ជាតិ
សង្គមជាតិ
អាជ្ញាធរ​អប្សរា​ចាប់ផ្តើម​ការងារ​ពង្រឹង​ការអភិរក្ស​រមណីយដ្ឋាន​ភ្នំ​គូ​លេន​
06, Nov 2015 , 4:25 pm        
រូបភាព
 
​សៀមរាប​៖ ដើម្បី​ឆ្លើយតប​នឹង​អនុសាសន៍​ក្នុង​កិច្ចប្រជុំ​របស់​គណកម្មាធិកា​រ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា ICC Angkor កន្លងទៅ​ថ្មីៗ និង​ដើម្បី​គ្រប់គ្រង​លាន​ដ្ឋា​ន​បុរាណ​នៅ​ភ្នំ​គូ​លេន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​ខ្ពស់​នោះ ថ្មីៗ​នេះ​អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​ឲ្យ​មាន​កន្លែង​ឆ្មាំ​យាម​បន្ថែមទៀត ដើម្បី​ពង្រឹង​ការងារ​អភិរក្ស​របស់ខ្លួន​។​

 
​រោង​ឆ្មាំ​ចំនួន​២​កន្លែង​ទៀត នឹងត្រូវ​រៀបចំ​សាងសង់​នៅលើ​ភ្នំ​គូ​លេន​។ ការងារ​នេះ បានប្រកាស​រៀបចំឡើង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ពង្រឹង​ការងារ​អភិរក្ស​លាន​ដ្ឋា​ន​ក្នុង​រមណីយដ្ឋាន​ភ្នំ​គូ​លេន​នេះ​។ គោលបំណង​ត្រូវបាន​អ្នកគ្រប់គ្រង បញ្ជាក់ថា ជា​ផ្នែក​មួយ ដើម្បី​ពង្រឹង​ការងារ​អភិរក្ស ជាពិសេស​នោះ ដើម្បី​តប​តាម​ការឆ្លើយតប​របស់ គណកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា ICC Angkor ក្នុង​កិច្ចប្រជុំ​របស់ខ្លួន​កាលពីដើម​ខែមិថុនា​កន្ល​ង​ទៅ​។​
 
​ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឈាន រដ្ឋា បានបញ្ជាក់​ក្នុង​បទសម្ភាសន៍​តាម​ទូរ​សព្ទ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា ការបន្ថែម​រោង​ឆ្មាំ​ចំនួន​២​កន្លែង​ទៀត​នេះ ព្រោះថា​កន្លងមក​រោង​ឆ្មាំ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​មានតែ​មួយកន្លែង​ប៉ុណ្ណោះ​។ លោក​បន្តថា ការបន្ថែម​រោង​ឆ្មាំ​នេះ ដើម្បី​បង្កើន​ប្រសិទ្ធិភាព​លើ​ការងារ​អភិរក្ស​លាន​ដ្ឋា​ន​បុរាណ​ទាំងអស់ ដែលមាន​នៅលើ​ភ្នំ​គូ​លេន​។ 
 
​សេចក្តីសម្រេច​របស់រ​ដ្ឋា​ភិ​បាល​នាពេល​កន្លងមក បានសម្រេច​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា មាន​សិទ្ធិ​គ្រប់គ្រង​លាន​ដ្ឋា​ន​បុរាណ​ទាំងអស់ ដែលមាន​នៅក្នុង​ខេត្តសៀមរាប​។ សម្រាប់​នៅឡើយ​ភ្នំ​គូ​លេន​ក៏​ដូចគ្នា គឺ​លាន​ដ្ឋា​ន​បុរាណ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​ការងារ​ព្រៃឈើ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន​។ «​ខាង​បរិស្ថាន​គេ​មាន​លាន​ដ្ឋា​ន​របស់គេ​ដាច់ដោយឡែក ហើយ​យើង​មាន​រោង​ឆ្មាំ​របស់​យើង​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក ឈាន រដ្ឋា​។​
 
​ការពង្រឹង​ការងារ​អភិរក្ស​នេះ  អាច​ថា​កន្លងមក​មាន​មនុស្ស​មួយចំនួន បាន​ចូលទៅ​តាំងទី​ខុសច្បាប់ នៅ​ទីនោះ​ផង​។ តាម​ការបញ្ជាក់​របស់​លោក ឈាន រដ្ឋា កន្លងមក​ធ្លាប់មាន​តាបស​ខិល​ខួច លូច​ចូលទៅ​តំបន់​ទាំងនោះ តែ​ការ​ស្នាក់នៅ​គឺមាន​រយៈពេល​ខ្លី​តែប៉ុណ្ណោះ​។ ក្រៅពី​ការងារ​អភិរក្ស អាជ្ញាធរ​ជាតិ​អប្សរា​រួម​និង​ស្ថាប័ន​ពាក់ព័ន្ធ កំពុង​សិក្សា​ពី​លទ្ធភាព​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ទៅកាន់​លាន​ដ្ឋា​ន​បុរាណៗ ដែលមាន​នៅលើ​ភ្នំ​គូ​លេន​ផងដែរ ដើម្បី​ងាយស្រួល​ដល់​ភ្ញៀវទេសចរ ដែល​ចាប់អារម្មណ៍​ទៅនឹង​តំបន់​ទាំងនោះ​។ បច្ចុប្បន្ន មធ្យោបាយ​តែមួយ​មុខ​គាត់​ដើម្បី​ទៅដល់​កន្លែង​ទាំង​នោះបាន គឺ​ម៉ូតូ​។​
 
​គួរ​បញ្ជាក់ថា រោង​ឆ្មាំ​២​កន្លែង​ដែល​គ្រោង​នឹង​សាងសង់​នោះ គឺមាន​ទីតាំង​មួយ​នៅ​តំបន់​ការពារ​ប្រាសាទរោង​ចិន និង នៅ​តំបន់​ការពារ​ស្រះ​ដំរី​។ តាម​ការ​បង្ហើប​ពី​មន្ត្រី​នៃ​ក្រសួងបរិស្ថាន រដ្ឋាភិបាល​គ្រោង​ដកសិទ្ធិ​គ្រប់គ្រង​រមណីយដ្ឋាន​ភ្នំ​គូ​លេន ដែល​បច្ចុប្បន្ន​គឺ​ក្រុមហ៊ុន នគរ​គោកធ្លក របស់​ឧក​ញ្ញ៉ា សៀង ណាំ កំពុង​កាន់កាប់​។ រដ្ឋាភិបាល​នឹង​រៀបចំ​គ្រប់គ្រង​ភ្នំ​គូ​លេន ហើយនឹង​បញ្ច​ប់យក​ថ្លៃ​សំបុត្រ សម្រាប់​ភ្ញៀវទេសចរ​បរទេស​ផងដែរ​៕
 
 
 

Tag:
 អាជ្ញាធរ​អប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com