ជាតិ
សង្គមជាតិ
ជនជាប់ចោទ ៣នាក់ វាយ​តំណាងរាស្ត្រ CNRP អាច​ជាប់ពន្ធនាគារ​ពី ២ ទៅ ៥ឆ្នាំ
05, Nov 2015 , 10:49 pm        
រូបភាព
រូបថតអគ្គស្នងការដ្ឋាននគរបាលជាតិ
រូបថតអគ្គស្នងការដ្ឋាននគរបាលជាតិ
ដោយ:
ភ្នំពេញ៖ តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​ជនដៃដល់ ៣នាក់ បង្ក​របួសស្នាម​លើ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ចូល​បង្ហាញខ្លួន ចំពោះមុខ​គណៈ​​កម្មការ​​​​​​​ស្រាវ​​ជ្រាវ​​​ស៊ើប​​​អង្កេត​​​​​​​​​ក្រសួង​​​មហាផ្ទៃ កាលពី​ថ្ងៃទី៣ វិច្ឆិកា​​​​​​ ពីបទ​ល្មើស​​​បង្ក​ហិង្សា​ដោយ​ចេតនាមាន​ស្ថាន​ទម្ងន់ទោស និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា ២១៨  និង​មាត្រា ៤១១ នៃ​ក្រមព្រហ្មទណ្ឌ។ នេះបើយោងតាមការចុះផ្សាយ​របស់អគ្គស្នងការដ្ឋាននគបាលជាតិ នៅថ្ងៃទី៥ វិច្ឆិកានេះ។



តុលាការ​បានសម្រេច​ប​ញ្ជូ​ន​ខ្លួន​ជនជាប់ចោទ​ទាំង ៣នាក់ ទៅ​ឃុំខ្លួន​បណ្តោះអាសន្នក្នុង​ពន្ធនាគារ​ព្រៃ​ស ក្រោយ​បញ្ចប់​ការសាកសួរ នៅ​រសៀល​ថ្ងៃទី០៤ ម្សិលមិញ។

តាម​មាត្រា ២១៨ នៃ​ក្រមព្រហ្មទណ្ឌ អំពើហិង្សា​ដោយ​ចេតនា ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤លាន​រៀល ទៅ១០លាន​រៀល កាលណា​បើ​អំពើ ហិង្សា​នេះ បាន​ប្រព្រឹត្ត​ដោយមាន​ការគិត​ទុកជា​មុន ការប្រើ​អាវុធ ឬ​គំរាមកំហែង​នឹង​អាវុធ និង​ដោយមាន​មនុស្ស​ច្រើន​នាក់​ក្នុងឋានៈ​ជា​ចារី សហចារី អ្នកផ្តើមគំនិត និង​អ្នកសមគំនិត។

រីឯ មាត្រា ៤១១ នៃ​ក្រមព្រហ្មទណ្ឌ ស្ថាន​ទម្ងន់ទោស អំពើ​ប្រព្រឹត្ត​ដោយ​ចេតនា ដោយ​បំផ្លិចបំផ្លាញ ធ្វើ​ឲ្យ​ទ្រុឌទ្រោម ឬ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​អ្នកដទៃ​នោះ ត្រូវ​ផ្តន្ទាទោស​ដាក់ ពន្ធនាគារ​ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤លាន​រៀល ទៅ១០លាន​រៀល នៅក្នុង ករណី គឺ ទីមួយ, កាលបើ​បទល្មើស​នេះ បាន​ប្រព្រឹត្ត​ដោយ​បុគ្គល​ច្រើន​រូប ធ្វើ​សកម្មភាព​ក្នុង ឋានៈ​ជា​ចារី សហចារី អ្នកផ្តើមគំនិត ឬ​ជា​អ្នកសមគំនិត ទី​ពី,កាលបើ បទល្មើស​នេះ បាន ប្រព្រឹត្ត​ក្នុង​ទីកន្លែង​ជា​លំនៅឋាន ទី​បី,កាលណា​បើ​បទល្មើស​នេះ បាន​ប្រព្រឹត្ត​នៅក្នុង​ទីកន្លែង សម្រាប់​តម្កល់​មូលនិធិ​តម្លៃ ទំនិញ ឬ​សម្ភារៈ ទី​បួន,បទល្មើស​នេះ នាំ​ឲ្យ​ខូចប្រយោជន៍​ដល់ សំណង់​គ្រឹះស្ថានសាធារណៈ ឬ​ផ្លូវ​សាធារណៈ ខូចប្រយោជន៍​ដំណាំ ឬ​កសិផល និង​នាំ​ឲ្យ​ខូច​បង្គោល​ព្រំដែន​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ ក្រសួងមហាផ្ទៃ ជន​សារភាព​ទាំង៣នាក់ មានឈ្មោះ ចាយ សារិទ្ធ អាយុ៣៣ឆ្នាំ រស់នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល ឈ្មោះ ម៉ៅ ហឿន អាយុ៣៤ឆ្នាំ រស់នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង និង សុ​ត វណ្ណ​នី អាយុ៤៥ឆ្នាំ រស់នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល។

គួរ​បញ្ជាក់ថា នៅ​ថ្ងៃទី៥នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ក្នុង​ពិធី​សម្ពោធ ប្រព័ន្ធ​លូ​រំដោះ​ទឹក​ក្នុង​រាជធានី​ភ្នំពេញ​ថា លោក​មិន​គាំទ្រ​ឲ្យ​មាន​បាតុកម្មហិង្សា​ជាដាច់ខាត។ ហើយ​ថា ប្រសិន​មាន​ករណី​ហិង្សា​នោះ អ្នក​វាយ​គេ​ដោយ​ខុសច្បាប់ នឹងត្រូវ​ផ្តន្ទាទោសច្បាប់។ លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា ការផ្តន្ទាទោស គឺ​អាស្រ័យ​លើ​សេចក្តីសម្រេច​របស់តុលាការ។

សូមរម្លឹកផងដែរ លោក គង់ សុភា និង​លោក ញ៉យ ចំរើន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ជនដៃដល់​មួយក្រុមវាយ​រងរបួស​យ៉ាងដំណំ នៅក្រៅ​វិមាន​រដ្ឋសភា កាលពី​ថ្ងៃត្រង់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥៕


Tag:
 តុលាការ
  វាយតំណាងរាស្ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com