អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកស្រី អ៊ុង​សាន ស៊ូ​ជី នឹងមាន​អំណាច​ធំ​ជាង​ប្រធានាធិបតី​
10, Nov 2015 , 4:49 pm        
រូបភាព
ដោយ:
​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍​សិង្ហ​បុរី Channel NewsAsia លោកស្រី អ៊ុង​សាន ស៊ូ​ជី និយាយថា លោកស្រី​គឺជា​អ្នកបញ្ជា​ប្រធានាធិបតី​ថ្មី ប្រសិនបើ​លោកស្រី​ឈ្នះឆ្នោត​។ លោកស្រី​ថ្លែង​ដូចនេះ ពីព្រោះ​រដ្ឋធម្មនុញ្ញ​ដែល​សរសេរ​ដោយ​ក្រុម​យោធា ហាម​លោកស្រី​ដែលមាន​ស្វាមី​សញ្ជាតិ​បរទេស និង​កូនប្រុស​២​នាក់​កាន់​លិខិតឆ្លងដែន​អង់គ្លេស ក្នុងការ​កាន់តំណែង​ជា​ប្រធានាធិបតី​។​



​ថ្លែង​ទៅកាន់​អ្នកយកព័ត៌មាន​របស់​ទូរទស្សន៍ Channel NewsAsia កាលពី​ម្សិលមិញ មេដឹកនាំ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​បញ្ជាក់ថា ប្រធានាធិបតី​តែងតាំង​ថ្មី​នឹងមិន​មានអំណាច​អ្វី​ឡើយ ប្រសិនបើ​គណបក្ស​លោកស្រី​អាចបង្កើត​រដ្ឋាភិបាល​បាន​។ ជាមួយគ្នា​នោះ លោកស្រី ស៊ូ​ជី បន្ថែមថា ការតែងតាំង​ប្រធានាធិបតី​ថ្មី គឺ​គ្រាន់តែ​បំពេញ​តាម​លក្ខខណ្ឌ​របស់​រដ្ឋ​ធម្មនុញ្ញ​តែប៉ុណ្ណោះ​។  

​សូម​រម្លឹក​ផងដែរ​ថា នៅ​មុនពេល​បោះឆ្នោត​ថ្ងៃទី​៨ លោកស្រី ស៊ូ​ជី និយាយថា លោកស្រី​នឹងមាន​តំណែង​ធំ​ជាង​ប្រធានាធិបតី​។ ហើយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ទៀត លោកស្រី​ក៏បាន​បញ្ជាក់​ឡើងវិញ​ថា លោកស្រី​នឹងធ្វើ​ជា​អ្នកចង្អុល​ផ្លូវ​សម្រាប់​ប្រធានាធិបតី​ថ្មី ប្រសិនបើ​បក្សប្រឆាំង​ឈ្នះឆ្នោត​។

​លើសពីនេះទៅទៀត មេដឹកនាំ​បក្សប្រឆាំង​រូបនេះ​សង្កត់ធ្ងន់ថា ប្រធានាធិបតី​ថ្មី នឹង​ទទួល​រាល់​ការណែនាំ​ពី​លោកស្រី ពីព្រោះ​លោកស្រី​ជា​មេដឹកនាំ​គណបក្ស​។ ម្យ៉ាងទៀត វា​នឹងមិន​ប៉ះពាល់​ដល់​ដំណើរការ​របស់​រដ្ឋាភិបាល​នោះទេ​។​

​កាលពី​ថ្ងៃអាទិត្យ​ទី​៨ ខែ​វិ​ច្ឆ​កា ប្រជាជន​មី​យ៉ាន់​ម៉ា​ប្រមាណ​៣០​លាន​នាក់​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​។ គណបក្សប្រឆាំង​ត្រូវការ​សំឡេង​៦៧​ភាគរយ​នៃ​កៅអី​ក្នុង​សភាជាតិ ដើម្បី​បង្កើត​រដ្ឋាភិបាល​ដោយ​ខ្លួនឯង​និង​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​។ មកដល់ពេលនេះ គេ​មិនទាន់​ដឹងថា ឥស្សរជន​ណា​នោះឡើយ​ដែល​ត្រូវ​ទទួល​ការតែងតាំង​ជា​ប្រធានាធិបតី​៕


Tag:
 មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com