ៊ុន​ស្រី​យ៉ា​នឹង​បន្ត​សហការគ្នា​លើ​វិញ្ញាសា​វាយ​ជា​ក្រុម ដោយ​កាលពី​ឆ្នាំ២០១៣កន្លងមក​កីឡាការិនី​ទាំង៤រូបនេះ​បានឈ្នះ​មេដាយ​សំរឹទ្ធ​សម្រាប់​កម្ពុជា​រួច​ម្តង​ហើយ។
 
ក្រុមកីឡា​ការិនី​កម្ពុជា​ដឹកនាំ​ដោយ​លោក​ឌី​បូរី​ម៉ា​អគ្គនាយករង​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​ហើយ​លោក​សុខ​ម៉ុង​ជា​គ្រូបង្វឹក។យោងតាម​កាល​វិភា​គប្រ​កួត​ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​ប៉េតង់​អន្តរជាតិ​ការប្រកួតប្រជែង​ផ្នែក​នារី​លំដាប់​ពិភពលោក​នេះ​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី៤ដល់​ថ្ងៃទី៨ខែវិច្ឆិកា​នៅ​បរិវេណ​សាកលវិទ្យាល័យ​Bangkok Thonburi។
 
ដោយឡែក​បេក្ខជន​វ័យក្មេង៤រូប​ដែលមាន​អាយុ​ក្រោម១៧ឆ្នាំ រួមមាន​មួង​ទិ​ត្យ​ម៉ា​ណែ​ត, ស្រេង​សុរ៉ា​ឃឹម, ផង់​ហាស់​សិទ្ធិ​ទេវរាជ​និង​ទីវ​រដ្ឋា​នឹង​បង្ហាញ​វត្តមាន​ក្នុងការ​ប្រកួត​វាយ​ទោល​និង​វាយ​ជា​ក្រុម​ដោយ​ព្រឹត្តិការណ៍​ប្រកួត​ដំណើរការ​ពីថ្ងៃ​ទី៣១ខែតុលា​ដល់​ថ្ងៃទី៤ខែវិច្ឆិកា​ខាងមុខនេះ។ក្រុមយុវជន​កម្ពុ​ជាមាន​លោក​សូ​ម៉ៃ​សុខ​គា​ជា​ប្រតិភូ​និង​លោក​អ៊ុក​យ៉ា​រី​ជា​គ្រូបង្វឹក។
 
សូមបញ្ជាក់​ផងដែរ​នា​ការប្រកួត​ដណ្តើមពាន​រង្វាន់​កីឡា​ប៉េតង់​ពិភពលោក​លើក​ទី១៥នេះ​ទាំង​ផ្នែក​នារី​និង​យុវជន​មាន​បេក្ខជន​មកពី​ជាង៤០ប្រទេស​ដែលជា​សមាជិក​សហព័ន្ធ​កីឡា​ប៉េតង់​អន្តរជាតិ។យោងតាម​តារាង​ចំណាត់ថ្នាក់​រួម​បើ​គិត​ត្រឹម​ព្រឹត្តិការណ៍​ប្រកួត​នៅ​ទីក្រុង​Montaubanប្រទេស​បារាំង​កាលពី​ឆ្នាំ២០១៣កម្ពុជា​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី១៣លើ​ពិភពលោក​ក្រោយ​ទទួលបាន​មេដាយមាស១និង​សំរឹទ្ធ។បារាំង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ១ដោយមាន​មេដាយមាស​រហូតដល់​ទៅ៤៤ក្នុងចំណោម​មេដាយ​សរុប៨៩ខណៈ​ថៃ​បែលហ្ស៊ិក​អេ​ស្ប៉ា​ញ​ទុយ​នី​ស៊ី​និង​អ៊ីតាលី​ស្ថិតនៅ​លេខ​រៀង​នាំ​មុខជា​បន្តបន្ទាប់៕
 

Tag:
 ប៉េតង់
© រក្សាសិទ្ធិដោយ thmeythmey.com