កីឡាជាតិ
ជាតិ
កីឡាការិនី កែ ឡេង កក់​មេដាយ​មួយទៀត​ហើយ​ឲ្យ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​
06, Nov 2015 , 4:41 pm        
រូបភាព
កីឡាការិនី កែ ឡេង ក្នុងព្រឹត្តិការណ៍ពិភពលោកនៅថៃ។ រូបថត May Ratana
កីឡាការិនី កែ ឡេង ក្នុងព្រឹត្តិការណ៍ពិភពលោកនៅថៃ។ រូបថត May Ratana
ដោយ: រួបរួម
 ​កីឡាការិនី​ប៉េតង់ កែ ឡេង បាន​ឈានទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ប្រកួត Women’s Petanque World Championships លើក​ទី​១៥ នៅក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ បន្ទាប់ពី​បាន​យកឈ្នះ​កីឡាការិនី​កាណាដា Maryse Beregeron ក្នុង​លទ្ធផល ៤០-២១ លើ​វិញ្ញាសា​វាយយក​ពិន្ទុ នា​រសៀល​ថ្ងៃទី​៦ ខែវិច្ឆិកា នេះ​។​

 
​ជ័យជម្នះ​នេះ ក៏​ជាការ​បោះជំហាន​ផងដែ​របស់​អ្នកស្រី កែ ឡេង ក្នុងការ​ឡើងទៅ​កាន់កា​រ​ប្រកួត​ដណ្តើម​ជើងឯក​ពិភពលោក​ពីរលើក​ជាប់​គ្នា បន្ទាប់ពី កីឡាការិនី​កំពូល​កម្ពុជា​រូបនេះ ឈ្នះ​មេដាយមាស​ជា​ប្រវត្តិសាស្ត្រ​ជូន​ជាតិ នា​ការប្រកួត​នៅក្នុង​ទីក្រុង Montauban ប្រទេស​បារាំង កាលពី​ឆ្នាំ​២០១៣ ។​
 
​ក្នុង​ដំណើរ​ឈាន​មកកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ឆ្នាំ​២០១៥ នេះ កីឡាការិនី កែ ឡេង បានបញ្ចប់​ចំណាត់ថ្នាក់​លេខ​៤ ក្នុងចំណោម​កីឡាការិនី​៤១​នាក់ ដោយ​ស្ថិត​នៅក្រោយ​កីឡាការិនី បារាំង ថៃ និង​ម៉ា​ដា​ហ្គា​ស្កា ខណៈ​កីឡាការិនី​កាណាដា អេ​ស្ប៉ា​ញ ទុយ​នេ​ស៊ី និង​ឡាវ ឈរ​ក្នុងចំណោម​ក្រុម​កំពូល​ក្រោយ​ការប្រកួត​ជម្រុះ​លើក​ទី​ពីរ​។​
 
​នៅ​វគ្គ​មួយ​ភាគ​បួន​ផ្តាច់ព្រ័ត្រ កែ ឡេង ត្រូវ​ប៉ះ​ជាមួយ​កីឡាការិនី​កាណាដា Maryse Bergeron ហើយ​ទទួលបាន​ជ័យជម្នះ រហូតដល់ ៤០​ទល់នឹង​២១ ។ សម្រាប់​ការ​ប្រកួតវគ្គ​១/២ កែ ឡេង ត្រូវ​ប៉ះជាមួយ​កីឡាការិនី​បារាំង Audrey Bandiera នាវេលាម៉ោង៩យប់នេះ៕

Tag:
 ប៉េតង់
© រក្សាសិទ្ធិដោយ thmeythmey.com