កីឡាជាតិ
ជាតិ
Toyota Mekong Club៖ វឌ្ឍនាកា រកបាន​២​គ្រាប់ យ៉ា​ទី​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំការ​ប្រកួត​
02, Nov 2015 , 11:49 am        
រូបភាព
 
​បឹងកេត​អង្គរ​បានទទួល​ជ័យជម្នះ ២-០ លើ Lao Toyota FC នៅក្នុង​ការប្រកួត​ជម្រុះ​ពានរង្វាន់ Toyota Mekong Club Championship នៅ​កីឡដ្ឋាន Chao Anouvong National Stadium ក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ កាលពី​ល្ងាច​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។ ជ័យជម្នះ​នេះ សម្រេចបាន​ដោយ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​ចុង​តង់​នីមួយៗ​របស់​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ខណៈ​អ្នកចាំទី ស៊ូ យ៉ា​ទី ដែល​បាន​រារាំង​ឱកាស​ជាច្រើន​គ្រាប់​របស់​ម្ចាស់ផ្ទះ ក្លាយជា​កីឡាករ​ឆ្នើម​ប្រចាំ​ការប្រកួត​។​

 
​ចាន់ វឌ្ឍនាកា ដែល​កំពុង​ត្រៀមខ្លួន​ទទួល​ស្បែកជើង​មាស​ក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ជាមួយនឹង​ការសម្រេចបាន​៣៥​គ្រាប់​ពី​ការប្រកួត​ទាំងពីរ​ជើង បន្ត​បង្ហាញ​ភាព​លេចធ្លោ​នៅក្នុង​ទឹកដី​ឡាវ​។ នា​ជំនួប​ជាមួយ​ម្ចាស់ផ្ទះ Lao Toyota FC កីឡាករ​អាយុ​២១​ឆ្នាំ​រូបនេះ រកបាន​គ្រាប់​បាល់​ទីមួយ​ឲ្យ​បឹងកេត​អង្គរ នៅ​ចុង​តង់​ទីមួយ ក្រោយ​ការបញ្ជូន​របស់ Ajayi Gbenga ពី​ស្លាប​ខាងឆ្វេង ពោលគឺ​កើតឡើង​តែ​៥​នាទី​ប៉ុណ្ណោះ បន្ទាប់ពី​រូបគេ​មាន​វត្តមាន​ជំនួស ឈុន សុធា​រ័ត្ន​។​
 
​ពីរ​នាទី​មុន​បញ្ចប់​ការប្រកួត​នៅ​តង់​ទី​ពីរ ចាន់ វឌ្ឍនាកា បាន​ប្រើ​ប​ចេ្ច​ក​ទេស​ផ្ទាល់ខ្លួន​យ៉ាង​អស្ចារ្យ​ដោយ​អូស​បាល់​កាត់​ខ្សែការពារ​របស់​ក្រុម​ឡាវ នាំចូល​ទៅក្នុង​តំបន់​គ្រោះថ្នាក់ ហើយ​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់​ទី​ពីរ ដើម្បី​នាំ​ជ័យជម្នះ ២-០ សម្រាប់​បឹងកេត​ក្នុង​វគ្គ​ជម្រុះ Toyota Mekong Club Championship ឆ្នាំ​២០១៥ នៅ​កីឡដ្ឋាន Chao Anouvong National Stadium​។​
 
​នៅក្នុង​ការប្រកួត​ទាំងមូល អ្នកចាំទី ស៊ូ យ៉ា​ទី ដែល​ធ្លាប់មាន​បទពិសោធន៍​ក្នុង​ព្រឹត្តិការណ៍​នេះ កាលពី​ឆ្នាំមុន​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​នោះ ត្រូវ​ជ្រើសរើស​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ការប្រកួត​។ ការព្យាយាម​រារាំង​មិន​ឲ្យ​ក្រុម​ជើងឯក​ឡាវ ស៊ុត​ទ​ម្លា​ញ​សំណាញ់​បឹងកេត បាន​នាំ​ឲ្យ យ៉ា​ទី ទទួលបាន​ប្រាក់រង្វាន់​១០០០​ដុល្លារ​អាមេរិក​ក្នុងនាម​ជា Man of the Match​។​
 
​លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹក​ក្រុម​បឹងកេត​អង្គរ បានធ្វើការ​ផ្លាស់ប្តូរ​កីឡាករ​តែ​ពីររូប​គត់ ពោលគឺ ចាន់ វឌ្ឍនាកា ចូល​ជំនួស ឈុន សុធា​រ័ត្ន ហើយ ខៀវ វិបុល ចូល​ពង្រឹង​តំបន់​ការពារ​ជំនួស Esoh Omogba នា​រយៈពេល​១៥​នាទីចុងក្រោយ​។​
 
​សម្រាប់​ជំនួប​នេះ ផងដែរ កីឡាករ សុខ សុវណ្ណ ហុង ផេង និង​សុខ ផេង បាន​ចូល​លេង​ពេញ​ម៉ោង​ក្នុងជំនួប​ជាមួយ​ក្រុម​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​អង់គ្លេស លោក David Booth អតីត​គ្រូបង្វឹក​ភ្នំពេញ​ក្រោ​ន​របស់ខ្លួន​។ ជ័យជម្នះ​ក្នុង​ព្រឹត្តិការណ៍ Toyota Mekong Club គឺជា​កាដូ​ដ៏​ពិសេស​ផងដែរ​សម្រាប់ ហុង ផេង នា​ថ្ងៃ​ប្រារព្ធ​ខួបកំណើត​២៦​ឆ្នាំ​របស់ខ្លួន​។​
 
​បឹងកេត​នឹង​ប្រើប្រាស់​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ទទួលភ្ញៀវ Yangon United នា​ល្ងាច​ថ្ងៃទី​២៩ ខែវិច្ឆិកា​។ ដោយឡែក​នៅ​ល្ងាច​ថ្ងៃទី​២២ ខែវិច្ឆិកា Lao Toyota FC នឹងធ្វើ​ដំណើរ​ទៅ​ជួប​ជើងឯក​មី​យ៉ាន់​ម៉ា Yangon United នៅ​កីឡដ្ឋាន Thuwunna Youth Training Center ៕
 
​រូបថត​៖ Lao Toyota FC
 
 

Tag:
 Toyota Mekong Club
© រក្សាសិទ្ធិដោយ thmeythmey.com