ជាតិ
សង្គមជាតិ
រយៈពេល១០ខែ​ចំណូល​ពីការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​មាន​ជិត៤៨លាន​ដុល្លារ
03, Nov 2015 , 4:11 pm        
រូបភាព
សៀមរាប៖ អាជ្ញាធរ​ជាតិ​អប្សរា បានបង្ហាញ​របាយការណ៍​ជា​ទៀងទាត់ ទាក់ទង​នឹង​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត ចាប់ពី​ដើមឆ្នាំ២០១៥មក។ ចំពោះ​ខែតុលា​កន្លងទៅថ្មីៗ យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា ភ្ញៀវទេសចរ​ដែល​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ មានការ​កើនឡើង​ជាង៤ភាគរយ។ ក្នុងនោះ តាម​ការ​បូកសរុប ក្នុង​រយៈពេល១០ខែ ចំណូល​ដែល​រកបាន​ពី​ការលក់​សំបុត្រ មាន​រហូតដល់​ទៅជិត ៤៨លាន​ដុល្លារ​អាមេរិក។



របាយការណ៍​សង្ខេបរ​បស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី៣ វិច្ឆិកា​នេះ បាន​បន្ត​ដំឡើង​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ ដែល​មក​ទស្សនា​អង្គរវត្ត។ ក្នុងនោះ សម្រាប់​ខែតុលា​កន្លងទៅ មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ១៥៣,៣០៨ នាក់ ដែល​គិត​ជា​ទំហំ​ទឹកប្រាក់​ស្មើនឹង ៤,៣៨១,០៤០ ដុល្លារ​អាមេរិក។ ទាំង​ចំនួន​ភ្ញៀវ និង​ចំណូល​គឺ​កើន​ជាង ៤% បើ​ធៀប​នឹង​ឆ្នាំទៅ។

ដោយឡែក អាជ្ញាធរ​ជាតិ​អប្សរា ក៏​បន្ត​បូកសរុប​ទិន្នន័យ​ភ្ញៀវទេសចរ​រយៈពេល១០ ខែ​ក្នុង​ឆ្នាំ២០១៥នេះដែរ។ ក្នុងនោះ យោងតាម​របាយការណ៍​ដដែល មាន​ទេសចរ​អន្តរជាតិ ១,៦៧៧,៣៥២នាក់ ដែល​មក​ទស្សនា​អង្គរ ដែល​ធ្វើ​ឲ្យ​ទំហំ​ទឹកប្រាក់​កើន​ដល់ ជិត៤៨លាន​ដុល្លារ​អាមេរិក៕








Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com