ជាតិ
សង្គមជាតិ
លោក ហ៊ុន សែន បញ្ជា​ឲ្យ​កែលំអរ​សំណង់​ដែល​ប៉ះពាល់​សោភណភាព​សួន «​សម្តេច ហ៊ុន សែន​»
05, Nov 2015 , 4:49 pm        
រូបភាព
ដោយ:
 
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា​បានធ្វើ​ដំណើរ​ថ្មើ​ជើង​ទៅ​ចុះ​ត្រួតពិនិត្យ​ដោយផ្ទាល់ នូវ​ការដ្ឋាន​សំណង់​របស់​ក្រុមហ៊ុន​Naga world ដែល​បាន​សាងសង់​ខុសច្បាប់​អនុញ្ញាត និង​ធ្វើឱ្យមាន​ការប៉ះពាល់​ដល់​សោភណភាព​រាជធានី​ភ្នំពេញ​។

 
​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​នៅក្នុង​គណ​នី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា  ក្រោយ​ការបញ្ចប់​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៣​រួចមក លោកនាយក​រដ្ឋមន្ត្រី បាន ចុះ​ពិនិត្យ​ដោយផ្ទាល់ ការដ្ឋាន​សំណង់​របស់​ក្រុមហ៊ុន Naga world ដែល​បាន​សាងសង់​ខុសច្បាប់​អនុញ្ញាត និង​ប៉ះពាល់​ដល់​សោភណភាព​រាជធានី​ភ្នំពេញ​។​
 
​លោក​បានដឹង​ទៀតថា នៅក្នុង​អំឡុងពេល​ចុះ​ត្រួតពិនិត្យ​នោះដែរ លោក ហ៊ុន សែន បាន​ណែនាំ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​អ្នកជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ប្រជុំពិភាក្សា និង​មាន​វិធានការណ៍​កែលម្អ​វិញ​ជាបន្ទាន់ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​រក្សាបាន​នូវ​លំហរ​សាធារណៈ​សម្រាប់​ប្រជាពលរដ្ឋ​មក​លម្ហែ​កំសាន្ត​នៅ​សួន​សម្តេច​ហ៊ុន សែន​ដ៏​មាន​ប្រជាប្រិយភាព​នេះ​បាន​ដូចដើម​។​
 
​បន្ទាប់ពី​មានការ​បញ្ជា​របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យមាន​ការប្រជុំ​ពិភាក្សា និង​ចាត់វិធានការ​កែលម្អរ​នោះ នៅ​រសៀល​ថ្ងៃទី​៥ ខែវិច្ឆិកា នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​នឹងមាន​ការប្រជុំ​បន្ទាន់​មួយ ដើម្បី​ពិភាក្សា​ផ្លូវច្បាប់ និង​បច្ចេកទេស​ដើម្បី​អនុវត្ត​ឲ្យ​បាន​មឺ​ង​ម៉ាត់​នូវ​បទបញ្ជា​នេះ​៕
 

Tag:
 សំណង់​ខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com