ជាតិ
សង្គមជាតិ
ទេសចរ​អន្តរជាតិ​ធ្លាក់ចុះ​ជាង១១ភាគរយ​ក្នុង​រយៈពេល៩ខែ​ឆ្នាំ២០១៥
04, Nov 2015 , 11:30 am        
រូបភាព
សៀមរាប៖ របាយការណ៍​បូកសរុប​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​បង្ហាញថា មាន​ភ្ញៀវទេសចរ​សរុប​ជិត៤លាន​នាក់ ដែល​មក​កម្សាន្ត​ក្នុង​ខេត្ត​មួយ​នេះ។ ជិត៤លាន​នាក់ ក្នុង​រយៈពេល៩ខែ ធ្វើ​ឲ្យ​មាន​កំណើន​ភ្ញៀវទេសចរ​ជាង២ភាគរយ បើ​ប្រៀប​ធ្រៀ​ប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំទៅ។ យ៉ាងណា ការ​កើន​នេះ​តែ​នៅលើ​ទេសចរ​ជាតិ​តែប៉ុណ្ណោះ សម្រាប់​ទេសចរ​អន្តរ​ជាតិ​វិញ របាយការណ៍​បញ្ជាក់ថា បាន​ថយចុះ​ជាង ១១ភាគរយ ក្នុង​រយៈពេល៩ខែ ឆ្នាំ២០១៥ ។



មាន​ទេសចរ​សរុប​ចំនួន ៣,៧៩៥,៤៦៦នាក់ ត្រឹម​រយៈពេល៩ខែ ឆ្នាំ២០១៥ ដែល​មក​កម្សាន្ត​ខេត្តសៀមរាប។ ចំនួន​នេះ បាន​កើន ២.១៧ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៤ ដែល​កាលនោះ មាន​ភ្ញៀវទេសចរ​ត្រឹម ៣,៧១៤,៧៦០នាក់។ នេះ​បើ​យោងតាម​របាយការណ៍​ពី​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប។ 

ក្នុង​របាយការណ៍​ដដែល​នោះ បាន​បន្ត​លម្អិត​ពី​ចំនួន​ទេសចរ​ជាតិ និង​អន្តរជាតិ​ផងដែរ ដែល​ក្នុងនោះ មាន​ទេសចរ​ជាតិ​ចំនួន ២,២៤៨,៥៤០នាក់ គឺ​កើនឡើង​ចំនួន ១៣.៩៣ភាគរយ ធៀប​នឹង​ឆ្នាំទៅ។ ដោយឡែក​ទេសចរ​អន្តរជាតិ មាន​ចំនួន​ជាង១លាន​នាក់​ដែរ គឺ​ស្មើនឹង ១,៥៤៦,៩២៦នាក់ ដែល​ធ្វើ​ឲ្យ​ទិន្នន័យ​នេះ ថយចុះ​ចំនួន ១១.១៥ភាគរយ​ធៀប​នឹង​ឆ្នាំទៅ ដែលមាន​ចំនួន​រហូតដល់​ជិត២លាន​នាក់ គឺ​ស្មើនឹង១,៧៤១,១៨១នាក់។

ចំណែក​ទាក់ទង​នឹង​ទេសចរ​វិញ ជនជាតិ​ចិន​បាន​ឈរ​នៅ​លេខ​រៀង​ទី១ ដែល​មក​ទស្សនា​ខេត្តសៀមរាប​ច្រើនជាងគេ ក្នុង​រយៈពេល៩ខែ​នេះ។ តួលេខ​បង្ហាញថា មាន​ជនជាតិ​ចំនួន ២៩០,១៨៨នាក់ ស្មើនឹង១៨.៧៦ភាគរយ ដែល​ធ្វើ​ឲ្យ​ចំនួន​នេះ​កើនឡើង​ជាង១៩ភាគរយ។ ដោយឡែក​ទេសចរ​ជនជាតិ​កូរ៉េ​វិញ ធ្លាក់ចុះ​ជិត១០ភាគរយ។ តួលេខ​បង្ហាញថា មាន​ជនជាតិ​កូរ៉េ​ចំនួន ២៣២,០៥០នាក់ ថយចុះ៩.៩៧ភាគរយ ធៀប​នឹង​ឆ្នាំទៅ ដែលមាន​ចំនួន ២៥៧,៧៦៣នាក់។

មិនទាន់​អស់នោះ​ទេ ក្នុង​របាយការណ៍​រប​ស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ក៏បាន​បន្ត​ទម្លាក់​កំណើន​ទេសចរ​បរទេស​ចំនួន​ទៀត​ដែរ ក្នុងនោះ ជនជាតិ​ជប៉ុន​ធ្លា​ក់ជាង ១៦ភាគរយ វៀតណាម​ធ្លាក់ចុះ ៤០ភាគរយ និង​បារាំង ធ្លាក់​ជិត១ភាគរយ​ផងដែរ។ ក្រៅពីនោះ មាន​ថៃ អាមេរិក ម៉ាឡេស៊ី និង​អូ​ស្រា្ត​លី កើនឡើង​តិចតួច តែ​តួលេខ​របស់​ទេស​ចរអ​ង់​គ្លេ​ស​កើន​ជាង ២៣ភាគរយ។

ជុំវិញ​រឿងរ៉ាវ​ទាក់ទង​នឹង​ភ្ញៀវទេសចរ​នេះដែរ កាលពី​ថ្ងៃទី៣ វិច្ឆិកា អាជ្ញាធរ​ជាតិ​អប្សរា ក៏​បានចេញ​របាយការណ៍​សង្ខេប​មួយ ទាក់ទិន​នឹង​ទេសចរ​អន្តរជាតិ ដែល​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត។ ត្រឹម១០ខែ​ឆ្នាំ២០១៥ មាន​ទេសចរ​ចំនួន ១,៦៧៧,៣៥២នាក់ បាន​ទិញ​សំបុត្រ​ចូល​អង្គរ ដែល​ធ្វើ​ឲ្យ​ទំហំ​ទឹកប្រាក់​មាន​រហូតដល់​ទៅ ជិត៤៨លាន​ដុល្លារ គឺ​ស្មើនឹង ៤៧,៦៨១,០៨០ ដុល្លារ​អាមេរិក កើនឡើង​ជិត១ភាគរយ ធៀប​នឹង​ឆ្នាំ២០១៤ ៕


Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com