កីឡាជាតិ
ជាតិ
Urban បង្កើត​ព្រឹត្តិការណ៍​ប្រណាំង​កង់​ជួយ​កុមារកំព្រា កម្ពុជា​
03, Nov 2015 , 7:39 am        
រូបភាព
ដោយ:
 
​ក្រុមហ៊ុន Urban Architecture និង Flying Bikes2 នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​លក្ខណៈ​សេរី ដែលមាន​ឈ្មោះថា Fun Race For Orphans ដើម្បី​ស្វែងរក​មូលនិធិ​ជួយ​ដល់​កុមារកំព្រា​ដែល​កំពុង​ជួប​ការខ្វះខាត នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា​ខាងមុខនេះ​។​

 
​លោក អេង រិ​ន​បូ ថ្លែង​ក្នុង​សន្និសីទកាសែត​កាលពី​ព្រឹក​មិញ​ថា ការប្រណាំង​កង់​លក្ខណៈ​សេរី​នេះ ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​ការខ្វះខាត​របស់​កុមារកំព្រា​កម្ពុជា ក៏ដូចជា​លើកកម្ពស់​សុខភាព​ប្រជាពលរដ្ឋ​ផងដែរ​។ លោក​បាន​បញ្ជាក់ថា ការប្រណាំង​បែងចែក​ជា ៣​ប្រភេទ​គឺ​ការប្រណាំង​ជា​ក្រុម​មាន​សមាជិក​៤​នាក់ ការប្រណាំង​បែប VIP (​អាយុ​ចាប់ពី​៣៥​ឆ្នាំ​ឡើង​) និង​ការប្រណាំង​សម្រាប់​កុមារ​។​
 
​លោក​បាន​បញ្ជាក់ទៀតថា អ្នកចូលរួម​ប្រណាំង​ត្រូវ​បង់ប្រាក់​ចុះឈ្មោះ​ចូលរួម​ប្រកួត ៥​ដុល្លារ​សម្រាប់​បេក្ខជន​ធម្មតា ចំណែក​បេក្ខជន VIP ១៥​ដុល្លារ ហើយ​ថវិកា​ដែល​បានមកពី​ការចុះឈ្មោះ​នឹង​យកទៅ​ទិញ​អាវ​ជូន​អ្នកចូលរួម​ប្រណាំង និង​ថវិកា​ដែល​នៅសល់​យកទៅជួយ​កុមារកំព្រា​កំពុង​ខ្វះខាត​នៅក្នុង​ប្រទេស​កម្ពុជា​។ 
 
​សម្រាប់​ទីតាំង​នៃ​ការប្រណាំង ដោយ​ចេញដំណើរ​ពី​កោះ​ពេជ្រ​ទៅដល់​កោះដាច់ រួច​ជិះ​ជុំវិញ​កោះ​នោះ​តែម្តង​។ ការប្រណាំង​ជា​ក្រុម​ធ្វើ​លក្ខណៈ​ជិះ​បណ្តាក់ ដោយ​ម្នាក់ៗ​ជិះ​ចម្ងាយ ៦​គីឡូម៉ែត្រ ក្នុង​រយៈ​ចម្ងាយ​សរុប ២៤​គីឡូម៉ែត្រ ហើយ​សម្រាប់​ការប្រណាំង VIP និង​សម្រាប់​កុមារ​គណៈកម្មការ​មិន​ទាន់​សម្រេច​នៅឡើយ​ទេ​៕    
 
 
 
 
 

Tag:
 ​ប្រណាំង​កង់​
© រក្សាសិទ្ធិដោយ thmeythmey.com