ជាតិ
សង្គមជាតិ
វៀតណាម​ខុសច្បាប់ ៨​នាក់ ត្រូវបាន​ឃាត់ខ្លួន​នៅ​បឹង​សាឡាង​
06, Nov 2015 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សមត្ថកិច្ច​នាយកដ្ឋាន​ស៊ើប​អ​ង្គេ​ត និង​អនុវត្ត​នីតិវិធី បាន​ឃាត់ខ្លួន​ជនអន្តោប្រវេសន៍​វៀតណាម ចំនួន​៨​នាក់ ស្ថិតក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា​នេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​។​


 
​យោងតាម​ប្រភព​ដដែល ជនជាតិ​វៀត​ណា​ចំនួន​៨ (​ស្រី​៣​នាក់​) ត្រូវបាន​សមត្ថកិច្ច​អន្តោប្រវេសន៍ ឃាត់ខ្លួន​នៅផ្ទះ​១៤ ផ្លូវ​៣៣៦ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។ ក្រោយពី​សមត្ថកិច្ច​សាកសួរ ទើប​ដឹងថា ជនជាតិ​វៀតណាម​ទាំងនោះ បាន​លួច​មក​ស្នាក់នៅ និង​រកស៊ី​ដោយ​ខុសច្បាប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បន្ទាប់មក​ទើប​បញ្ជូន​មកកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។
 
​តាម​ការសាកសួរ​រប​ស់​សមត្ថកិច្ច ជនជាតិ​វៀតណាម​នោះ​គ្មាន​លិខិតឆ្លងដែន និង​ទិដ្ឋាការ​អ្វី​ទាំងអស់ ពោលគឺ​ពួកគេ​ចូលមក​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​តែម្តង​។ បច្ចុប្បន្ន​ពួកគេ​ត្រូវបាន​កម្លាំង​នគរបាល​កសាង​សំណុំ​ឯកសារ បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​កសាង​សំណុំរឿង​ចាត់​បញ្ជូនទៅ​ស្រុកកំណើត​វិញ​។​

​សូមបញ្ជាក់ថា ជនអន្តោប្រវេសន៍​ខុសច្បាប់ ៤៨​ជនជាតិ រួមមាន​ប្រមាណ​ជាង​៣០០០​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​បណ្តេញ​ចេញពី​កម្ពុជា ដោយ​គិត​ត្រឹម​រយៈពេល ១០​ខែ នា​ឆ្នាំ​២០១៥​នេះ​។ ក្នុងចំណោម​ជនអន្តោប្រវេសន៍​ទាំងនោះ មាន​ជនជាតិ​វៀតណាម មាន​ប្រមាណ​ជា ៩០%៕


Tag:
 វៀតណាម​ខុសច្បាប់​
© រក្សាសិទ្ធិដោយ thmeythmey.com